(បិទទទួលពាក្យ) សេចក្តីប្រកាសអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន

កម្មវិធីអាហារូបករណ៍សិល្ប​ៈអមតៈ អាន ចន ផន​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ក្នុងគោលបំណងអភិវឌ្ឍទស្សនៈវិស័យសិល្បៈរបស់សិស្សនិស្សិត លើកកម្ពស់នៃការរួមបញ្ចូល ភាពច្នៃប្រតិដ្ឋ ព្រមទាំងកម្រិតវិជ្ជាជីវៈ និងសក្តានុពលរបស់និស្សិតក្នុងការក្លាយខ្លួនជាអ្នកដឹកនាំក្នុងវិស័យមួយនេះ។ គោលដៅរបស់អង្គការសិល្បៈ គឺដើម្បីវិនិយោគលើភាពជាអ្នកដឹកនាំតាមរយៈភាពច្នៃប្រតិដ្ឋ និងទេពកោសល្យដែលពោរពេញដោយសក្តានុពល និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការបញ្ចេញមតិ និងឆ្លុះបញ្ចាំងលើទំនាក់ទំនង និងសង្គមរបស់ពួកគេក្នុងទស្សនៈបែបទូលំទូលាយ។ តាមរយៈការធ្វើដូច្នេះ យើងសង្ឃឹមថានឹងពង្រឹងសមត្ថភាពធនធានមនុស្សដែលមានគុណតម្លៃ នឹងអាចទ្រទ្រង់អាជីព និងសិល្បៈនៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងរយៈពេលយូរ។

កាលណាតែសិល្បៈ វប្បធម៌ និងប្រពៃណីរបស់យើងត្រូវបានបំផ្លិចបំផ្លាញ យើងត្រូវការរយៈពេលជាច្រើនជំនាន់ ដើម្បីផ្សះផ្សា និងកសាងឡើងវិញ។ ឥឡូវនេះកម្មវិធីអាហារូបករណ៍ផ្តល់លទ្ធភាពដល់យុវជនក្នុងការសិក្សាបន្ថែម រៀនជំនាញថ្មីៗ និងបន្តក្តីស្រមៃនៃការកសាងអាជីពក្នុងវិស័យសិល្បៈ។ ក្តីសង្ឃឹមនោះ គឺជាអ្វីដែលខ្ញុំចង់បញ្ជូនទៅកាន់ក្មេងជំនាន់ក្រោយ។ ខ្ញុំពិតជាមានមោទកភាពចំពោះសិស្សនិស្សិតទាំងអស់ ហើយនេះជាអ្វីដែលកម្មវិធីនេះសម្រេចបានមកដល់ពេលនេះ។ លោក អាន​ ចន​ ផន​ ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ

ចំណាំ៖ សម្រាប់អ្នកដែលបំពេញពាក្យក្នុងកុំព្យូទ័រ សូមពិនិត្យ និងផ្ទៀងផ្ទាត់សំណួរទាំងអស់ជាមួយពាក្យស្នើសុំជា PDF ដើម្បីប្រាកដថាអ្នកបានឆ្លើយគ្រប់សំណួរ។

និស្សិតអាហារូបករណ៍ឆ្នាំ ២០២៥


ប៊ុត សុនា

ប៊ុត សុនា មានទីកន្លែងកំណើតនៅខេត្តព្រៃវែងហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ សុនា ជាអតីតនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញបុរាណវិទ្យា។ ក្នុងឆ្នាំ២០២១ សុនា បានចូលបម្រើការជាមន្រ្តីជាប់កិច្ចសន្យា នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សុនា បានបទពិសោធន៍ជាច្រើនក្នុងវិស័យសិល្បៈវប្បធម៌ ដូចជា ការងាររដ្ឋបាល សម្របសម្រួលកម្មវិធីសិល្បៈនានា សម្របសម្រួលការងារជាមួយសិប្បកម្មក្នុងអង្គការ សហគមន៍ សមាគម ស្ថាប័នក្រៅរដ្ឋាភិបាល, ការងារប្រមូលទិន្នន័យមត៌កអរូបីទូទាំងប្រទេស និងរៀបចំសិក្ខាសាលាផ្សេងៗ។ សុនា ស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេសទូទៅ ដើម្បីសម្រួលក្នុងការស្រាវជ្រាវឯកសារផ្សេងៗដែលទាក់ទងនឹងការងារនិងវិស័យបុរាណវិទ្យា (ផ្នែកសិល្បៈខ្មែរ) និងចងក្រងទុកជាឯកសារ ដែលសុនាកំពុងធ្វើការជាអ្នកសម្របសម្រួលក្នុងវិស័យនេះស្រាប់។

សៀន សុខនី

សៀន សុខនី ជាជនជាតិព័រ មានទីកន្លែងកំណើតនៅខេត្តពោធិ៍សាត់ហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ សុខនី បច្ចុប្បន្នធ្វើការងារស្ម័គ្រចិត្តបង្កើតក្រុមសិល្បៈចម្រៀង រលកសំឡេងជនជាតិដើម ក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ប្រពៃណី ជាពិសេស ភាសា របៀបរបបរស់នៅរបស់ជនជាតិដើមភាគតិចនៅកម្ពុជា។ សុខនី ស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេសទូទៅដើម្បីពង្រឹងចំណេះដឹងភាសាបរទេស បង្កើនឱកាសស្វែងរកប្រភពជំនួយជួយអភិវឌ្ឍក្រុម បង្កើតមូលនិធិជួយការអប់រំរបស់កុមារនិងយុវជនជនជាតិដើមភាគតិចនៅកម្ពុជា អាចផ្សព្វផ្សាយវប្បធម៌និងបញ្ហានានារបស់ក្រុមនិងសហគមន៍ដល់អ្នកខាងក្រៅនិងពិភពលោកបានយល់ដឹង។

មាស សារឹម

មាស សារឹម មានទីកន្លែងកំណើតនៅខេត្តស្វាយរៀងហើយសព្វថ្ងៃរស់នៅខេត្តពោធិ៍សាត់។ សារឹម ជាអតីតនិស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងកំពុងបម្រើការនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ជាអនុប្រធានការិយាល័យសារមន្ទីរ ទទួលបន្ទុករៀបចំចុះបញ្ជីវត្ថុបុរាណចូលក្នុងប្រព័ន្ធ Database និងដាក់តាំងបង្ហាញវត្ថុបុរាណនៅសារមន្ទីរ។ សារឹម ស្នើសុំអាហារូបករណ៍សិក្សាភាសាបារាំងទូទៅ ដើម្បីពង្រឹងចំណេះដឹងផ្នែកភាសានេះ ងាយស្រួលក្នុងការអភិរក្ស ស្រាវជ្រាវ ចងក្រងឯកសារការងារ និងអាចទាក់ទងជាមួយបរទេសដែលចង់ស្វែងយល់ពីវប្បធម៌ និងសិល្បៈជាតិផងដែរ។

