
សាំង សុខសេរី
គឺជាអ្នកត្រួសត្រាយផ្លូវ សិល្បករ ហ៊ីបហប អ្នកនិពន្ធបទចម្រៀង អ្នកបង្កើតមាតិកា និងជាសិល្បៈករដ៏មានឥទ្ធិពលក្នុងប្រទេសកម្ពុជា។ ការងាររបស់នាងលេចធ្លោចេញពីបទចម្រៀងហ៊ីបហប ភាគច្រើនក្នុងប្រទេស ដោយនាងប្រើប្រាស់ចម្រៀងជាអាវុធស្វែងយុត្តិធម៌សង្គម តាមរយៈបទចម្រៀងល្បីៗជាច្រើនរបស់នាង ។ ភាពច្នៃប្រឌិតរបស់ សេរី ក្នុងការនិពន្ធបទចម្រៀង និង RapNews បានធ្វើឱ្យនាងទទួលបានអ្នកគាំទ្រយ៉ាងខ្លាំង និងទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងបញ្ហាវិសមភាព ដល់អ្នកគាំទ្រវ័យក្មេងរបស់នាង ដែលលើកទឹកចិត្ត បំផុសគំនិត ជំរុញឱ្យពួកគេមានភាពច្នៃប្រឌិតជាខ្លួនឯង ហើយគិតបែបវិជ្ជមាន។ ជាលទ្ធផល នាងបានសហការជាមួយសកម្មជនវ័យក្មេងកម្ពុជា និងអង្គការអភិវឌ្ឍន៍អន្តរជាតិ រួមមាន Action Aid និង UNICEF។ នាងមានភាពសកម្មក្នុងការរៀបចំអនាគតវប្បធម៌នៃប្រទេសកម្ពុជា ក្នុងនាមជាសមាជិកនៃមជ្ឈមណ្ឌលវប្បធម៌មេគង្គ និង CICADA (សមាគមឧស្សាហកម្មច្នៃប្រឌិតកម្ពុជាសម្រាប់ការអភិវឌ្ឍ និងការតស៊ូមតិ)។
គម្រោង៖ រ៉េបព័ត៌មាន “RapNews”
RapNews គឺជាការលាយបញ្ចូលគ្នាដ៏ពេញនិយមនៃការអប់រំ និង ការកម្សាន្តដែលផ្តល់ពត៌មាន ដល់ទស្សនិកជនកម្ពុជាយ៉ាងទូលំទូលាយ តាមរយៈ តន្ត្រីដ៏ពេញនិយមបំផុតក្នុងប្រទេសកម្ពុជា។
ដោយប្រើប្រាស់ការរ៉េបព័ត៌មានជាមាតិកា RapNews ជាការច្នៃប្រឌិតព័ត៌មានផ្សេងៗសង្ខេបខ្លី មានអត្ថន័យ រណ្តុំចុងជួន ចំណេះដឹង ការផ្សព្វផ្សាយ តាមរយៈសិល្បៈតន្រ្តីរ៉េប។ ការរ៉េបព័ត៌មានអាចជំនួសឱ្យការអាន ឬនិយាយព័ត៌មានដែលទូទៅយើងធ្លាប់បានឃើញក្នុងការផ្សព្វផ្សាយពត៌មានផ្សេងៗកន្លងមក។
ដើមឡើយ នាងបានចាប់ផ្តើមដោយការសហការជាមួយភ្នំពេញប៉ុស្តិ៍ក្នុងឆ្នាំ 2017 ក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយទំព័រហ្វេសប៊ុក PPP បានកើនឡើងអ្នកតាមដានដល់ 60,000+ ។
ឥឡូវនេះ ផែនការរបស់នាង គឺចាប់ផ្តើមវាជាគម្រោងឯករាជ្យ ដោយជ្រើសរើសក្រុមការងារស្រាវជ្រាវបង្កើតចង្វាក់ និពន្ធទំនុកច្រៀង ថតសំឡេង (Music Studio) លាយ និង ថតវីដេអូ (Shooting Video Studio) កែសម្រួលចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ឃឿត សុជា
ជាកូនកសិករមួយរូបនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ នាងខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ ២០១៤ និងបានទទួលអាហារូបករណ៍ពីអង្គការក្នុងស្រុកមួយ ដើម្បីរៀនបន្ដនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជាសាខាខេត្តសៀមរាប ជំនាញទំនាក់ទំនងអន្ដរជាតិ។ នៅខែឧសភា ឆ្នាំ ២០១៨ នាងខ្ញុំត្រូវបានអង្គការសិល្បៈខ្មែរអមតៈ ជ្រើសរើសក្នុងតួនាទីជាអ្នកសម្របសម្រួលគម្រោងសិល្បៈរបស់មជ្ឈមណ្ឌលបេតិភណ្ឌ រហូតដល់ខែមេសា ឆ្នាំ ២០២០ ។ នៅក្នុងឆ្នាំ ២០១៩ នាងខ្ញុំត្រូវបានគេជ្រើសរើសឱ្យទៅចូលរួមក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ (Young South East Asia Leadership Fellow) នៅសហរដ្ឋអាមេរិក រយៈពេល ៥ សប្ដាហ៍។ បន្ទាប់ពីមកពីសហរដ្ឋអាមេរិកវិញ នាងខ្ញុំក៏បានចូលរួមជួយការងារនៅក្នុងគម្រោងស្រាវជ្រាវអង្កួចជាមួយនាយកមជ្ឈមណ្ឌលបេតិកភណ្ឌ ដែលមានការដឹកនាំដោយ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យហ្គ្រីដហ្វីដ (Griffith University) នៃប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះដែរ នាងខ្ញុំក៏បង្កើតកម្មវិធីមួយឈ្មោះ វេទិកាសុបិន ដែលជាវេទិកាមួយសម្រាប់អ្នកជោគជ័យក្នុងវិស័យនានាមកចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់យុវជន ជាពិសេសវិស័យសិល្បៈនិងវប្បធម៌។ សព្វថ្ងៃ នាងខ្ញុំធ្វើការនៅអង្គការមួយក្នុងខេត្តសៀមរាប ក្នុងតួនាទីជាអ្នកសម្របសម្រួលគម្រោងកាន់ការងារជាអ្នកសម្របសម្រួលកម្មវិធីអាហារូបករណ៍ថ្នាក់វិទ្យាល័យ និងចូលរួមជាអ្នកស្ម័គ្រចិត្តជាមួយ វិញ្ញត្តិវប្បធម៌កម្ពុជា ។
គម្រោង «សិក្ខាសាលាស្តីការបង្រៀនធ្វើ និងផ្ទាត់អង្កួចដែក»
សិក្ខាសាលាស្តីពីការបង្រៀនធ្វើនិងផ្ទាត់អង្កួចដែក គឺជាគម្រោងមួយ បង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះឧបករណ៍តន្ត្រី «អង្កួចដែក»ឱ្យមានជីវិតរស់ឡើងវិញនៅលើទឹកដីកម្ពុជា តាមរយៈការបង្រៀនធ្វើនិងផ្ទាត់អង្កួចដែក និងតាមរយៈការផ្សព្វផ្សាយពីសកម្មភាពបង្រៀននៅលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យកូនខ្មែរបានឃើញ និងស្គាល់អង្គួចដែក។ ជាក្ដីរំពឹងទុក នៅចុងបញ្ចប់នៃគម្រោងនេះ នឹងមានអ្នកចេះធ្វើឧបករណ៍អង្កួចចំនួន ២ ទៅ ៣ នាក់ និងអ្នកចេះផ្ទាត់អង្កួចដែកចំនួន ២ ទៅ ៣ នាក់ ដែលអាចបង្រៀនបន្តទៅដល់អ្នកដទៃទៀតនៅក្នុងតំបន់ ឬសហគមន៍របស់ខ្លួន ជាពិសេសសហគមន៍ជនជាតិកួយ ។

