រដូវ​វប្បធម៌​លើក​នេះ​ពិសេស​​ត្រង់ថា ​«ក្រុមរៀបចំកម្មវិធី​សុទ្ធតែ​ជាក្រុម​ការងារ​ក្នុងស្រុក​»

«និយាយទៅ​ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​​នោះ​គឺ​ការដែល ​យើង​អាចផ្តល់​មូលនិធិដំឡើងស្នាដៃថ្មីដើម្បីឲ្យ​សិល្ប​ករ​ជា​ច្រើន​បានដំឡើងស្នាដៃ​សិល្បៈថ្មីរបស់ខ្លួន… ដែលពួកគេ​សុទ្ធសឹង​តែ​ជា​សិល្បករ​ដែល​ធ្វើការ​ដោយ​មិន​គិត​ការ​នឿយហត់​ដើម្បីរក្សាទម្រង់​សិល្បៈ​នានា​ដែល​ស្ទើរ​តែបាត់បង់​​​​ឲ្យ​រស់ឡើងវិញ។ ហើយ​កាល​ដែល​យើងបាន​ជួយ​សម្រប​សម្រួល​ នាំយក​ការងារ​របស់​ពួកគាត់​មក​កាន់​ឆាកសម្តែងនេះ​ គឺ​ជា​អ្វីដែល​​ខ្ញុំរីករាយ​បំផុត​»

ប៊ននឹម មីលីយ៉ា អ្នកទទួលអាហារូបករណ៍ទស្សនកម្មវិធីសិល្បៈ

កាល​ពី​​ដើមខែកុម្ភៈ នៅ​ពេល​កម្មវិធីរដូវ​វប្បធម៌​ឆ្នាំ ២០២៣ ​ចាប់ផ្តើមលេចចេញ​ជារូបរាង ទស្សនិក​ជន​ ​ទាំងក្មេង​ចាស់​ប្រុសស្រី​ រាប់​រយនាក់​ក្នុងរាជធានីភ្នំពេញ ​និងតាម​បណ្តា​ខេត្ត​នានា និង​​ទស្សនិក​ជន​អន្តរជាតិ​ដែលរស់នៅ​កម្ពុជា​ បានមកជួបជុំគ្នាដើម្បី​​​ស្វែងយល់​​រឿងរ៉ាវ​​នៅ​ក្នុង​​សង្គម​កម្ពុជា​​​តាមរយៈ​ផ្ទាំង​​សិល្បៈទស្សនីយភាព​ ​​ សិក្ខា​សាលា​ វេទិ​ពិភាក្សា​ និង​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​ទៀត​​។ កម្មវិធី​រដូវ​វប្បធម៌​ឆ្នាំនេះ​បាន​នាំមក​នូវ​ប្រធាន​បទ​សំខាន់​មួយគឺ៖ «តែឯង​ តែ​យើង​»​ ដែលបង្ហាញ​នូវ​អំណរ​សាទរទៅ​ដល់​​ភាព​ជា​បុគ្គល​របស់​មនុស្ស​ម្នាក់​​​ ក៏​ដូចជា​សាទរដល់ទៅ​ដល់​​​ភាព​ចម្រុះ​របស់​ក្រុម​មនុស្ស​រស់​នៅ​ក្នុង​សហគមន៍​មួយ​ ​ឬច្រើន​ផងដែរ​។​

សយ​ ច័ន្ទបូរី ជាអ្នករចនា​កម្មវិធី​រដូវវប្បធម៌​ឆ្នាំ ​២០២៣ មួយរូប​ក្នុងចំណោម​​អ្នករចនា​កម្មវិធី​បីរូប​​បាន​និយាយថា​៖