ប៉ោ ចិន្តា

ប៉ោ ចិន្តា មានទីកន្លែងកំណើតនៅខេត្តកំពង់ធំហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ ចិន្តា ជានិស្សិតតែងនិពន្ធទូទៅនៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ចិន្តា ស្នើសុំអាហារូបករណ៍គាំទ្រលើការសិក្សាជំនាញនៅសាកលវិទ្យាល័យ ដើម្បីឈានទៅសម្រេចគោលដៅក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្លួន រួមមាន ការបង្កើតសមាគមសិល្បៈនៅឯស្រុកកំណើតនាខេត្តកំពង់ធំដើម្បីជួយឱ្យក្មេងៗទទួលបានការយល់ដឹងពីសិល្បៈវប្បធម៌កាន់តែច្បាស់ ព្រមទាំងចេះស្រឡាញ់ ការពារ និងផ្សព្វផ្សាយ និងចូលរួមចំណែកផលិតខ្សែភាពយន្ត និងសៀវភៅ ដែលមានគុណភាពខ្ពស់នៅក្នុងស្រុក ព្រមទាំងអាចប្រកួតប្រជែងជាមួយទីផ្សារខាងក្រៅស្រុកបាន។

គឹម នឹង

គឹម នឹង មានទីកន្លែងកំណើតនិងកំពុងរស់នៅខេត្តសៀមរាប។ នឹង ជាអតីតនិស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃជាមន្រ្តីជាប់កិច្ចសន្យានៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានតួនាទីជួយសម្របសម្រួលកិច្ចការផ្សេងៗដែលទាក់ទងនឹងវិស័យសិល្បៈវប្បធម៌។ ថ្មីៗនេះ នឹង កំពុងចូលរួមចំណែកសិក្សាចងក្រងឯកសារទាក់ទងនឹង សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី អារ្យធម៌ វប្បធម៌ ជាពិសេសផ្តោតសំខាន់ទៅលើបេតិកភណ្ឌវប្បធម៌អរូបី។ នឹង ស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេសទូទៅដើម្បីពង្រឹងចំណេះដឹងផ្នែកភាសានេះក្នុងការធ្វើការព្រោះឯកសារនិងវីដេអូផ្សេងៗដែលទាក់ទងនឹងសិល្បៈភាគច្រើនសរសេរឬនិយាយជាភាសាអង់គ្លេស ហើយក៏ដើម្បីបង្កភាពងាយស្រួលក្នុងការទាក់ទងការងារជាមួយអង្គការឬស្ថាប័នដៃគូទាំងក្នុងប្រទេសនិងអន្តរជាតិផងដែរ។

ទីវ ស៊ីម

ទីវ ស៊ីម ជាជនជាតិទំពួនកាត់គ្រឹង មានទីកន្លែងកំណើតនិងកំពុងរស់នៅខេត្តរតនគិរី។ ស៊ីម បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនិងអនុបណ្ឌិតជំនាញគ្រប់គ្រង។ ស៊ីម មានបទពិសោធន៍ដឹកនាំក្រុមយុវជនភូមិ សម្របសម្រួលការងារអភិវឌ្ឍន៍ទូទៅនិងការអប់រំសហគមន៍ពីការការពារនិងថែរក្សាវប្បធម៌ជនជាតិដើមភាគតិច ហើយបច្ចុប្បន្នកំពុងគ្រប់គ្រងនិងដឹកនាំក្រុមយុវជនជនជាតិដើមភាគតិចចំនួន២៥នាក់ក្នុងមួយឆ្នាំ។ ស៊ីម ស្នើសុំអាហារូបករណ៍បន្តការសិក្សាថ្នាក់បណ្ឌិតជំនាញគ្រប់គ្រង ដើម្បីពង្រឹងសមត្ថភាព ជំនាញ ឥទ្ធិពល និងចំណេះដឹងផ្នែកយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងនិងដឹកនាំ ជាពិសេស កិច្ចការក្នុងសង្គម ការជំរុញកិច្ចការអប់រំសិល្បៈវប្បធម៌ សាមគ្គីភាព វិស័យសេដ្ឋកិច្ច និងយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍនិងថែរក្សាមត៌កសម្រាប់មនុស្សជាតិនិងក្មេងជំនាន់ក្រោយដោយមានគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព។

ស៊ីន ម៉ៅធាង

ស៊ីន ម៉ៅធាង មានទីកន្លែងកំណើតនៅខេត្តត្បូងឃ្មុំហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ ម៉ៅធាង កំពុងសិក្សាបរិញ្ញាបត្រជំនាញភាសាវិទ្យា បរិញ្ញាបត្រដឹកនាំរឿងរបាំ និងល្ខោនខោល។ ម៉ៅធាង មានគោលដៅវែងឆ្ងាយក្នុងវិស័យសិល្បៈវប្បធម៌ ក្នុងការរៀបរៀងចងក្រងសៀវភៅសិក្សាគោល ស្រាវជ្រាវអំពីសិល្បៈវប្បធម៌ ជាពិសេសទម្រង់ល្ខោនខោល ឱ្យមានភាពសម្បូរបែបក្នុងការសិក្សារៀនសូត្រ ងាយស្រួលដល់អ្នកជំនាន់ក្រោយ និងដំឡើងស្នាដៃថ្មីក្នុងទម្រង់ល្ខោនខោលនិងសហសម័យ។ ម៉ៅធាង ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រដឹកនាំរឿងរបាំ ដើម្បីសម្រេចគោលដៅខាងលើ ក្នុងការពង្រឹងសមត្ថភាព មានវិជ្ជាជីវៈជាអ្នកសិល្បៈអាជីព និងមានពេលវេលាស្រាវជ្រាវលើវិស័យសិល្បៈវប្បធម៌យ៉ាងពិតប្រាកដ។

សៀង បញ្ញា

សៀង បញ្ញា មានទីកន្លែងកំណើតនៅខេត្តកំពង់ស្ពឺហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ បញ្ញា បានបញ្ឈប់ការសិក្សាជំនាញស្ថាបត្យកម្មដោយសារកង្វះខាតលទ្ធភាព ហើយសព្វថ្ងៃកំពុងសិក្សាជំនាញបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ បញ្ញា ស្នើសុំអាហារូបករណ៍សិក្សាភាសាបារាំងទូទៅ ដើម្បីជាជំនួយដល់ការសិក្សាជំនាញបុរាណវិទ្យា ដោយមើលឃើញពីសារៈសំខាន់របស់ភាសានេះក្នុងការសិក្សាជំនាញបុរាណវិទ្យា ហើយក៏ជាមធ្យោបាយដែលនាំឱ្យបញ្ញាអាចសិក្សាកាន់តែទូលំទូលាយដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួន និងបម្រើការលើវិស័យនេះក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិនិងប្រាសាទបុរាណដែលនៅសេសសល់។

ក្រាក់ ទីធ្លា

ក្រាក់ ទីធ្លា ជាជនជាតិពូនង មានទីកន្លែងកំណើតនៅខេត្តមណ្ឌលគិរីហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ ទីធ្លា មានចំណង់ចំណូលចិត្តស្រឡាញ់សិល្បៈវប្បធម៌ជនជាតិដើមពូនង ហើយមានទេពកោសល្យក្នុងការរាំ ច្រៀង សរសេរចម្រៀងជាភាសាជនជាតិពូនងនិងភាសាខ្មែរផងដែរ។ ទីធ្លា ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស ដើម្បីមានសមត្ថភាពប្រើប្រាស់ភាសាក្នុងការនិយាយ បង្ហាញនិងថែរក្សាសិល្បៈវប្បធម៌របស់ខ្លួន ជាពិសេសផ្សព្វផ្សាយសិល្បៈវប្បធម៌របស់ខ្លួនទៅកាន់ភ្ញៀវបរទេសដែលមកទស្សនាក្នុងតំបន់និងចង់ស្វែងយល់ពីសិល្បៈវប្បធម៌ជនជាតិ។

