ចូលរួមសិក្ខាសាលាស្តីពី «ការសរសេរដំឡើងស្នាដៃរបាំ» នៃគម្រោងចតុ
ព័ត៌មានទូទៅអំពីសិក្ខាសាលាសរសេរដំឡើងស្នាដៃរបាំនៃគម្រោង«ចតុ»
សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោងចតុដែលផ្តល់មូលនិធិដោយវិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីលើកស្ទួយឧស្សាហកម្មច្នៃប្រតិដ្ឋនិងវប្បធម៌នៅកម្ពុជា។ ដោយផ្ដោតជាពិសេសលើការសរសេរ គម្រោងនេះមានគោលបំណងផ្ដល់ឱកាសដល់អ្នកមានទេពកោសល្យជាជនជាតិកម្ពុជាដែលទើបប្រឡូកនៅក្នុងវិស័យ៤ (ភាពយន្ត សៀវភៅ របាំនិងតន្ត្រី) ដោយសហការជាដៃគូជាមួយផលិតកម្មភាពយន្ត
Anti-Archive, អង្គការស៊ីប៉ា , អង្គការសិល្បៈខ្មែរអមតៈ និងផលិតកម្មកងចក្រ។
សិក្ខាសាលានេះបែងចែកជាពីរវគ្គ ៖ Masterclass សម្រាប់អ្នកសរសេរដំឡើងរបាំរៀមច្បង (ថ្ងៃ១០-១៦ កុម្ភៈ ២០២៥) និងការបណ្ដុះបណ្ដាលអ្នកសរសេរដំឡើងរបាំវ័យក្មេង (ថ្ងៃ២១-២៣ និងថ្ងៃ២៨-៣០ មីនា ២០២៥)។គោលបំណងសំខាន់នៃការបណ្ដុះបណ្ដាលអ្នកសរសេរដំឡើងរបាំវ័យក្មេងនេះគឺដើម្បីចាក់គ្រឹះមូលដ្ឋានក្នុងការសរសេរដំឡើងស្នាដៃរបាំនិងផ្ដល់ឱកាសឱ្យអ្នកសរសេរដំឡើងស្នាដៃរបាំវ័យក្មេងបានអនុវត្តផ្ទាល់តែម្ដង។ សិក្ខាកាមដែលត្រូវបានជ្រើសរើសក៏ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយពេលវេលានិងការចូលរួមរបស់ពួកគេផងដែរ។
កម្មវិធីនឹងផ្ដល់ឱកាសដល់អ្នកសរសេរដំឡើងស្នាដៃរបាំវ័យក្មេង/អ្នកទើបចូលប្រឡូកក្នុងវិស័យនេះចំនួន១២រូប ដើម្បីចូលរួមការបណ្ដុះបណ្ដាលដ៏តឹងរ៉ឹងដែលមានរយៈពេល៣៦ម៉ោង ដឹកនាំដោយគ្រូរបាំសហសម័យជនជាតិបារាំងដ៏ល្បីម្នាក់ គឺលោកស្រី អែមម៉ានុយអែល ភួន (Emmanuèle Phuon)។
សិក្ខាសាលាចែកចេញជាបីដំណាក់កាលសំខាន់ៗ៖
- ដំណាក់កាលទី១ – ការបណ្ដុះបណ្ដាល ៖ សិក្ខាកាមនឹងចូលរួមការបណ្ដុះបណ្ដាលពីថ្ងៃ២១-២៣ និងពីថ្ងៃ២៨-៣០ មីនា ២០២៥ ដែលផ្ដោតលើមូលដ្ឋានគ្រឹះនៃការសរសេរដំឡើងស្នាដៃរបាំ។ ការបណ្ដុះបណ្ដាលនេះរួមមានទាំងសកម្មភាពនៅក្នុងថ្នាក់ ការដាក់ការងារឱ្យអាន និងការឱ្យមើលវីដេអូនៅមុននិងអំឡុងពេលនៃការបណ្ដុះបណ្ដាល។ ការបណ្ដុះបណ្ដាលនឹងធ្វើឡើងជាភាសាអង់គ្លេស និងមានបកប្រែជាភាសាខ្មែរ។
- ដំណាក់កាលទី២ – ការបង្ហាញគម្រោង ៖ ក្រោយការបណ្ដុះបណ្ដាល សិក្ខាកាមនឹងមានឱកាសទទួលបានការណែនាំដ៏មានន័យលើស្នាដៃដំឡើងរបាំរបស់ពួកគេ។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រុមគណៈកម្មការជំនាញថ្នាក់ជាតិនិងថ្នាក់តំបន់នឹងផ្ដល់មតិយោបល់ផ្សេងៗនៅពេលសិក្ខាកាមឡើងបង្ហាញគម្រោងរៀងៗខ្លួន។ ផ្អែកលើការផ្ដល់មតិយោបល់របស់គណៈកម្មការ អ្នកសរសេរដំឡើងស្នាដៃរបាំវ័យក្មេងរហូតដល់៥រូបនឹងត្រូវជ្រើសរើសនិងទទួលបានកញ្ចប់ថវិកា ដើម្បីនាំយកស្នាដៃខ្នាតខ្លីទាំងនេះទៅដំណើរការផលិតចេញជាស្នាដៃសិល្បៈពេញលេញ។
- ដំណាក់កាលទី៣ – ការសម្ដែង ៖ សិក្ខាកាមដែលទទួលបានថវិកាដើម្បីដំណើរការផលិតស្នាដៃ នឹងបង្ហាញស្នាដៃរបស់ពួកគេជាសាធារណៈនៅថ្ងៃទី ០៣ និងទី ០៤ ខែតុលា ឆ្នាំ២០២៥។