«​សិល្បករ​ ទាំងអស់​មាន​លក្ខណៈ​ពិសេសៗ​រៀង​ខ្លួន។ គាត់មានភាព​ល្អឯក​ របស់​គាត់​ក្នុង​ការ​បង្កើត​​សិល្បៈ​ក្រោម​មូលបទមួយ​នេះ​ដែល​បង្ហាញ​ពីភាព​ចម្រុះផង​ និងភាព​ជា​បុគ្គលផង​។ ពួកគាត់​ដំឡើងស្នាដៃដែល​បង្ហាញ​​អំពី​មូលបទ​យើង​ទៅតាម​ការយល់ឃើញ​​​រៀងៗ​ខ្លួន​ របស់​ពួកគាត់… ប៉ុន្តែ​ស្នាដៃ​សិល្បៈមួយៗ​​ហ្នឹង​​មានអត្ថន័យ​​រួមមួយ។​ ដូច្នេះ​ធ្វើឲ្យស្នាដៃ​ទាំង​អស់​ហ្នឹង​មើល​ទៅ​មាន​សោភ័ណមែនទែន​ ហើយ​មិន​មែនធ្វើ​សម្រាប់​តម្រូវតាមការកំណត់​យើង​សុទ្ធសាធ​នោះ​​ទេ ប៉ុន្តែ​ធ្វើ​ដើម្បី​បង្ហាញគំនិត​ផ្ទាល់ខ្លួន​គាត់ និងដើម្បី​ទស្សនិក​ជន​គាត់។

«បើ​សម្រាប់ខ្ញុំ អ្នក​មិនបាន​ទៅមើលគឺ​នឹងស្តាយមែនទែន»។ សយ​ ច័ន្ទបូរី

កម្មវិធី​រដូវ​វប្បធម៌​​ដែលបង្កើត​ឡើងដោយ​សិល្បៈខ្មែរ​អមតៈ​បានក្លាយ​​ជាវេទិកា​ដំបូង​គេ និង​​ពិសេស​មួយ​ដែល​ធ្វើឡើង​ជាប្រចាំឆ្នាំ​។ ជាទីកន្លែងដែល ​​សិល្បករ និងប្រតិបត្តិករសិល្បៈ​បាន​ជួបជុំ​គ្នា​​បង្ហាញ​ពី​រឿងរ៉ាវ​​ ​បញ្ចេញ​មតិ គំនិត និងសំឡេង​ របស់​ពួកគេ​ស្រប​តាម​​បរិបទសង្គម​បច្ចុប្បន្ននៅ​​​កម្ពុជា​។ ការបង្ហាញពីរឿងរ៉ាវ និង​បញ្ចេញ​សំឡេង​ទាំង​នេះ​​​ធ្វើ​ឡើង​​តាមរយៈ​ការ​បង្កើត​ស្នាដៃថ្មី ​ និងកម្មវិធីសិល្បៈ​ថ្មីៗជាច្រើនទៀត​​​។ ទន្ទឹម​នឹង​​គ្នានោះដែរ​ ​កម្មវិធី​រដូវ​វប្បធម៌​ក៏​​លើក​ទឹកចិត្ត​ និង​បើក​ឲ្យ​មាន​ការជជែកវែកញែក និង​គិតគូរ​ពិចារណា​ស៊ីជម្រៅ​ ពីគ្រប់​មជ្ឈដ្ឋាន​​ ដែល​មាន​ទស្សនវិស័យចម្រុះ​ ពិសេស​ពីអ្នក​ដែលស្រលាញ់​គាំទ្រ​វិស័យសិល្បៈ​​។

នៅ​ក្នុងអំឡុងខែកុម្ភៈ កម្មវិធី​សិល្បៈ​ចំនួន១៩ ​ត្រូវ​បាន​រៀបចំឡើង និងបង្ហាញ​ជូន​ទស្សនិកជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​រួមមាន​របាំសហសម័យ  តន្ត្រីសហសម័យ ល្ខោនបុរាណ ល្ខោន​និយាយ​ ល្ខោនអាន​​ ស្នាដៃ​បែបឌីជីថល ​​ព្រមទាំង​កម្មវិធីចែករំលែកចំនេះដឹង​មួយ​ចំនួន​ទៀត​​ដែល​​ឆ្លុះ​បញ្ចាំង​​បរិបទ​​សង្គមខ្មែរ​ សព្វ​ថ្ងៃ​​ ដូចជា​កម្មវិធី​អំណាន​ ​អក្សរសិល្ប៍​​ច្នៃប្រតិដ្ឋ​​  បថកថា​ ​ល្ខោន​វេទិកា សិក្ខាសាលា និងវេទិកា​ពិភាក្សាជាដើម​​។