យូ សុវណ្ណារឹទ្ធិ

យូ សុវណ្ណារិទ្ធិ មានទីកន្លែងកំណើតនៅខេត្តកណ្តាលហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ សុវណ្ណារិទ្ធិ ចូលចិត្តគូរនិងស្រមើស្រមៃរូបភាព ចូលចិត្តការថត ភាពច្នៃប្រតិដ្ឋ និងការតែងនិពន្ធ។ សព្វថ្ងៃ សុវណ្ណារិទ្ធិ ជានិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ និងជាបុគ្គលិកបម្រើការនៅស្ថាប័នមួយជាអ្នកធ្វើគំនូរជីវចល។ សុវណ្ណារិទ្ធិ ស្នើសុំអាហារូបករណ៍បន្តសិក្សាបរិញ្ញាបត្រជំនាញគ្រប់គ្រងនិងសារព័ត៌មាន ព្រោះមានចក្ខុវិស័យនិងគោលដៅ ចង់បង្កើន និងបង្កើតស្នាដៃភាពយន្តថ្មីៗដើម្បីជួយលើកស្ទួយវិស័យសិល្បៈភាពយន្តនៅកម្ពុជា ដោយមិនត្រឹមតែបង្កើតជាសាច់រឿងដែលមានស្តង់ដារ តែបង្កប់អត្ថន័យនិងការអប់រំនៅក្នុងនោះផងដែរ។

និស្សិតអាហារូបករណ៍ឆ្នាំ ២០២៤


ហ៊ុន រស្មី

ហ៊ុន រស្មី ជាសិស្សជំនាញល្ខោននិយាយនៅសាលាហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង។ គាត់មានគោលដៅ ចង់ក្លាយជាអ្នកនិពន្ធនិងដឹកនាំការសម្តែងអាជីពមួយដែលពោរពេញទៅដោយសមត្ថភាពនិងព្រហ្មវិហារធម៌ និងជួយដល់កុមារកម្ពុជានិងខ្សែភាពយន្តកម្ពុជាកាន់តែល្បីល្បាញនិងមានទីផ្សារច្រើនព្រមទាំងជួយលើកមុខមាត់ប្រទេសជាតិ និងថែរក្សាសម្បត្តិវប្បធម៌កេរ្តិ៍ដំណែលជាតិខ្មែរឱ្យបានគង់វង្សយូរអង្វែង។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាអង់គ្លេសទូទៅ ដើម្បីងាយស្រួលក្នុងការធ្វើការងារក្នុងសិល្បៈនិងរួមការងារជាមួយជនបរទេសនិងមានសមត្ថភាពជួយមិត្តរួមក្រុម។ គាត់ជឿថា ភាសាអង់គ្លេសមានសារៈសំខាន់ណាស់សម្រាប់គាត់ក្នុងការស្រាវជ្រាវនិងធ្វើឱ្យការងាររបស់គាត់ចេញមកមានគុណភាព ហើយអាហារូបករណ៍នេះនឹងជួយឱ្យគាត់មានចំណេះដឹងទូលំទូលាយ មានភាពជឿជាក់និងភាពក្លាហាន។

យូ សារ៉ាន់

យូ សារ៉ាន់ ជាសិស្សជំនាញរបាំប្រពៃណីនិងល្ខោនខោលនៅសាលាហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីទ្រទ្រង់ការសិក្សាភាសាបារាំងទូទៅ ដោយសារគាត់មានគោលដៅ ចូលរួមចំណែកអភិវឌ្ឍនិងដំឡើងស្នាដៃសិល្បៈទស្សនីយភាពថ្មី តាមរយៈការប្រើប្រាស់ភាសាបារាំងនៅសាលារបស់គាត់ជាមួយសិល្បករដែលប្រើប្រាស់ភាសាបារាំងក្នុងការទាក់ទងនិងរៀនសូត្រពីបទពិសោធន៍ថ្មី និងប្រយោជន៍ដល់ស្នាដៃថ្មីនោះ។ គាត់នឹងអាចផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរទៅកាន់អ្នកដែលប្រើប្រាស់ភាសាបារាំងដែលធ្វើដំណើរមកកម្ពុជាជាពិសេសនៅខេត្តបាត់ដំបងផ្ទាល់។ ហើយគាត់ជឿថាគាត់អាចនឹងមានឱកាសទៅសិក្សានៅប្រទេសបារាំងប្រសិនបើគាត់ចេះនិយាយ និងប្រើប្រាស់ភាសាបារាំងបានល្អប្រសើរ។

សេវ ប្រាក់

សេវ ប្រាក់ ជានិស្សិតប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងនាមជាជនជាតិដើមភាគតិច គាត់តែងតែមានការចាប់អារម្មណ៍លើការសិក្សាពីវប្បធម៌របស់ខ្លួន និងវប្បធម៌ជាតិអោយបានច្រើន ហើយក្នុងក្ដីស្រមៃរបស់គាត់នៅពេលដែលរៀនចប់មានចំណេះដឹងច្រើនទាក់ទងនិងវិស័យសិល្បៈវប្បធម៌ គាត់ចង់ក្លាយជាអ្នកសិក្សាស្រាវជ្រាវ និងកត់ត្រាទុកជា​​ឯកសារសម្រាប់ឱ្យអ្នកសិក្សាជំនាន់ក្រោយបានបន្ថែមនូវចំណុចខ្វះខាតអ្នកជំនាន់មុន​។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាអង់គ្លេសទូទៅ ព្រោះគាត់មានក្ដីស្រមៃចង់ក្លាយជាអ្នកប្រវត្តិវិទ្យាជនជាតិដើមភាគតិច ដែលមានសមត្ថភាពគ្រប់គ្រាន់បណ្ដុះបណ្ដាលអំពីវប្បធម៌នៅតាមមូលដ្ឋានខ្លួនឯង និងតំបន់ផ្សេងៗទៀត។

សុខ លីដា

សុខ លីដា ជានិស្សិតជំនាញគំនូរវិចិត្រកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នាពេលបច្ចុប្បន្ននិងពេលអនាគត គោលដៅរបស់គាត់ក្នុងវិស័យសិល្បៈ​ គឺក្លាយជាសិល្បករម្នាក់ ដែលអាចបម្រើឱ្យវិស័យសិល្បៈ ប្រជាជនខ្មែរ រួមទាំងសង្គមជាតិ និងសិក្សាបន្តនៅក្រៅប្រទេសអំពីសិល្បៈវប្បធម៌របស់ពិភពលោកផងដែរ​ ដើម្បីយកមកអភិវឌ្ឈ​វិស័យសិល្បៈក្នុងប្រទេស។ ដូច្នេះហើយ គាត់បានស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាបារាំងទូទៅ។ គាត់ជឿថា អាហារូបករណ៍នេះនឹងជួយផ្គត់ផ្គង់ទៅគាត់នូវលទ្ធភាពពេលវេលា កម្លាំងចិត្តគ្រប់គ្រាន់ក្នុងការសិក្សាចាប់យកចំណេះដឹងថ្មីៗដើម្បីជាស្ពានចម្លង និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសិក្សានៅក្រៅប្រទេសជាយុវជនជំនាន់ក្រោយប្រកបដោយជំនាញ និងសមត្ថភាពជាសសរទ្រូងប្រទេសជាតិ។

