សិល្បៈខ្មែរអមតៈ មានសោមនស្សក្នុងការប្រកាសអំពី «មូលនិធិជឿនលឿន» ឆ្នាំ ២០២៥ ។ កម្មវិធីរយៈពេល ១ ឆ្នាំកន្លះនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយគាំទ្រដល់សិល្បករពាក់កណ្តាលអាជីព និងប្រតិបត្តិករច្នៃប្រតិដ្ឋ តាមរយៈកម្មវិធីដែលផ្តោតលើការផ្តល់ការណែនាំ និងប្រឹក្សាយោបល់ដ៏មានតម្លៃមួយ ។ មូលនិធិនេះមានបំណងជួយពង្រឹងការអនុវត្តសិល្បៈ(ឧ. តាមរយៈការជំរុញឱ្យសិល្បករហ៊ានសាកល្បងហានិភ័យថ្មីដោយប្រើប្រាស់សម្ភារៈថ្មីៗ)និងការអភិវឌ្ឍអាជីព (ឧ. ជំរុញសិល្បករឱ្យឆ្លុះបញ្ចាំងលើការអនុវត្តសិល្បៈនិងការសម្រេចចិត្តរបស់ខ្លួន) ដែលជាកត្តាជួយផ្តល់ជាប្រយោជន៍ដល់ការអភិវឌ្ឍអាជីពរបស់ពួកគេ ។ យើងសូមលើកទឹកដល់បេក្ខជនឱ្យចាត់ទុកមូលនិធិនេះជាឱកាសមួយក្នុងការបង្កើតស្នាដៃថ្មី សាកល្បងហានិភ័យថ្មីហើយបង្កើតស្នាដៃតាមវិធីសាស្ត្រថ្មីៗ ដើម្បីឈានទៅចាប់យកទាក់ទាញទស្សនិកជនថ្មីៗផងដែរ ។
បង្កើតនៅក្នុងឆ្នាំ ២០២២ នេះជាឆ្នាំទី ៣ ហើយដែលកម្មវិធីបានធ្វើកំណែទម្រង់ដោយផ្លាស់ប្តូរពី វិធីសាស្ត្រផ្តោតលើគម្រោង មកជា វិធីសាស្ត្រផ្តោតលើការប្រឹក្សាយោបល់វិញ ដោយប្រើគម្រោងធ្វើជាមធ្យោបាយសម្រាប់ការអភិវឌ្ឍបែបច្នៃប្រតិដ្ឋ ។ នៅក្នុងពាក្យស្នើសុំរបស់អ្នក យើងស្នើឱ្យអ្នកពន្យល់ប្រាប់ថាតើ ការប្រឹក្សាយោបល់ នឹងជួយឱ្យមានការរីកចម្រើនដល់ស្នាដៃច្នៃប្រតិដ្ឋ និងជំនាញវិជ្ជាជីវៈរបស់អ្នកបានយ៉ាងដូចម្តេច អំឡុងពេលអនុវត្តគម្រោងនេះ ។ បេក្ខជន នឹងមានឱកាសអភិវឌ្ឍជំនាញសិល្បៈរបស់ខ្លួន, ឱកាសទទួលបានមតិរិះគន់ស្ថាបនា, និងឱកាសស្វែងរកបច្ចេកទេសថ្មីៗ ក្រោមការណែនាំពីគ្រូប្រឹក្សាយោបល់។
ប្រសិនបើអ្នកកំពុងស្វែងរកឱកាសដើម្បីពង្រឹងការអនុវត្តសិល្បៈនិងអភិវឌ្ឍអាជីពរបស់អ្នក តាមរយៈ ការណែនាំ ប្រឹក្សាយោបល់ មូលនិធិនេះ គឺស័ក្ដិសមបំផុតសម្រាប់អ្នក។ ។ មូលនិធិ «ជឿនលឿន» ឆ្នាំ ២០២៥ នឹងផ្តល់ជូនជ័យលាភីចំនួន មួយកន្លែង ដែលមានចំនួនទឹកប្រាក់សរុបរហូតដល់ ៦,៥០០ ដុល្លារ ដើម្បីគាំទ្រលើផ្នែកសំខាន់ៗចំនួន ៣ដូចខាងក្រោម។
អ្នកទទួលមូលនិធិជឿនលឿនឆ្នាំ ២០២៣
នាក់ សុផល
ចំណងជើងគម្រោង «ក៤»
«ក៤» ជាគម្រោងស្រាវជ្រាវរយៈពេលវែង ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៨ មក ការដំឡើងស្នាដៃលើកដំបូងបានធ្វើឡើងនៅក្នុងខេត្តកំពត និងកែប ដែលផ្តោតទៅលើទឹក ដី និងអត្តសញ្ញាណ។ គម្រោងនេះទទួលបានឥទ្ធិពលពីព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលកើតមានឡើងអំឡុងឆ្នាំ ២០១៧ ពេលដែលទីក្រុងកំពង់សោមទទួលការអភិវឌ្ឍ និងផ្លាស់ប្តូររូបរាងស្ទើតែទាំងស្រុង។