«និយាយរួមទៅ វាដូចសុបិន្តក្លាយជាការពិតអញ្ចឹង»។  ប៊ននឹម មីលីយ៉ា

ប៊ននឹម មីលីយ៉ា បាន​លើកឡើងយ៉ាងដូចនេះ​​ នៅពេល​ដែល​កញ្ញា​​បាន​សរុប​ការងារ​ពេញ​មួយឆ្នាំ​ដែលក្រុមការងារ​បានឆ្លងកាត់​ តាំង​ពី​​​ពេល​សិក្សាចំណេះដឹងជា​ទ្រឹស្តី​ក្នុងការ​​​រចនា​កម្មវិធី​​ រហូតដល់​ពេល​​អនុវត្ត​​ការងារជាក់ស្តែង​។​​

បន្ទាប់​ពី​រៀបចំកម្មវិធីរដូវវប្បធម៌នេះជិតរួចរាល់​  មីលីយ៉ា និយាយថា​ក្រុម​ការងារ​បាន​ស្វែង​យល់​ពីសហគមន៍ខ្លួន​កាន់​តែ​ច្បាស់ ដោយសារ​កន្លង​មក​​ក្នុងអំឡុង​រៀបចំ​កម្មវិធី​ពួកគេ​បាន​កសាង​បណ្តាញ​​ជាមួយសិល្បករជាច្រើន ធ្វើការស្រាវជ្រាវជាច្រើន និងបង្កើន​​ជំនាញ​ទំនាក់​ទំនង​​។

ប៊ននឹម ​មីលីយ៉ា និយាយថា៖​ «ដូច្នេះហើយ ចំណេះដឹង​ទាំងអស់​នោះមិនមែន​ស្ថិត​នៅតែ​ក្នុង​ការ​គិត​របស់​​​យើងទៀត​​ទេ ប៉ុន្តែ​វាបាន​លេច​ចេញរូបរាង​​មកជាការពិត ហើយ​ទីបំផុត​យើង​អាច​មើល​ឃើញ​ការងារ​ទាំងនេះ​បានដោយ​ផ្ទាល់ភ្នែក ហើយវាត្រូវ​បានបង្ហាញ​ទៅ​កាន់​អ្នក​ទស្សនា​ជាច្រើន​រយនាក់​»​។ ​

កម្មវិធីរដូវវប្បធម៌ក៏បាន​គាស់​រំលើង​នូវ​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​សម្តែង​ដ៏កម្រ​  និងសិល្បៈ​​បុរាណ​ដែល​​​ពីមុន​មកមិនសូវបានសាធារណជន​ចាប់អារម្មណ៍ ហើយ​សិល្បករ​ទាំងនោះ​​​​មិន​សូវ​បាន​​សម្តែង​ជា​​សាធារណជា​ញឹកញាប់ទេ។ មីលីយ៉ា លើកឡើងថា៖ «និយាយទៅ​ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​​នោះ​គឺ​ការដែល ​យើង​អាចផ្តល់​មូលនិធិដំឡើងស្នាដៃថ្មីដើម្បីឲ្យ​សិល្ប​ករ​ជា​ច្រើន​បានដំឡើងស្នាដៃ​សិល្បៈថ្មីរបស់ខ្លួន​ …ដែលពួកគេ​សុទ្ធសឹង​តែ​ជា​សិល្បករ​ដែល​ធ្វើការ​ដោយ​មិន​គិត​ការ​នឿយហត់​ដើម្បីរក្សាទម្រង់​សិល្បៈ​នានា​ដែល​ស្ទើរ​តែបាត់បង់​​​​ឲ្យ​រស់ឡើងវិញ។ ហើយ​កាល​ដែល​យើងបាន​ជួយ​សម្រប​សម្រួល​ នាំយក​ការងារ​របស់​ពួកគាត់​មក​កាន់​ឆាកសម្តែងនេះ​ គឺ​ជា​អ្វីដែល​​ខ្ញុំរីករាយ​បំផុត​»។ ​