អ៊ុំ ប៊ុនថន
ជាអ្នកសម្របសម្រួលរបាំសហគមន៍ជនជាតិដើមភាគតិចកួយហៃ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយសារការបោះឆ្នោត ខ្ញុំបានជាប់ជាប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ ដើម្បីសម្របសម្រួលលើកម្មវិធីស្វ័យអត្តសញ្ញាណជនជាតិដើម។ កន្លងមក ខ្ញុំបានសរសេរពាក្យស្នើសុំគម្រោងថវិកាមួយចំនួន ដើម្បីរៀបចំទិវាជនជាតិដើមភាគតិច ក្នុងគោលបំណងលើកស្ទួយវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ ក្រៅពីនោះ ក្នុងនាមជាអ្នកសម្របសម្រួលរបាំសហគមន៍ ខ្ញុំតែងកៀងគរចាស់ទុំនៅភូមិវាលវែងឱ្យបន្តបង្ហាត់បង្រៀនទម្រង់សិល្បៈកួយទៅកាន់យុវជនជំនាន់ក្រោយ នៅទីតាំងសាលាឆទានក្នុងសហគមន៍យើង។ ខ្ញុំពិតជាចង់ឃើញ ទម្រង់សិល្បៈទាំងអស់របស់ជនជាតិកួយ ជាពិសេសទម្រង់សិល្បៈយីកេ មានប្រជាប្រិយភាពឡើងវិញ និងបន្តរស់រានសម្រាប់យុវជនជំនាន់ក្រោយ។
គម្រោង «ការលើកកម្ពស់យីកេសហគមន៍ជនជាតិដើមភាគតិចកួយឱ្យរស់ឡើងវិញ»
ភូមិវាលវែងមានទីតាំងសិ្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ភូមិនេះជាភូមិដែលមានជនជាតិដើមកួយរស់នៅជាយូរលង់មកហើយ។ លើសពីនេះទៅទៀត ភូមិនេះធ្លាប់មានទម្រង់សិល្បៈសម្តែងល្ខោនយីកេអស់រយៈពេល៤ទសវត្សរ៍មកហើយដែរ ប៉ុន្តែក្រោយមក ទម្រង់សិល្បៈមួយនេះបានបាត់បង់បន្តិចៗម្តង ជាហេតុដែលជំរុញឱ្យខ្ញុំផ្តួចផ្តើមគម្រោងនេះឡើង ដើម្បីកៀងគរចាស់ទុំដែលចេះជំនាញនេះ មកបង្ហាត់បង្រៀនដល់ក្មេងជំនាន់ក្រោយឡើងវិញ។ ក្រោមមូលនិធិ «ដាំដុះ» ពួកយើងនឹងជួបជុំគ្នា ដើម្បីហាត់សមរឿងចំនួនពីរគឺ រឿងព្រះលក្សិណវង្ស និងរឿង ផ្ការាំ ទឹកនាំ។ នៅពេលដែលយើងហាត់សមរឿងនេះចេះសព្វគ្រប់ យើងនឹងរៀបចំការសម្តែងរឿងនេះចំនួនពីរលើកសម្រាប់ប្រជាសហគមន៍ដែលរស់នៅក្នុងភូមិវាលវែង ដើម្បីឱ្យពួកគាត់អាចចូលរួមទស្សនាដោយសេរី។

ប៉ោយ ឈុនលី