ហម ចាន់សុម៉ាលីស

ហម ចាន់សុម៉ាលីស ជានិស្សិតជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្នុងនាមជានិស្សិតផ្នែកស្ថាបត្យកម្មមួយរូប គាត់មានឆន្ទៈក្នុងការបង្ហាញ និងអភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរ តាមរយៈសំណង់ដែលគាត់បានរចនាឡើង​។ គាត់មានគោលគំនិតជាក់លាក់មួយថារាល់គម្រោងសំណង់ដែលជាទំនួលខុសត្រូវរបស់គាត់គឺត្រូវរចនាឡើងប្រកបដោយការច្នៃប្រតិដ្ឋបែបខ្មែរ។ ទោះគាត់មិនអាចសង់អង្គរវត្តបានម្ដងទៀត តែគាត់ជឿថាគាត់អាចសាងសង់សំណង់ថ្មីប្រកបដោយផាសុកភាព ស្របទៅតាមតម្រូវការនៃសម័យកាលជឿនលឿនមួយនេះជូនមាតុភូមិ និងបង្ហាញថាសិល្បៈវប្បធម៌ខ្មែរ គឺពិតជាទូលាយ។ ដូច្នេះហើយទើបគាត់ស្នើសុំអាហារូបករណ៍ដើម្បីទ្រទ្រង់ការសិក្សាជំនាញស្ថាបត្យកម្ម ហើយមើលឃើញថា អាហារូបករណ៍នេះនឹងជាឱកាសដ៏ល្អនិងសំខាន់បំផុតសម្រាប់គាត់ ដើម្បីក្លាយជាស្ថាបត្យករមួយរូប ហើយក៏អាចទទួលចំណេះដឹងជាច្រើនពីកម្មវិធីមកបង្កើតឆន្ទៈក្នុងការសម្រេចនូវគោលបំណងមួយនេះ។

ម៉ី ចាន់ថុនា

ម៉ី ច័ន្ទថុនា បានបញ្ចប់បរិញ្ញាបត្រជំនាញបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃជាមន្ត្រីជាប់កិច្ចសន្យា នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានជួយសម្របសម្រួលកិច្ចការងារផ្សេងៗ ដែលទាក់ទងនឹងវិស័យសិល្បៈវប្បធម៌។ គាត់បានស្នើសុំអាហារូបករណ៍សិក្សាភាសាបារាំងទូទៅ ព្រោះគាត់មានគោលដៅ និងជឿជាក់យ៉ាងច្បាស់ថា នៅពេលខាងមុខគាត់គឺជាចំណែកមួយក្នុងការជួយនិងលើកស្ទួយក្នុងវិស័យសិល្បៈវប្បធម៌ ដែលអាហារូបករណ៍នេះពិតជាចំណែកមួយយ៉ាងធំក្នុងការពង្រឹងសមត្ថភាពចំណេះដឹងផ្នែកភាសាបារាំង ដើម្បីគាត់យកមកប្រើប្រាស់ក្នុងវិស័យការងារ ហើយឆ្លងតាមបទពិសោធន៍គាត់កន្លងមក ឯកសារ និងវីដេអូផ្សេងៗដែលទាក់ទងនឹងសិល្បៈភាគច្រើន សរសេរឬនិយាយជាភាសាបារាំង។ ដូចនេះគាត់សង្ឃឹមថា ថ្ងៃខាងមុខបើគាត់មានចំណេះដឹងផ្នែកភាសាបារាំងកាន់តែស៊ីជម្រៅ គាត់ពិតជាអាចជួយកិច្ចការងារនេះបានយ៉ាងប្រសើរជាក់ជាពុំខាន។

រិទ្ធ ដារ៉ូ

រិទ្ធ ដារ៉ូ ជានិស្សិតជំនាញដឹកនាំរឿងរបាំប្រពៃណីនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីទ្រទ្រង់ការសិក្សាលើជំនាញដឹកនាំរឿងរបាំប្រពៃណីនេះ ព្រោះគាត់មានគោលដៅចង់ក្លាយជាអ្នកសម្ដែង និងដឹកនាំស្រាវជ្រាវបន្ថែមលើជំនាញដឹកនាំរឿងរបាំប្រពៃណី។ លើសពីនេះទៅទៀតគាត់រំពឹងថាឱកាសដែលគាត់ទទួលបានអាចជាផ្នែកមួយក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានបន្ត ទាំងអភិរក្ស និងអភិវឌ្ឍឱ្យជំនាញសិល្បៈកាន់តែរីកចម្រើននិងប្រសើឡើង ស្របតាមសកលភាវូបនីយកម្ម។ គាត់ជឿថាអាហារូបករណ៍នេះអាចជួយឱ្យគាត់សម្រេចបានគោលដៅសិក្សាជំនាញដឹកនាំរឿង និងមានលទ្ធភាពក្នុងការចំណាយលើការចុះស្រាវជ្រាវ នឹងដំឡើងជាទស្សនីយភាពក្នុងឆ្នាំបញ្ចប់ឆមាសថ្នាក់ឆ្នាំទី២ ទី៣ និងទី៤។

ប៉ិច ស៊ីនួន

ប៉ិច ស៊ីនួន ជានិស្សិតឯកទេសដឹកនាំរឿងល្ខោនយីកេនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅថ្ងៃអនាគត គាត់ចង់ក្លាយជាគ្រូបង្រៀននិងអ្នកដឹកនាំរឿងម្នាក់នៅក្នុងទម្រង់ទស្សនីយភាពសិល្បៈល្ខោនយីកេ។ គាត់មើលឃើញថាខ្លួនឯងជាសិល្បករមួយរូប និងជាចំណែកនៃធនធានសិល្បៈដែលអាចចូលរួមជួយថែរក្សា អភិវឌ្ឍ និងផ្សព្វផ្សាយទម្រង់សិល្បៈមួយនេះ។ តទៅមុខទៀតគាត់មានគំនិត ច្នៃប្រតិដ្ឋសិល្បៈបុរាណមួយនេះអោយបានប្រសើរឡើង និងដើរទាន់សម័យកាលបច្ចុប្បន្ន​ សមស្របពេលដែលគាត់កំពុងសិក្សារៀនសូត្រ ស្រាវជ្រាវជំនាញឯកទេស​និងបង្កើតយុទ្ធសាស្រ្តនៃការបញ្ចូលគ្នារវាងសិល្បៈពីអតីកាលនិងបច្ចុប្បន្ន ឱ្យមានភាពស៊ីសង្វាក់គ្នា ងាយស្រួលក្នុងការសម្ដែងឱ្យមានភាពទាន់សម័យកាល បង្កើតស្នាដៃថ្មីៗឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគុណតម្លៃសម្រាប់សិល្បៈវប្បធម៌ ឱ្យសមនឹងពាក្យថា បុរាណមិនយឺត សម័យមិនបរទេសដូចជាការចូលរួមកសាងធនធានមនុស្សសម្រាប់អ្នកបន្តវេន ទៅជំនាន់ក្រោយៗទៀត។ ដូច្នេះហើយទើបគាត់ស្នើសុំអាហារូបករណ៍នេះ ជាទុនមួយសម្រាប់ជួយសម្រួលដល់ការសិក្សារៀនសូត្រដើម្បីជួយឱ្យគាត់បានសម្រេចគោលដៅទាំងនោះ អាចធ្វើកិច្ចការកាន់តែរលូន​និងល្អប្រសើរជាងមុន បង្កើតស្នាដៃសិល្បៈ រហូតប្រឡងបញ្ចប់ឆ្នាំ។