ស្វែងយល់​ដោយ​ត្រិះ​រិះ​ពិចារណា​ និងបង្កប់ដោយ​ភាព​​ស៊ីជម្រៅ​  អប់រំ និង​ពញ្ញាក់​ស្មារតី​ ក៏​ប៉ុន្តែ​ផ្សារភ្ជាប់​ទៅ​នឹង​​អារម្មណ៍​កម្សាន្តសប្បាយភាពរីករាយ។ នេះ​គឺជា​បរិយាកាស​ក្នុងកម្មវិធី​រដូវ​វប្បធម៌​ ដែល​ សេរី ​វណ្ណកុសន អ្នករចនា​កម្មវិធី​មួយរូបទៀត​ បាន​រៀបរាប់។ 

សម្រាប់​ កុសន កម្មវិធីរដូវវប្បធម៌នេះបានផ្លាស់ប្តូរទស្សនៈរ​បស់កញ្ញា​យ៉ាងខ្លាំង​។

 «ដំបូង​​ខ្ញុំគិតថា យុវវ័យក្មេងៗ​ គេ​ប្រហែលជាមិនចាប់អារម្មណ៍លើ​របាំ ប្រពៃណី​ប៉ុន្មាន​ទេ ប៉ុន្តែ​តាម​ការពិត​ការសម្តែង​ដូចជាល្ខោនបុរាណ លិនថោងជាដើម​  ទទួល​បាន​មតិ​វិជ្ជមាន​យ៉ាង​ច្រើន​ពីទស្សនិកជន​វ័យក្មេងដែល​សុទ្ធសឹង​ជាយុវជន​»។ 

សេរី ​វណ្ណកុសន

កុសន​ ​យល់ឃើញ​ថា​ កម្ពុជា​មាន​អ្នក​និពន្ធជាច្រើន​ដែល​មាន​​ទេព​កោសល្យ​ ប៉ុន្តែ​មិនទាន់​ត្រូវ​បាន​បង្ហាញ​មុខ​ ដែល​ពួកគេ​ដូចជា​​ជាពេជ្រដែល​មិនទាន់ច្នៃ។ ​

កុសន​ ៖ «​ហើយ​​អ្វីដែលថ្មីសម្រាប់ខ្ញុំនោះ​គឺ​ ​កម្មវិធី​ល្ខោន​អាន​ និង​អក្សរសិល្ប៍​ច្នៃ​ប្រតិដ្ឋ​។​​ ​ខ្ញុំ​បាន​​រៀនសូត្រ​​អំពី​ទម្រង់មួយដែល​ថ្មី​ ​ អំពី​ភាព​ច្នៃប្រតិដ្ឋ​របស់​ពួកគាត់​។ អ្នក​និពន្ធ​គាត់​ពូកែ​មែនទែន​  គ្រាន់​តែ​យើង​ស្តាប់ការអាន​របស់​តួអង្គ ប៉ុន្តែយើង​ដូច​បាន​មើលឃើញ​ទិដ្ឋភាពពិត​របស់​​ពួកគាត់​ទៅ​តាម​សាច់រឿង… ដែលកាលពីមុន​ខ្ញុំធ្លាប់​តែ​គិត​ថា​​តែកាល​ណា​អាន​ គឺយើង​គ្រាន់តែមើល​អត្ថបទ​ហើយ​អាន​។ ប៉ុន្តែ ទម្រង់ថ្មី​នេះ​ តួអង្គ​ទោះ​ជា​មាន​​កាយ​​វិការ​តិចមែន ប៉ុន្តែទស្សនិកជន​ចាប់​អារម្មណ៍​ដោយគាត់លើកឡើងថា តាម​រយៈ​សំណេរ​រឿង​ហ្នឹងគាត់​អាច​មើលឃើញអីផ្សេងៗ​ អញ្ចឹង​ខ្ញុំ​ពិតជាសរសើរ​អ្នក​និពន្ធ​ដែរ ហើយ​ខ្ញុំ​គិតថាវា​ជួយលើកកម្ពស់ការតែង​និពន្ធ​»។