បច្ចុប្បន្ន ឈុនលីកំពុងធ្វើការនៅស្ទូឌីយោផ្ទាល់ខ្លួនតូចមួយ ឈ្មោះថា «ប៉ោយស្ទូឌីយោ» (POY Studio) ដែលទទួលផលិតភាពយន្តគំនូរជីវចល ភាពយន្ត គំនូរ ចម្លាក់ និងជាគ្រូបង្រៀនក្រៅម៉ោងនៅសកលវិទ្យាល័យបាត់ដំបង (NUBB) ផ្នែកគំនូរ (Drawing) និង គំនូរបែបសិល្បៈ (Concept Art) ។ ចំណែកនៅចុងសប្តាហ៍ រយៈពេល ២ ឆ្នាំកន្លងមកនេះ លោកបានអនុវត្តគម្រោងមួយលើជំនាញតែងនិពន្ធប្រលោមលោក និង អត្ថបទភាពយន្តដល់ព្រះសង្ឃ និង យុវជននៅវត្តពោធិវាល។ ហើយថ្មីៗនេះ ឈុនលីកំពុងដំណើរគម្រោង ART Tour មួយដែលមានសិល្បករជាច្រើនរូបជាសមាជិក ដោយនោះជាគម្រោងមួយដែលលើកកម្ពស់ និងផ្សព្វផ្សាយវិស្ស័យសិល្បៈកាន់តែទូលំទូលាយ។ លោកក៏ជាអ្នករៀបចំមហោស្រពសិល្បៈតាមដងផ្លូវ ជំនោរ-Art ជាព្រឹត្តិការណ៍ដែលកើតមានឡើងជាប្រចាំឆ្នាំ។
គម្រោង «មហោស្រពសិល្បៈតាមផ្លូវ ជំនោរ-Art»
គម្រោងនេះបង្កើតឡើងក្នុងគោលបំណងចង់ឃើញការផ្លាស់ប្តូរធំៗមួយចំនួនអំពីទស្សនៈ ពោលគឺផ្នត់គំនិតពីសំណាក់មហាជនមកលើវិស័យសិល្បៈរវាង៤០ឆ្នាំមុន និងពេលបច្ចុប្បន្ន ហើយព្យាយាមផ្លាស់ប្តូររបៀបនៃការសម្រេចចិត្ត និងការធ្វើសកម្មភាពរបស់ពួកគាត់តាមរយៈមហោស្រព។ រូបភាព៥យ៉ាងដែលលោកចង់ឃើញក្នុងពេលបច្ចុប្បន្ន និង ទៅថ្ងៃអនាគតគឺ៖ ទីមួយ ការគាំទ្រ និង ការឱ្យតម្លៃសិល្បៈ ទីពីរ សិល្បករមានកិត្តយស មានភាពឯករាជ្យទាំងគំនិត និងជីវភាព ទីបី វិស័យសិល្បៈជាជម្រើសថ្មីរបស់យុវជនជំនាន់ក្រោយដូចមុខរបរផ្សេង ទីបួន សិល្បៈគឺជាប្រធានបទដែលមនុស្សគ្រប់គ្នាលើកយកមកពិភាក្សា ហើយទីប្រាំ គឺចង់ស្នាដៃសិល្បៈ រឺ ការសម្តែសិល្បៈមានតាំងនៅគ្រប់ផ្ទះ និងមានសម្តែងនៅគ្រប់កម្មវិធី។ គម្រោងចាប់ផ្តើមនៅចុងឆ្នាំ២០១៩ នៅតាមដងផ្លូវសាធារណៈ ផ្លូវលេខ ២.៥ ក្នុងក្រុងបាត់ដំបង គឺដើម្បីឱ្យសាធារណជនគ្រប់គ្នាទទួលអារម្មណ៍សេរីភាពពេញលេញ តាមរយៈការចូលរួមដោយមិនប្រកាន់ភេទ មិនប្រកាន់អាយុ និងមិនប្រកាន់វណ្ណៈ។ មហោស្រពនឹងជួយផ្សព្វផ្សាយអំពីសិល្បៈ និង វប្បធម៌របស់ខ្មែរ ក៏ដូចជាការផ្តល់ឱកាសដល់សិល្បករវ័យក្មេងដាក់បង្ហាញស្នាដៃរបស់ខ្លួនដល់អ្នកគាំទ្រ រឺ ជាការជួបគ្នារវាងសិល្បករ និង អ្នកគាំទ្របានជួបពិភាក្សាផ្ទាល់ជាមួយសិល្បករ ការស្វែងយល់ពីគ្នាទៅវិញទៅមកអំពីការរស់នៅក្នុងក្រុង ជុំវិញក្រុង ហើយភ្ញៀវទេសចរណ៍អាចមកមើលការមកទស្សនាការសម្តែង និង ការតាំងបង្ហាញសិល្បៈចម្រុះដែលរួមមាន៖ គំនូរ ចម្លាក់ ល្ខោនបាសាក់ ល្ខោនសហស័ម តន្រ្តី របាំ ភាពយន្ត សៀក។ ល។