ប៊ុន ហ្សើឌី

ប៊ុន ហ្សើឌី ជាប្រធានក្រុមអភិរក្សភ្លេងខ្មែរមួយនៅខេត្តសៀមរាប។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីរៀនឧបករណ៍ភ្លេងតាខេនិងភ្លេងប្រពៃណីផ្សេងទៀត ព្រោះគាត់មានគោលដៅចង់ចេះជំនាញនេះឱ្យបានច្បាស់លាស់ ផ្សព្វផ្សាយឧបករណ៍ភ្លេងខ្មែរ និងបង្រៀនទៅក្មេងជំនាន់ក្រោយនៅតាមមូលដ្ឋានកុំឱ្យបាត់បង់និងតាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គមផងដែរ។ បន្ថែមពីនេះទៀត គាត់នឹងរៀនផលិតឧបករណ៍ភ្លេងខ្មែរដើម្បីផ្គត់ផ្គង់ជីវភាព ដែលវាក៏ជាការលើកស្ទួយឧបករណ៍ភ្លេងខ្មែរឱ្យល្បីសុះសាយតាមរយៈការផលិតនេះ។ គាត់ក៏មានបំណងពង្រីកពីក្រុមអភិរក្សភ្លេងខ្មែរ ទៅជាសមាគមអភិរក្សភ្លេងខ្មែរផងដែរ។ អាហារូបករណ៍នេះនឹងជួយគាត់លើថ្លៃចំណាយធ្វើដំណើរទៅរៀននិងអាហារ ព្រមទាំងថ្លៃសិក្សាជាមួយគ្រូឯកជនផងដែរ។

គាង សុផែត

គាង សុផែត ជាមន្រ្តីរាជការនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។ គាត់ស្នើសុំអាហារូបករណ៍សិក្សាឯកទេសគំនូរសារគមនាគមនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រោះគោលដៅដ៏ចម្បងបំផុតក្នុងវិស័យសិល្បៈវប្បធម៌របស់គាត់ គឺចង់ក្លាយខ្លួនទៅជារចនាធិការ ផ្នែកគំនូរផ្សព្វផ្សាយដ៏ជំនាញម្នាក់។ គាត់នឹងប្រើប្រាស់ចំណេះនិងជំនាញដ៏ពិតប្រាកដលើវិស័យនេះ ដើម្បីបង្ហាញទេពកោសល្យដែលគាត់មានឱ្យបានទូលំទូលាយ អំពីគោលគំនិត ទស្សនៈទាន និងបំណងដែលអាចបរិយាយទៅតាមរយៈស្នាដៃគំនូររចនារបស់គាត់។ គាត់ជឿជាក់ថាសមិទ្ធផល​ដែលគាត់បានទទួលពីការសិក្សាថ្នាក់ឧត្តមសិក្សា ដែលបានទទួលតាមរយៈកម្មវិធីអាហារូបករណ៍នេះ នឹងជំរុញគោលដៅគាត់ឱ្យជាចលករមួយក្នុងការលើកកម្ពស់វិស័យគំនូររចនា និងផ្សព្វផ្សាយក្នុងសង្គមកម្ពុជា ជាពិសេសគឺគោលដៅលើកកម្ពស់វប្បធម៌ជាតិ តាមរយៈវិស័យគំនូរ។ គាត់រំពឹងគិតថាកម្មវិធីអាហារូបករណ៍នេះអាចជួយគាត់ឱ្យស្វែងរកឃើញខ្លួនឯងធ្វើដំណើរតាមក្ដីសុបិន្ត និងគោលដៅពិតប្រាកដឡើងវិញ ហើយនេះគឺជាមធ្យោបាយដ៏ល្អប្រសើរតែមួយគត់ដែលអាចផ្ដល់ឱកាសឱ្យគាត់មានលទ្ធភាពបន្តការសិក្សាលើវិស័យនេះ នៅថ្នាក់ឧត្តមសិក្សាបាន។  

និស្សិតអាហារូបករណ៍ឆ្នាំ ២០២៣


ម៉ៅ ស្រីឆ្នាស់

ម៉ៅ ស្រីឆ្នាស់ ជាអតីតមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន។ សព្វថ្ងៃ គាត់ជានិស្សិតកំពុងសិក្សាជំនាញដឹកនាំរឿង (របាំបុរាណ) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយស្នើសុំអាហារូបករណ៍ដើម្បីគាំទ្រការសិក្សាលើជំនាញនេះ។ គាត់រំពឹងថា បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ គាត់នឹងយកជំនាញនេះទៅបម្រើការនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន ដើម្បីពង្រឹងនិងអភិវឌ្ឍរាល់តម្រូវការរបស់មន្ទីរខេត្ត មិនថាការដឹកនាំ ឬការសម្តែង អោយកាន់តែប្រសើរឡើង។ ម៉្យាងវិញទៀត គាត់ចង់ផ្សព្វផ្សាយ ចែករំលែកដល់យុវជនខេត្តដើម្បីអោយពួកគាត់មានឱកាសសិក្សាទម្រង់ក្បាច់បុរាណនេះកាន់តែច្បាស់។

ពីង ស្រីណុច

ពីង ស្រីណុច បានបញ្ចប់ការសិក្សាបរិញ្ញបត្រជំនាញបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃជាជំនួយការអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាអង់គ្លេសទូទៅ ដែលនឹងបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងការងាររបស់គាត់ជាមួយអង្គការដៃគូក្នុងប្រទេសនិងអន្តរជាតិ ដោយគាត់នឹងអាចអាន ស្រាវជ្រាវព័ត៌មានផ្សេងៗ ពិសេសចំណេះដឹងសិល្បៈពីប្រទេសនានា ដើម្បីយកមកបម្រើអោយផលប្រយោជន៍ជាតិទៅថ្ងៃមុខ។ គោលដៅរបស់គាត់គឺអភិវឌ្ឍខ្លួនអោយកាន់តែមានសក្តានុពល មានចំណេះដឹងខ្ពស់លើវិស័យសិល្បៈនិងវប្បធម៌ជាតិ អាចស្វែងយល់ពីវប្បធម៌ប្រទេសដទៃដើម្បីជាយានក្នុងការអភិវឌ្ឍនិងផ្សព្វផ្សាយវប្បធម៌កម្ពុជានៅលើសកលលោក។

ហ៊ុល កញ្ញា

ហ៊ុល កញ្ញា ជាសិល្បករឯករាជ្យផ្នែកសិល្បៈចក្ខុទស្សន៍ នៅខេត្តសៀមរាប។ គាត់ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រជំនាញអក្សរសាស្រ្តអង់គ្លេស ព្រោះវាអាចជួយអោយគាត់អាចបន្តការសិក្សាអភិវឌ្ឍជំនាញសិល្បៈរបស់គាត់អោយកាន់តែមានសមត្ថភាពមួយកម្រិតទៀត ហើយការទាក់ទងជាមួយស្ថាប័នអន្តរជាតិកាន់តែមានភាពប្រសើរឡើង។ គាត់ក៏មានគោលបំណងចង់ក្លាយជាអ្នកអប់រំបណ្តុះបណ្តាលលើវិស័យសិល្បៈមួយរូបនាពេលអនាគតផងដែរ។ គាត់នឹងត្រូវខំពង្រឹងការសិក្សាស្រាវជ្រាវបន្ថែមទៀតទាំងជំនាញស្នូលនិងជំនាញទំនាក់ទំនងអោយកាន់តែល្អ ដើម្បីក្លាយជាបុគ្គលមួយរូបអាចធ្វើការងារបម្រើវិស័យសិល្បៈវប្បធម៌ពេញចំណេះដឹង។