«ក៤» ជាពាក្យកាត់របស់ខេត្តទាំងបួនដែលផ្តើមឡើងដោយអក្សរ «ក» ដូចគ្នាហើយស្ថិតនៅជាប់បណ្តោយមាត់សមុទ្យកម្ពុជា មានដូចជាខេត្ត កំពង់សោម កោះកុង កែប និងកំពត។ ខេត្តទាំងបួននេះជាទីកន្លែងដែលមានសក្កាពលនុភាពទាំងវិស័ឧស្សាហកម្ម និងទេសចរណ៍ វាក៏ជាទីប្រសប់មួយដែលភ្ជាប់ប្រទេសកម្ពុជាទៅកាន់សកលលោកតាមរយៈដែនសមុទ្យដ៏ធំធេង ពោពេញទៅដោយអនុស្សាវរីយ៍ ភាពស្រស់ស្អាត និងធនធានមិនអាចកាត់ថ្លៃបាន ធ្វើអោយតំបន់នេះប្រៀបបាននឹងដង្ហើមរបស់ប្រទេសកម្ពុជាដែលមិនអាចខ្វះបាន។ ដូចច្នេះហើយរាល់ហេតុការណ៍ដែលកើតឡើងនៅតំបន់តទាំងនេះតែងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសកម្ពុជាទាំងមូល។
បើយើងពិនិត្យមើលអោយជិតទៅតាមទីកន្លែងនីមួយៗ យើងនឹងឃើញព្រឹត្តិការណ៍ផ្សេងៗ និងជីវភាពរស់នៅរបស់ប្រជាជានដែលកំពុងតែសំរបទៅតាមរបត់នៃការផ្លាស់ប្តូរ ទាំងអាកាធាតុ និងបច្ចេកវិទ្យា។ តើការផ្លាស់ប្តូរទាំងនេះបានផ្តល់ផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះដល់ប្រជានជន? ហើយតើពួកគាត់ផ្ទាល់ដែលជាអ្នកទទួលឥទ្ធិពលមានមតិយោបល់យ៉ាងណាជុំវិញបញ្ហានេះ? តាមរយៈការធ្វើដំណើរស្រាវជ្រាវ ជជែក អង្កេត ផ្តិតយករូបភាព និងកត់ត្រាសាច់រឿងដែលកើតឡើងនៅតាមសហគមន៍ផ្សេងគ្នា គម្រោងនេះនឹងអាចនាំយកបញ្ហាដែលសហគមន៍បានជួបប្រទះ យកមកបង្ហាញដើម្បីពិចារណា ថ្លឹងថ្លែង និងសាកសល្បងស្វែងរកដំណោះស្រាយរួម។
ស្រ៊ុន រីដា
ចំណងជើងគម្រោង «ទេសភាពថ្មី»
គម្រោងស្នាដៃដែលមានចំណងជើងថា «ទេសភាពថ្មី» នេះគឺធ្វើការបង្កើតស្នាដៃសិល្បៈថ្មី ដែលឆ្លុះបញ្ចាំងអំពីបញ្ហាភាពប្រែប្រួលនៃមជ្ឈដ្ឋានធម្មជាតិ ដែលវាជាផ្នែកយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ជីវិតមនុស្សជាតិ ហើយបានកំពុងទទួលរងការបាត់បង់នូវសោភ័ណភាព ការបាត់អនុភាពរបស់ខ្លួន សេរីភាព ដោយកត្តាមនុស្ស ដូចជាការធ្វើវិវឌ្ឍន៍កម្ម ដោយខ្វះភាពសមាត្រគ្នារវាងការអភិវឌ្ឍ និងការអភិរក្ស ដែលបានបង្កឲ្យមានគ្រោះមហន្តរាយផ្សេងៗ ទំនាក់ទំនងប្រជាសហគមន៍ក្នុងតំបន់ទៅនឹងបរិស្ថានធម្មជាតិ និងការមើលឃើញពីភាពប្រែប្រួលរបស់ធម្មជាតិ ដូចជាសហគមន៍ប្រជាពលរដ្ឋខ្មែរដែលបានកំពុងរស់នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប នៃប្រទេសកម្ពុជា ដែលខ្ញុំយល់ថាវាបានទទួលរងឥទ្ធិពលនៃផលប៉ះពាល់ដែលមានភាពអវិជ្ជមានពីគម្រោងអភិវឌ្ឍកសាងសេដ្ឋកិច្ច រួមផ្សំជាមួយការប្រែប្រួលអាកាសធាតុនៅលើពិភពលោកយើងនេះផងដែរ។ តាមរយៈគម្រោងនេះបង្កើតស្នាដៃសិល្បៈថ្មីនេះ ចង់ឲ្យមហាជនចាប់អារម្មណ៍រៀនសង្កេតពីអ្វីៗ ដែលកំពុងផ្លាស់ប្ដូររូបរាងធម្មជាតិរបស់ខ្លួន ឬបាត់បង់ដោយមានការទទួលរងឥទ្ធិពលពីសកម្មភាពរបស់មនុស្ស ឬដោយកត្តាធម្មជាតិផ្សេងៗ វាបានបង្កើតឡើងជាលំហទេសភាព ឬផ្ទាំងទេសភាពថ្មីមួយឡើង។ គម្រោងនេះក៏ជាការពិភាក្សា ស្រាវជ្រាវ និងការចែករំលែក ជជែកដេញដោលអំពីរឿងរ៉ាវផ្សេងៗ ដែលមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ ចាមួយនឹងទស្សនៈផ្ទាល់ខ្លួនរបស់មនុស្សរស់ក្នុងសហគមន៍ ការបញ្ចេញមតិ ការសម្ដែងអារម្មណ៍អំពីអ្វីមួយដែលបាត់បង់ ឬកំពុងប្រែប្រួលទៅរូបរាងបែបថ្មី។