គោលបំណងចុងក្រោយនៃមហោស្រព គឺយើងចង់ឃើញបាត់ដំបងក្លាយទៅជាទីផ្សារសិល្បៈធំមួយ រឺជា គោលដៅទេសចរណ៍បែបសិល្បៈថ្មីមួយដែលមានអ្នកគាំទ្រជាតិ និង អន្តរជាតិធ្វើដំណើរពីទីជិតឆ្ងាយ មកទិញបានស្នាដៃសិល្បៈល្អៗនៅក្នុងតម្លៃពិសេសបំផុត សម្រាប់តែរយៈពេល៣ថ្ងៃប៉ុណ្ណោះ។

រម៉ាម ធីម៉ូថេ
ជាជនជាតិដើមភាគតិច និងជាយុវជនស្ម័គ្រចិត្ត នៅក្នុងភូមិប្លរ។ ខ្ញុំបានដឹកនាំយុវជនក្នុងការផ្តួចផ្តើមធ្វើសកម្មភាពផ្សព្វផ្សាយពីវប្បធម៌ អត្តសញ្ញាណ និងបានបង្កើតក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីផលិតបទចម្រៀងជាភាសាចារ៉ាយ និងសកម្មភាពថតរូបបង្ហាញពីសម្លៀកបំពាក់ប្រពៃណី ហើយខ្ញុំបានបង្កើតយូធូបឆាណែល ដើម្បីធ្វើការផ្សព្វផ្សាយទៅដល់សាធារណជនឱ្យបានស្គាល់អំពីភាសា និងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចចារ៉ាយ។
គម្រោង«ការផ្ទេរចំណេះដឹងប្រពៃណីលើឧបករណ៍ភ្លេងបុរាណរបស់ចាស់ទុំក្នុងសហគមន៍ ទៅកាន់អ្នកជំនាន់ក្រោយ»
ការផ្ទេរចំណេះដឹងប្រពៃណី ពីមួយជំនាន់ទៅមួយជំនាន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានានូវការរក្សា វប្បធម៌ ប្រពៃណី អត្តសញ្ញាណ និងចំណេះដឹងពីបុរាណដែលដូនតាបានបន្សល់ទុកឱ្យកូនចៅជំនាន់ ក្រោយ។ តាមរយៈគម្រោងនេះ យើងបានបង្កើតជាទីកន្លែងមួយដែលអនុញ្ញាត្តិឱ្យក្រុមចាស់ទុំ និងយុវជន ដែលមានឆន្ទៈ បានបន្តរនូវក្តីស្រមៃរបស់ពួកគេ ដើម្បីសង្គ្រោះឧបរកណ៍ភ្លេងដែលបាត់បង់ឱ្យរស់រាន្តមានជីវិតឡើងវិញ។ គម្រោងមួយនេះ បានផ្តោតសំខាន់ទៅលើការចងក្រងក្រុមចាស់ទុំ ដើម្បីចែករំលែកចំណេះដឹង និងចងក្រងក្រុមយុវជន ដើម្បីរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងរបស់ពួកគេ ដើម្បីបន្តរវេនក្នុងការអភិរក្ស ផ្សព្វផ្សាយវប្បធម៌ពីចាស់ទុំឡើងវិញ។ គោលបំណងរបស់គម្រោងនេះគឺ ធ្វើយ៉ាងណាឱ្យវប្បធម៌ជនជាតិដើមចារ៉ាយក្លាយជាចំណែកមួយក្នុងការបង្កើតនូវវប្បធម៌ចម្រុះនៅក្នុងប្រទេសកម្ពុជា។