រដ្ឋ ស្រីប៉ា

រដ្ឋ ស្រីប៉ា ជាជនជាតិដើមកួយ នៅខេត្តព្រះវិហារ។ គាត់ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ ដើម្បីជួយអោយជំនាញភាសាអង់គ្លេសនិងជំនាញទំនាក់ទំនងរបស់គាត់ជាមួយស្ថាប័នជាតិនិងអន្តរជាតិកាន់តែប្រសើរ។ គោលដៅរបស់គាត់គឺក្លាយជាអ្នកច្នៃម៉ូតដ៏សំបូរបែបម្នាក់ដែលអាចទំនាក់ទំនងជាមួយដៃគូរសហការទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកកម្ពស់ ការរក្សាសម្លៀកបំពាក់ច្នៃម៉ូតប្រពៃណីខ្មែរ រួមជាមួយការច្នៃប្រឌិតទាន់សម័យ ស្របទៅតាមតម្រូវការប្រជាជនក្នុងស្រុកនិងក្រៅស្រុក ដែលជាកាច្នៃប្រឌិតម៉ូតប្លែកៗ ហើយគិតគូរពីការប្រើប្រាស់ក្រណាត់និងវត្ថុធាតុដើមធម្មជាតិដែលមិនប៉ះពាល់ដល់បរិស្ថាន ជាពិសេសគាត់មានគោលដៅបង្កើតជាអាជីវកម្មតូចមួយដើម្បីផ្តល់ការងារដល់ស្ត្រីជនជាតិដើមភាគតិចដែលមានជីវភាពខ្សត់ខ្សោយនិងក្មេងស្រីដែលបោះបង់ការសិក្សាដើម្បីផ្តល់ជាប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារតាមរយៈការផ្តល់ជាការងារក្នុងសិប្បកម្មច្នៃម៉ូត។

ហ៊ួត សុខកន្និដ្ឋា

ហ៊ួត សុខកន្និដ្ឋា មកពីខេត្តបន្ទាយមានជ័យ សព្វថ្ងៃជានិស្សិតបរិញ្ញាបត្រសិក្សាជំនាញដឹកនាំរឿង ផ្នែកល្ខោននិយាយ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រជំនាញអក្សរសាស្រ្តអង់គ្លេស។ នៅថ្ងៃអនាគត គាត់ចង់ក្លាយជាអ្នកដឹកនាំរឿងម្នាក់នៅក្នុងទម្រង់សិល្បៈទស្សនីយភាពល្ខោននិយាយនិងភាពយន្ត។ គាត់មើលឃើញខ្លួនឯងជាចំណែកមួយដែលអាចចូលរួមផ្សព្វផ្សាយអភិវឌ្ឍន៍ទៅលើវិស័យនេះអោយកាន់តែប្រសើរ តាមរយៈការច្នៃប្រឌិត ដើម្បីដើរអោយទាន់សម័យកាលបច្ចុប្បន្ននិងអនាគត ព្រមទាំងចែករំលែកនិងចូលរួមកសាងភាពធន់សម្រាប់អ្នកបន្តវេនជំនាន់ក្រោយៗនិងផ្តល់ឱកាសក្នុងការចូលរួមបញ្ចេញសមត្ថភាពតាមការសម្តែងនិងការនិពន្ធផ្សេងៗ។ អាហារូបករណ៍នេះនឹងជួយជ្រោមជ្រែងដល់ការសិក្សារបស់គាត់សព្វថ្ងៃបានរលូននិងសម្រេចគោលដៅ ដោយអាចប្រើភាសាអង់គ្លេសជាទន់និងងាយស្រួលក្នុងការស្រាវជ្រាវ ក៏ដូចជាទំនាក់ទំនងនិងផ្សព្វផ្សាយផងដែរ។

រិន កវី

រិន កវី ជាគ្រូភ្លេងឯកជនបង្រៀនភ្លេងពិណពាទ្យ នៅខេត្តបន្ទាយមានជ័យ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាបន្ថែមជាមួយគ្រូឯកជននៅខេត្តសៀមរាប លើជំនាញភ្លេងកន្ទាំមីង រួមមានឧបករណ៍ស្រឡៃ គងពាទ្យ ស្គរជ័យ និងគងមោង។ អាហារូបករណ៍នេះនឹងជួយអោយគាត់បានហាត់រៀនភ្លេងទ្រាំមីងដែលជិតនឹងបាត់បង់ទៅហើយ ហើយអាចអោយគាត់ពាំនាំវង់ភ្លេងនេះមកបង្កើត បណ្តុះបណ្តាលដល់យុវជនក្នុងខេត្តបន្ទាយមានជ័យ ព្រោះសព្វថ្ងៃនេះវង់ភ្លេងទ្រាំមីងបានបាត់បង់ហើយក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងថ្ងៃអនាគត គាត់ចង់ក្លាយខ្លួនជាគ្រូភ្លេងបុរាណខ្មែរ និងជាអ្នកស្រាវជ្រាវភ្លេងបុរាណ តាមនិស្ស័យពីកំណើតដែលស្រឡាញ់ពេញចិត្ត។

ពឿន ពន្លា

ពឿន ពន្លា ជាអ្នកផលិតវីដេអូនិងរចនារូបភាពនៅអង្គការល្ខោនគំនិត ក្នុងខេត្តបាត់ដំបង។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាអង់គ្លេសទូទៅ ព្រោះភាសាអង់គ្លេសរបស់គាត់នៅមានកម្រិត។ គាត់តែងតែមានទំនុកចិត្តចំពោះស្នាដៃការងាររបស់គាត់ ហើយក៏មានឱកាសជាច្រើនដែលហុចអោយគាត់ក្នុងការអភិវឌ្ឍលើចំណេះដឹងនិងជំនាញដែលគាត់មាន តែពេលខ្លះគាត់បានបាត់បង់ឱកាសទាំងនោះដោយសារចំណេះដឹងភាសាបរទេសរបស់គាត់នៅមានកម្រិត។ ម៉្យាងវិញទៀត ការងារដែលគាត់ធ្វើសព្វថ្ងៃទាក់ទងនឹងសហគមន៍ ជួយលើកស្ទួយទៅដល់ស្រ្តីងាយរងគ្រោះ តាមរយៈសិល្បៈល្ខោននិយាយ ដែលគាត់ជាផ្នែកមួយដែលជួយអោយការងារនេះដំណើរការនិងទទួលបានជោគជ័យតាមរយៈការផលិតវីដេអូនិងការផ្សព្វផ្សាយនានា។ ដូច្នេះ ភាសាអង់គ្លេសដើរតួជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងគម្រោងនិងការអនុវត្តផែនការរបស់គាត់។

ផាត ភីរម្យ

ផាត ភីរម្យ ជាមន្ត្រីការិយាល័យសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។ គាត់ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតជំនាញរដ្ឋបាលសាធារណៈ ដើម្បីចូលរួមចំណែកពង្រឹងគុណភាពរដ្ឋបាលក្នុងវិស័យវប្បធម៌តាមរយៈការជម្រុញដល់វិស័យជំនាញដែលចំណុះអោយមន្ទីរវប្បធម៌ អោយមានសកម្មភាពកាន់តែសកម្មថែមទៀតទាក់ទងនឹងការថែទាំនិងស្តារឡើងវិញនូវសិល្បៈបុរាណផ្សេងៗដែលរងការគំរាមកំហែងរៀបនឹងបាត់បង់ ហើយស្វែងរកធនធានមនុស្សរស់ដែលចេះឧបករណ៍ប្រពៃណីបុរាណកម្រយកមកអភិរក្សនិងផ្ទេរទៅអោយអ្នកជំនាន់ក្រោយអោយបានកាន់តែទូលំទូលាយថែមទៀត។ ជាពិសេសជំនាញនេះនឹងជួយពង្រីកចំណេះដឹងគាត់ទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្សក្នុងមន្ទីរវប្បធម៌ និងចេះចាត់ចែងការងាររបស់មន្ត្រីនៅតាមការិយាល័យនីមួយៗអោយបានចំគោលដៅនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចន សុវណ្ណឌី