បើ​ទោះបី​ សិល្បៈខ្មែរអមតៈ​ ធ្លាប់​បាន​លើកយក​ប្រធាន​បទអំពី ​«អត្តសញ្ញាណ» មក​ជជែកដេញ​ដោល​ពិភាក្សា​នៅ​ក្នុង​កម្មវិធី​រដូវ​វប្បធម៌​​ពីមុន​ៗក៏ដោយ​  លោក ភូ ស្សង់បាទីស្ត៍​ គ្រូ​បង្កោល​កម្មវិធីអាហារូបករណ៍ «ទស្សនកម្មវិធីសិល្បៈ»និយាយថា ឆ្នាំ​នេះ​គឺខុស​ប្លែក​ខ្លាំងពី​ឆ្នាំ​មុន។

ខុសប្លែក​ ដោយសារ​តែឆ្នាំ​នេះ​ការជ្រើស​រើស​មូលបទ​ចេញ​ពី​គំនិត​រួមគ្នារបស់ក្រុម​សិក្ខាកាម​ដែល​​បាន​ទទួលការបណ្តុះបណ្តាល​ពី​ជំនាញ​រចនា​កម្មវិធីសិល្បៈ​របស់​សិល្បៈខ្មែរអមតៈ។ ​ពួកគេ​មាន​សំនួរ​ជាច្រើន​អំពី​ភាព​ជាបុគ្គល​​មួយៗ​​ដែលរស់នៅ​សង្គម​​ ហើយ​ថាតើ​យើង​ជា​បុគ្គល​ម្នាក់​ៗ​អាច​បញ្ចេញសំឡេង​របស់​ពួកយើង​របៀបណា​ ដែលអាច​ឲ្យ​យើង​ នៅ​តែអាច​បង្ហាញ​អំពី​ការ​ផ្សារ​ភ្ជាប់​ខ្លួន​នៅ​ក្នុងសង្គមតែមួយ​។

«នៅទីបំផុត​ ​ខ្ញុំយល់​ថាយើងបានបំពេញ​បេសកកម្មរបស់យើងបានដោយជោគជ័យ​ គឺយើង​បាន​រៀប​ចំ​កម្មវិធីរដូវវប្បធម៌​មួយ​ដែល​ប្រកបដោយគុណភាព ដែល​មាន​ការគិត​យ៉ាង​ជ្រៅជ្រះ​ល្អិត​ល្អន់​​អំពីខ្លឹមសារ និងអត្ថន័យនៃ​​កម្មវិធី ​ដំណើរការនៃ​កម្មវិធី​រលូន​ និង​ការ​ជ្រើសរើស​អ្នក​ចូលរួម​ មិន​ថា​តែ​សិល្បករនោះ​ទេ​ ប៉ុន្តែ​ទាំងវាគ្មិន​ដែល​ចូលរួមការជជែក​ពិភាក្សា​ និង​សិក្ខាសាលា​ផង​ដែរ​គឺ​ល្អ​»​។

លោក ភូ ស្សង់បាទីស្ត៍​

លោក​បាន​និយាយ​ដែរ​ថា​៖​ «​និយាយតាមត្រង់ទៅ ដំបូងខ្ញុំក៏ខ្លាចបន្តិចដែរ ព្រោះ​វាមាន​ការងារ​ច្រើន​ណាស់​ត្រូវធ្វើក្នុងនាមជាអ្នករចនា​កម្មវិធី​ពិព័រណ៍សិល្បៈវ័យក្មេង និងថ្មីថ្មោង។ ហើយ​ក្នុង​រដូវ​វប្បធម៌នេះមាន​កម្មវិធីជាច្រើនរាប់ទាំងសិល្បៈ​សម្តែង ល្ខោន​ សិក្ខាសាលា​ ការផ្តល់​ជំនួយ​ដល់​​សិល្បករ​តម្លើងកម្មវិធីជាដើម ។ល។ វា​ច្រើន​មែនទែន​ បើទោះបី​ជា​ សម្រាប់​យើង​ជា​អ្នក​ជំនាញ​ក៏​ដោយ​ចុះ​។​ អញ្ចឹង​យើង​ស្រមៃ​មើលន៍​ ទម្រាំ​​អ្នកដែលមិន​ធ្លាប់ធ្វើវាពីមុនមក។​ វា​ពិតជា​លើស​លុប​​បន្តិច​ហើយ​។ ​ដំបូងខ្ញុំ​ចេះ​តែ​បារម្ភ​​​​ខ្លះៗ​ ដែរថា៖ អូ! តើយើងចង់បាន​​លទ្ធផល​ធំធេង​ចេញ​​ពី​ការងារ​ដំបូង​របស់​ពួកគាត់ ឬយ៉ាងណា? ប៉ុន្តែ​ក្រោយមកយើងបាន​ឃើញលទ្ធផល ខ្ញុំ​បាន​ឃើញ​រូបភាព និង​វីដេអូជាច្រើន ហើយ​ខ្ញុំ​គិត​ថា៖ អូ! ពួក​គេ​ធ្វើ​បាន​ល្អ​ណាស់»​​​។

