(បិទទទួលពាក្យ) ប្រកាសស្វែងរកអ្នកហាត់ការរចនាកម្មវិធីមហោ​ស្រពសិល្បៈ

អង្គការសិល្បៈខ្មែរអមតៈ សូមប្រកាសស្វែងរកអ្នកហាត់ការជាយុវជនចំនួន ៤ នាក់ ដែលមានចំណាប់អារម្មណ៍​ចង់ទទួលបានបទពិសោធន៍ និងចំណេះដឹងអំពីដំណើរការ និងការរចនាកម្មវិធីមហោ​ស្រពសិល្បៈ ។ យុវជនដែលជ័យលាភីនឹងតម្រូវឱ្យធ្វើការងារជាក្រុមរចនាកម្មវិធីមហោស្រពរយៈពេលបីថ្ងៃមួយឈ្មោះថា «មហោស្រពអមតៈ» ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុង ខែធ្នូ ឆ្នាំ ២០២៣  ដោយមានការជួយជ្រោមជ្រែង និងពន្យល់បង្ហាញពីអ្នកសម្របសម្រួលដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការរៀបចំកម្មវិធីមហោស្រព។ លើសពីនេះទៅទៀត យុវជនជ័យលាភីចំនួនបួនរូបនឹងទទួលបានការឧបត្ថម្ភថវិកាចំនួន​៥០០​ដុល្លារផងដែរ​។

កាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យ គឺនៅ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ត្រឹមវេលាម៉ោង១២យប់។ សម្រាប់ព័ត៌មានលម្អិត សូមទាក់មកកាន់លោក សុង សេង តាមរយៈលេខទូរស័ព្ទឬតេឡេក្រាម៖ +855 12 583 891 ឬអ៊ីមែល seng@cambodianlivingarts.org

អ្នកហាត់ការរចនាកម្មវិធីមហោស្រពសិល្បៈ ២០២៣


អ៊ុក លីគួយយូ

គួយយូ ជានិស្សិតឆ្នាំទីពីរនៅវិទ្យស្ថានភាសាបរទេសនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រៅពីការសិក្សា លីគួយយូធ្វើការជាគូ្រជំនួយការនៅ Rainbow Clay Art ដោយនាងទទួលខុសត្រូវលើការងារមួយចំនួនដូចជា៖ បង្រៀន និងណែនាំសិស្សអំពីសិល្បៈនៃការបង្កើតសម្ភារៈចេញពីដីឥដ្ឋ ហើយជំរុញឱ្យសិស្សរបស់នាងផលិត និងបង្ហាញស្នាដៃទីតាមភាពច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក៏ដូចជាបណ្តុះនូវទម្លាប់ទទួលខុសត្រូវការងារក្នុងថ្នាក់ផងដែរ។ គួយយូចូលចិត្តការងារស្ម័គ្រចិត្ត ព្រោះវាជាផ្នែកមួយនៃអភិវឌ្ឍជំនាញសង្គមរបស់នាង។ តាមរយៈឱកាសក្លាយជាអ្នករចនាមហោស្រពសិល្បៈអមតៈ នាងសង្ឃឹមថា នាងអាចឈ្វេងយល់បន្ថែមពីអំពីសិល្បៈ ដំណើរការរៀបចំមហោស្រព ក៏ដូចជាអាចកសាងបណ្តាញជាមួយធនធានមនុស្សក្នុងវិស័យសិល្បៈផងដែរ។

សុទ្ធ​ ពៅសំណាង

សំណាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញបុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ២០១៩។ ចាប់តាំងពីពេលស្គាល់ និងហ៊ានទទួលស្គាល់ខ្លួនឯងថាជាអ្នកស្រឡាញ់ភេទដូចគ្នាមក សំណាងបានចូលរួមធ្វើសកម្មភាពស្ម័គ្រចិត្តជាច្រើនជាមួយស្ថាប័នអង្គការសង្គមស៊ីវិលក្នុងស្រុក និងក្នុងតំបន់ ក្រុមបណ្ដាញយុវជន គម្រោងនានា ដើម្បីលើកកម្ពស់ និងបញ្រ្ជាបការយល់ដឹងពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាឲ្យបានកាន់តែទូលំទូលាយនៅក្នុងសង្គមកម្ពុជា ក៏ដូចជាក្នុងតំបន់។ សម្រាប់ឱកាសថ្មីនេះ សំណាងសង្ឃឹមថានឹងទទួលបាននូវចំណេះនានាស្ដីពីទ្រឹស្ដី វិធីសាស្រ្ដ និងរបៀបផ្សេងៗក្នុងការដោះស្រាយបញ្ហានៅពេលដែរចនាកម្មវិធីមហោស្រពសិល្បៈ ជាពិសេស រចនាកម្មវិធីមហោស្រពសិល្បៈមួយដ៏ល្អឆ្លើយតបនឹងស្ថានភាព និងបញ្ហាប្រឈមដែលសង្គមកំពុងជួបប្រទះ។ សំណាងជឿថា ភាពចម្រុះ បរិយាប័ន្នសង្គម គឺជាចំណែកយ៉ាងធំធេងដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពគ្រប់ជ្រុងជ្រោយ។