ចន សុវណ្ណឌី ជានិស្សិតបរិញ្ញាបត្រកំពុងសិក្សាជំនាញគំនូរវិចិត្រកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីគាំទ្រដល់ការសិក្សាជំនាញគំនូរវិចិត្រកម្មរបស់គាត់នៅសាកលវិទ្យាល័យដោយសារតែថវិកាក្នុងការបង់ថ្លៃសិក្សាជាបញ្ហាមួយធំសម្រាប់គាត់។ គោលដៅរបស់គាត់គឺត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រនាពេលខាងមុខ។ រួចគាត់នឹងប្រើចំណេះដឹងជំនាញដែលគាត់មាន ពង្រឹងខ្លួនបន្ថែមដើម្បីក្លាយទៅជាសិល្បករមួយរូបរបស់កម្ពុជា ដើម្បីមានឱកាសក្នុងការបង្ហាញទេពកោសល្យរបស់ខ្លួន មិនត្រឹមតែក្នុងស្រុក តែទៅកាន់អន្តរជាតិ។ ក្នុងពេលជានិស្សិតនេះ គាត់មានឱកាសបានចូលបម្រើការក្នុងការជួសជុលគំនូរនៅក្នុងប្រាសាទចន្ទឆាយានៃព្រះបរមរាជវាំង តួនាទីជានិស្សិតហាត់ការ ដែលមានតម្លៃមួយដ៏ធំធេងសម្រាប់គាត់នៅក្នុងវិស័យសិល្បៈវប្បធម៌ ហើយក៏ជាស្ពានដើម្បីចម្លងគាត់អោយកានតែមានភាពរឹងមាំមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការធ្វើជាអ្នកបន្តវេនផ្នែកសិល្បៈមួយនេះ។

ម៉ន មាន

ម៉ន មាន ជាជនជាតិដើមកួយនៅខេត្តកំពង់ធំ និងជាគ្រូបង្រៀននៅអនុវិទ្យាល័យ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាស្រាវជ្រាវបង្កើតរបាំជនជាតិដើមកួយ ព្រោះជំនឿ ទំនៀមទម្លាប់ និងប្រពៃណីមួយចំនួន កំពុងតែប្រឈមនឹងការបាត់បង់នាពេលអនាគត។ អាហារូបករណ៍នេះនឹងអាចជួយគាត់ក្នុងការកសាងសមត្ថភាព ទទួលបានចំណេះដឹង បទពិសោធន៍ល្អៗ និងការប្រឹក្សាយោបល់ផ្សេងៗពីអ្នកជំនាញផ្នែកសិល្បៈវប្បធម៌ ពិសេសមានឱកាសទទួលបានថវិកាក្នុងដំណើរការគម្រោងដើម្បីអោយគាត់សម្រេចគោលដៅនេះ។ គាត់នឹងបន្តពង្រឹងនិងពង្រីកក្រុមសិល្បៈយុវជនជនជាតិដើមកួយ ដោយគៀងគរកុមារនិងយុវជនអោយចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនេះ ដោយសហការជាមួយចាស់ទុំក្នុងសហគមន៍ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីសិក្សាស្រាវជ្រាវចងក្រងបង្កើតនូវរបាំជនជាតិដើមកួយថ្មីៗទៀត។

និស្សិតសអាហារូបករណ៍ឆ្នាំ ២០២២


ចាន់ សាវតី

ចាន់ សាវតី មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយសព្វថ្ងៃនៅរាជធានីភ្នំពេញ ធ្វើការជាមន្រ្តីផ្នែកទំនាក់ទំនង។ គាត់ធ្លាប់បំរើការជាអ្នកលក់សិល្បៈគំនូរនិងជាជំនួយការផ្នែកទីផ្សារនិងទំនាក់ទំនងនៅស្ថាប័នសិល្បៈមួយ។ តាមរយៈបទពិសោធន៍ធ្វើការជាមួយសិល្បករ គាត់មើលឃើញថាសិល្បករមានទេពកោសល្យនិងសមត្ថភាពខ្ពស់ តែពុំទាន់មានជំនាញផ្សព្វផ្សាយស្នាដៃសិល្បៈរបស់ខ្លួនបានទូលំទូលាយ។ ដូច្នេះ គាត់ចង់ចូលរួមចំណែកជាអ្នកជួយផ្សព្វផ្សាយស្នាដៃសិល្បៈពួកគេ និងទាក់ទងជាមួយវិចិត្រសាលទាំងក្នុងនិងក្រៅស្រុក។ ដូច្នេះ ហើយទើបគាត់ស្នើសុំអាហារូបករណ៍រៀនភាសាបារាំង ហើយគាត់នឹងបន្តការសិក្សានៅប្រទេសបារាំងផ្នែកទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយសិល្បៈ។

កែវ គា

កែវ គា ជាសិល្បករល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលស្បែកតូច ឆ្លាក់ចម្លាក់ទម្រង់ល្ខោននេះ និងជាប្រធានសិល្បករនៅ Bambu Stage ក្នុងខេត្តសៀមរាប សម្តែងជាប្រចាំថ្ងៃជូនទស្សនិកជនជាតិនិងអន្តរជាតិ។ គាត់និងក្រុមបានដំឡើងល្ខោនអប់រំជាច្រើនដែលបង្កប់នូវអត្ថន័យដូចជាជីវភាពប្រជាជន បញ្ហាក្នុងសង្គម និងប្រវត្តិសាស្រ្តជាដើម។ គាត់ក៏ធ្លាប់បង្ហាត់បង្រៀនឆ្លាក់ស្បែកដល់ក្មេងៗនៅតាមសាលារៀន និងសាធារណជនផងដែរ។ គាត់ស្នើសុំអាហារូបករណ៍រៀនជំនាញសម្តែងសិល្បៈបន្ថែមដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅលើទម្រង់សិល្បៈខាងលើ ជាពិសេសលើមូលដ្ឋានគ្រឹះ។

ប៉េង ចាន់ទ្រា

ប៉េង ចាន់ទ្រា ជាសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យនៅខេត្តកំពង់ធំ។ គាត់ពុំមែនជាសិល្បករ តែជាអ្នកសម្របសម្រួលនិងដឹកនាំក្នុងក្រុមសិល្បៈ រួមមានផ្នែកទំនាក់ទំនងនិងផ្នែកហិរញ្ញវត្ថុជាដើម ទៅផ្សព្វផ្សាយដល់មនុស្សវ័យក្មេងនៅក្នុងសហគមន៍ និងសាលារៀន។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដើម្បីបង្កើនចំណេះដឹងភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង ជាពិសេសជាមួយបរទេស ទាំងផ្សព្វផ្សាយសិល្បៈវប្បធម៌និងស្នើសុំជំនួយគាំទ្រក្រុមសិល្បៈគាត់។