ហើយគម្រោងនេះ គឺជាការចូលឲ្យកាន់តែស៊ីជម្រៅដើម្បីវាស់ស្ទង់ពីសមត្ថភាពច្នៃប្រតិដ្ឋទៅលើការបង្កើតស្នាដៃសិល្បៈជាមួយសម្ភារៈថ្មី ការសាកល្បងធ្វើជាមួយអ្នកបច្ចេកទេសដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ជំនាញនៃការបង្កើតស្នាដៃសិល្បៈប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ខ្ញុំ ឲ្យកាន់តែសំបូរបែប និងចង់សិក្សាស្វែងយល់បន្តអំពីគម្រោងមួយដែលមានចំណងជើងថា «ឥទ្ធិពល» ធ្វើឡើងកាលពីឆ្នាំ ២០១៩ ដែលបានលើកឡើងអំពីទេសភាពនៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញពីការវិវត្តការប្រែប្រួលនៅក្នុងផ្នែកនគររោបនីយកម្ម និងប្រពៃណីជំនឿរស់នៅប្រចាំថ្ងៃនៃសង្គមជាតិខ្មែរ។ គម្រោង «ទេសភាពថ្មី» ជាគម្រោងមួយដែលខ្ញុំចង់ធ្វើការដកពិសោធន៍ជាមួយរបៀប ក៏ដូចជាបច្ចេកទេសថ្មីបង្កើតស្នាដៃសិល្បៈថ្មីជាប្រភេទសិល្បៈតម្លើងចម្លាក់ (Installation sculpture) រួមបញ្ចូលគ្នាជាមួយបច្ចេកទេសផ្ដិតរូបពីពុម្ភ (Printmaking) និងសិល្បៈគំនូរវិចិត្រកម្ម ដែលជាអ្វីខ្ញុំមិនដែលសាកល្បងពីមុនមក។
អ្នកទទួលមូលនិធិជឿនលឿនឆ្នាំ ២០២២
ជុំវណ្ណ សូដាជីវី (Belle)
ទំរង់សិល្ប៖ រាំ
ឈ្មោះគំរោង៖ របាំនិទាន
អំពីគំរោង៖ របាំរៀបរាប់ពី អំពីមនុស្សឆោត ដែលសាច់រឿងត្រូវបានដកស្រង់ចេញពីសៀវភៅរឿងនិទានខ្មែរ។ គំរោងនេះនឹងត្រូវអនុវត្តនៅទីក្រុងភ្នំពេញ ទាំងការហាត់សម និងការសម្តែង។ គំរោងនេះនឹងត្រូវសម្តែងដោយមានការសហការជាមួយក្រុមសម្តែង SilverBell និងអ្នកជំនាញសិល្បៈផ្សេងទៀត។ គំនិតនៃសាច់រឿងនឹងត្រូវពិព៌ណនាដោយប្រើប្រាស់កាយវិការ។
គឹម ហាក់
ទំរង់សិល្ប៖ រូបថត
ឈ្មោះគំរោង៖ មាតុភូមិជាទីស្រសលាញ់នៃខ្ញុំ
គំរោងនេះត្រូវបានធ្វើឡើងបន្តិចម្តងៗចាប់តាំងពីឆ្នាំ ២០១២។ត្រូវថតទាំងអស់ត្រូវបានថតនៅ២៥ទីតាំង ក្នុងរាជធានីភ្នំពេញ នឹងតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។ដោយសារគំរោងនេះមានរយះពេល១០ឆ្នាំរួចមកហើយ នៅឆ្នាំ២០២២ គឹមហាក់ចង់បញ្ចប់ផ្នែកដែលនៅសេសសល់។ បន្ទាប់មកគាត់នឹងផលិតជាខ្សែភាពយន្ត ថែរក្សាវាទុក។ បន្ទាប់មក លោកនឹងរៀបរាប់អំពីលទ្ធផលនៃរឿងក្នុងរយៈពេល ១០ ឆ្នាំនេះ។ “My Beloved” គឺជាគម្រោងថតរូបដ៏សំខាន់មួយរបស់គាត់សម្រាប់ការបោះពុម្ពជាសៀវភៅរូបថត។
មូលនិធិនេះអាចដំណើរការទៅបានដោយមានការគំាទ្រពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត និង Debra Fram និង Eric Schwartz.