សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោងចតុដែលផ្តល់មូលនិធិដោយវិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីលើកស្ទួយឧស្សាហកម្មច្នៃប្រតិដ្ឋនិងវប្បធម៌នៅកម្ពុជា។ ដោយផ្ដោតជាពិសេសលើការសរសេរ គម្រោងនេះមានគោលបំណងផ្ដល់ឱកាសដល់អ្នកមានទេពកោសល្យជាជនជាតិកម្ពុជាដែលទើបប្រឡូកនៅក្នុងវិស័យ៤ (ភាពយន្ត សៀវភៅ របាំនិងតន្ត្រី) ដោយសហការជាដៃគូជាមួយក្រុមហ៊ុនផលិតកម្មភាពយន្ត Anti-Archive, អង្គការស៊ីប៉ា , អង្គការសិល្បៈខ្មែរអមតៈ និងផលិតកម្មកងចក្រភីកឈ័រ។
គោលបំណងនៃ សិក្ខាសាលាទី១៖ Masterclass សម្រាប់អ្នកដំឡើងក្រឡារបាំរៀមច្បង នេះគឺដើម្បីពង្រឹងសមត្ថភាពសរសេរដំឡើងរបាំរបស់អ្នកដំឡើងក្រឡារាំរៀមច្បង តាមរយៈការពង្រឹងចំណេះដឹងមូលដ្ឋានគ្រឹះរបស់ពួកគេនិងតាមរយៈការផ្ដល់បទពិសោធន៍ថ្មីៗ។ អ្នកចូលរួមនឹងត្រូវបានជ្រើសរើសជាជំនួយការគ្រូបណ្ដុះបណ្ដាលនៅក្នុងសិក្ខាសាលាវគ្គ២។ អ្នកចូលរួមដែលត្រូវបានជ្រើសរើសនឹងទទួលបានប្រាក់ឧបត្ថម្ភសមរម្យផងដែរ។
នៅក្នុងវគ្គ១នេះ យើងនឹងជ្រើសរើសអ្នកចូលរួមចំនួនរហូតដល់៥រូប ដែលត្រូវចូលរួម Masterclass ដឹកនាំដោយលោកហ្វូអាដ៍ ប៊ូស៊ូហ្វ (Fouad Boussouf) នាយកនៃមជ្ឈមណ្ឌល Le Phare CCN Du Havre និងជាគ្រូរបាំសហសម័យដ៏ល្បីនៅប្រទេសបារាំង។ កម្មវិធីផ្ដោតលើការដុះខាត់ជំនាញសរសេរដំឡើងស្នាដៃរបាំរបស់អ្នកចូលរួម និងពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការបង្កើតគំនិត និងបង្កើតស្នាដៃរបាំប្រកបដោយភាពច្នៃប្រតិដ្ឋ។ ចំពោះព័ត៌មានអំពីគ្រូបណ្ដុះបណ្ដាល និងមជ្ឈមណ្ឌល Le Phare CCN Du Havre សូមចុចលើតំណភ្ជាប់នេះ។
Masterclass មានរយៈពេលសរុប៣៦ម៉ោង ដោយក្នុង១ថ្ងៃរៀន៦ម៉ោង៖
- ពេលព្រឹក ៖ ៩–១២ថ្ងៃត្រង់
- ពេលរសៀល ៖ ១:៣០–៤:៣០រសៀល
បន្ថែមពីលើសកម្មភាពនៅក្នុងថ្នាក់ អ្នកចូលរួមអាចនឹងតម្រូវឱ្យអានឯកសារឬមើលវីដេអូមុននិងក្នុងពេលសិក្សា។ Masterclass នឹងប្រព្រឹត្តទៅជាភាសាអង់គ្លេស និងមានបកប្រែជាភាសាខ្មែរ។