ផ្លាន សុខជា

ផ្លាន សុខជា មានស្រុកកំណើតនៅខេត្តរតនគិរី ហើយសព្វថ្ងៃជានិស្សិតស្ថាបត្យកម្មនៅសាកលវិទ្យាល័យន័រតុន។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីទ្រទ្រង់ការសិក្សាជំនាញស្ថាបត្យកម្មរបស់គាត់នៅសាកលវិទ្យាល័យ។ អាហារូបករណ៍នេះនឹងជាចំណែកធំមួយ ជំរុញការសិក្សារបស់គាត់ឲ្យចប់ចុងចប់ដើម ជួយឲ្យគាត់ក្លាយជាស្ថាបត្យករមួយរូបដែលលើកតម្កើងសិល្បៈវប្បធម៌ខ្មែរនិងជាពិសេសសិល្បៈជនជាតិដើមភាគតិច និងជាគំរូមួយសម្រាប់យុវជននៅក្នុងសហគមន៍គាត់ផងដែរ។

ស៊ា សុភារុន

ស៊ា សុភារុន បានបញ្ចប់ការសិក្សាជំនាញបុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃ គាត់កំពុងធ្វើការជាបុគ្គលិកបច្ចេកទេសនៅអាជ្ញាធរជាតិអប្សរា។ ការងារគាត់​ ទាក់ទងនឹងការថែរក្សា អភិរក្ស ស្រាវជ្រាវ និងចងក្រងនូវសម្បត្តិបេតិកភណ្ឌ។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដោយសារវាចាំបាច់សម្រាប់ការទំនាក់ទំនង។ ម៉្យាងវិញទៀត វិស័យបុរាណវិទ្យា មានការសិក្សាចងក្រងជាភាសាអង់គ្លេស។ គាត់នឹងត្រូវធ្វើការបកប្រែឯកសារទាំងនោះដើម្បីផ្សព្វផ្សាយនិងចែករំលែកដល់យុវជនជំនាន់ក្រោយ។ គាត់ក៏មានគោលបំណងបន្តការសិក្សានៅបរទេស។ អាហារូបករណ៍នេះនឹងជួយឲ្យគាត់ក្លាយទៅជាអ្នកបន្តវេន និងជាអ្នកដឹកនាំនាពេលអនាគតដែលពោរពេញដោយសមត្ថភាព ទាំងផ្នែកជំនាញនិងផ្នែកភាសា។

សូរ ចាន់នូ

សូរ ចាន់នូ ជាគ្រូបង្រៀនសិល្បៈរបាំបុរាណនិងរបាំប្រពៃណី នៅសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប។ គាត់ស្នើសុំអាហារូបករណ៍រៀនបរិញ្ញាបត្រផ្នែកគ្រប់គ្រង ដើម្បីយល់ដឹងពីការគ្រប់គ្រងនិងការដឹកនាំសិល្បករ។ អាហារូបករណ៍នេះក៏នឹងជួយពង្រីកចំណេះដឹងគាត់បន្ថែមទាំងការអភិវឌ្ឍខ្លួននិងភាពជាអ្នកដឹកនាំ និងក្លាយជាការញ៉ាំងចិត្តដល់ក្មេងក្នុងសហគមន៍គាត់ផងដែរ​។

សរ សុផៃ

សរ សុផៃ បានបញ្ចប់ការសិក្សាបរិញ្ញបត្រជំនាញបុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃកំពុងបម្រើការងារជាមន្រ្តីរាជការនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង។ គាត់ស្នើសុំអាហារូបករណ៍រៀនអនុបណ្ឌិតជំនាញបុរាណវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសិក្សាបន្តនិងចេះវិភាគកាន់តែស៊ីជម្រៅ ដោយសារគាត់មានគោលបំណង សិក្សាចងក្រងស្ថាននាមស្រុកនៅក្នុងខេត្តព្រៃវែង និងរៀបចំចុះបញ្ជីវត្ថុសិល្បៈធ្វើជាសៀវភៅសមុច្ច័យសារមន្ទីរខេត្តព្រៃវែង។

ត្រើយ យ៉ាម

ត្រើយ យ៉ាម ជាសិស្សនៅវិទ្យាល័យជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី និងជាអ្នករាំរបាំក្នុងក្រុមសិល្បៈវប្បធម៌ពូនងប៊ូស្រា។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដើម្បីងាយស្រួលក្នុងការបង្ហាញពីសិល្បៈវប្បធម៌របស់គាត់ទៅកាន់ពិភពលោក។ គាត់មានក្តីស្រមៃ ចង់ឲ្យសិល្បៈសហគមន៍គាត់មានភាពរីកចម្រើន និងមានភាពល្បីល្បាញ។ ដូច្នេះអាហារូបករណ៍នេះនឹងអាចជួយគាត់មានចំណេះដឹងបន្ថែមផ្នែកភាសាអង់គ្លេស មានភាពជាអ្នកដឹកនាំ បណ្តុះគំនិតថ្មីៗ និងមានភាពក្លាហានជាងមុន ដើម្បីជាគំរូដល់សហគមន៍គាត់។

ទ្រី សុខារស្មី

ទ្រី សុខារស្មី បច្ចុប្បន្នជានិស្សិតជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ព្រោះវាជាទុនសម្រាប់ការសិក្សាស្រាវជ្រាវពីផ្នែកស្ថាបត្យកម្មបន្ថែមឲ្យកាន់តែច្បាស់ ដើម្បីក្លាយខ្លួនជាបុគ្គលមានសមត្ថភាព ហើយគាត់ក៏មានបំណងក្លាយជាគ្រូបង្រៀនជំនាញនេះនាពេលអនាគតផងដែរ។ បន្ថែមពីនេះទៀត អាហារូបករណ៍នេះនឹងជួយឲ្យគាត់កាន់តែស្គាល់ខ្លួនឯងច្បាស់។

យាន ឆេងហាក់

យាន ឆេងហាក់ កំពុងសិក្សាជំនាញសិល្បៈនាដសាស្រ្តឆ្នាំទី១នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ មុនពេលបន្តការសិក្សានៅសាកលវិទ្យាល័យ គាត់បានចូលរួមសកម្មភាពផ្សព្វផ្សាយសិល្បៈផ្នែករបាំទៅសហគមន៍ក្នុងខេត្តកំពង់ធំ ជាប្រធានដឹកនាំក្រុមនិងជាអ្នករបាំផង។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ។ អាហារូបករណ៍នេះ នឹងជួយឲ្យគាត់អាចបញ្ចប់ការសិក្សាមុខជំនាញសិល្បៈបានដោយរលូន និងយកចំណេះដឹងដែលមានទៅផ្សព្វផ្សាយ ព្រមទាំងបណ្តុះបណ្តាលឧត្តមគតិស្នេហាវិស័យសិល្បៈដល់ក្មេងជំនាន់ក្រោយ ជាពិសេសលើកតម្កើងនិងបង្កើតមុខរបរដើម្បីផ្គត់ផ្គង់ជីវភាពសិល្បករឲ្យមានជីវភាពល្អប្រសើរ។

សម្រង់សម្តីពីសិស្សអាហារូបករណ៍


“I am always passionate to attend scholarship meetings because I can learn new things, build my self-confidence, and strengthen the relationships with my friends”_ KHEM Sok Srey Mean, Painting student

“My speaking skills and self-confidence have improved very much through the trainings and workshops by CLA.”_SGNOUN Kavey Sereyroth, Pin student

“I am more confident to share my ideas and am motivated to join educational events to improve both my general and artistic knowledge and skills”_EL Huyno, Painting student


រៀបចំដោយ៖


តាមដានព័ត៌មាន៖