ឃឿន​ កំសត់

លោក កំសត់ មានដើមកំណើតក្នុងខេត្តសៀមរាប ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសង្គមកិច្ចវិទ្យាពីវិទ្យាស្ថានមួយក្នងទីក្រុងភ្នំពេញ ។ លោកចាប់ផ្តើមធ្វើការជាមួយកុមារ និងក្រុមយុវជនជនជាតិដើម លើគម្រោងមួយចំនួនដូចជាសុខុមាលភាពកុមារ និងការលើកកម្ពស់ការសិក្សាររបស់យុវវ័យ​ រួមមាន៖ ការប្រឹក្សាយោបល់ ការបើកវគ្គកសាងសមត្ថភាព ការចុះផ្សព្វផ្សាយ ការសម្តែងរឿងអប់រំខ្លី និងការធ្វើយុទ្ធនាការជាដើម ។ លោក កំសត់ ចូលចិត្តសរសេររឿងខ្លីៗ និងកំណាព្យ ដើម្បីបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួនចំពោះតថភាពសង្គមដែលខ្លួនជួបប្រទះ និងអំពីបទពិសោធន៍ផ្សេងៗដែលខ្លួនធ្លាប់ឆ្លងកាត់ ។ ក្នុងពេលទំនេរ លោកចូលចិត្តគូរគំនូរ រចនាអាហ៊្វីស (poster) និងវីដេអូខ្លីៗអំពីកម្មវិធីសង្គម ឬដំណើរកម្សាន្តផ្ទាល់ខ្លួនផងដែរ។ កំសត់រំពឹងថា មហោស្រពអមតៈនឹងជាវេទិកាមួយដែលអាចឱ្យលោកស្វែងយល់យ៉ាងលម្អិតអំពីដំណើរការមហោស្រព ដំណើរការស្រាវជ្រាវ កសាងបណ្តាញជាមួយក្រុមការងារថ្មី ក៏ដូចជាបញ្ចេញគំនិត និងមតិយោបល់ផ្ទាល់ខ្លួនដើម្បីធ្វើឱ្យមហោស្រពកាន់តែប្រសើរឡើង ។

មាឃ​ បុប្ផារតនៈ

កញ្ញា បុប្ផារតនៈ ជានិស្សិតមួយរូបកំពុងសិក្សាជំនាញតុបតែងលម្អស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយកន្លែងផង។ ក្រៅពីនេះ បុប្ផារតនៈក៏ធ្លាប់ចូលរួមស្ម័គ្រចិត្តយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីផ្សេងៗ ​ដើម្បីលើកស្ទួយសហគមន៍កសិកម្មរីករាយបឹងទំពន់ ។ ការងារស្ម័គ្រចិត្តទាំងនេះ បានផ្តល់បទពិសោធន៍ជាច្រើនដល់រូបគាត់ ដូចជា ការសរសេរសំណើ និងការគ្រប់គ្រងថវិកា ការធ្វើការងារជាក្រុម និងការសម្របសម្រួលការងារក្នុងសហគមន៍ ។ ទោះជាមិនធ្លាប់មានបទពិសោធក្នុងការងារសិល្បៈក៏ដោយ ប៉ុន្តែបុប្ផារតនៈនៅចាប់អារម្មណ៍ មានជំនឿលើសិល្បៈក្នុងការដើរតួនាទីឆ្លុះបញ្ចាំងអំពីតថភាពសង្គម។ តាមរយៈឱកាសនេះ​ បុប្ផារតនៈសង្ឃឹមថា គាត់អាចជាចំណែកមួយដែលជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើន។


រៀបចំដោយ៖

ផ្ដល់មូលនិធិដោយ៖


តាមដានព័ត៌មាន៖