បូរី​ បាននិយាយដែរថា​ ក្រុមការងារ «រីកសាយ​» បាន​ជួយ​ពួកគេជាច្រើនសហការ​ក្នុងការងារ​ផ្សព្វផ្សាយ​កម្មវិធី​សិល្បៈ​នានា​នៃ​រដូវវប្បធម៌​ដើម្បី​ឲ្យទៅដល់​ទស្សនិកជន​ និងជាដៃគូ​ផលិត និង​ចងក្រង​ស្នាដៃ​សិល្ប​ករ​​យ៉ាងសកម្ម​នៅពីក្រោយកម្មវិធីរដូវវប្បធម៌​។ បូរី​ថា៖ «ក្រុមរៀបចំកម្មវិធី​​ពួកយើងសុទ្ធតែ​ជាក្រុម​ការងារ​ local​»។

ឡោ វុទ្ធី ជា​ប្រធានរបស់ «រីកសាយ» និងជា​​អ្នកគ្រប់គ្រងការ​ផលិត​ និងផ្សព្វផ្សាយ​រដូវ​វប្បធម៌​​ បាននិយាយថា នេះ​ជា​លើក​ទីមួយ​ដែល​ លោក​បាន​ចូល​រួម​ក្នុង​កម្មវិធីរដូវវប្បធម៌។

ឡោ វុទ្ធី ៖ «នៅ​ពេលខ្ញុំ​គ្រប់គ្រង​ផ្នែក​ផលិត​នៅ​កម្មវិធីរដូវវប្បធម៌នេះ ខ្ញុំមានឱកាសទស្សនា​គ្រប់​កម្មវិធី​ និងគ្រប់​ទម្រង់​សិល្បៈ​។ ប្រធានបទល្អ ហើយ​ពាក់ព័ន្ធ​ទៅនឹងបញ្ហា​ដែល​ជជែក​ពិភាក្សា​នៅ​ក្នុងសង្គម​យើង​​នាពេលបច្ចុប្បន្ន។​ ខ្ញុំចាប់អារម្មណ៍​នឹងការសម្តែង​ល្ខោនបុរាណ​វត្ត​កៀនស្វាយ​ក្រៅ​​ដែល​ខ្ញុំឃើញថា​ទម្រ់នេះ​ស្ទើរតែត្រូវ​បានគេបំភ្លេចទៅហើយ។  ការ​សម្តែងរបស់​ពួកគាត់​គឺ​ប្លែក​ពីគេ ខុស​ពី​យីកេ និង​ខុសពី​ល្ខោនខោល។ ចាប់​តាំង​ពី​ខ្ញុំ​ធ្លាប់​គ្រប់គ្រង​​កម្មវិធី​សិល្បៈ​​ជាច្រើន​កន្លង​មក ខ្ញុំមិនដែលបាន​​ឃើញទម្រង់សិល្បៈ​​សម្តែង​បែបនេះ​ពីមុន​មក​ទេ ហើយខ្ញុំគិតថាវា​ល្អ​ណាស់​ដែលអ្នក​សម្តែង​អាចធ្វើឲ្យ​ទស្សនិកជន​ទាំងក្មេង​ទាំងចាស់​ចាប់អារម្មណ៍​»។​

នៅ​ខែមីនានេះ កម្មវិធីរដូវវប្បធម៌បាន​ធ្វើដំណើរទៅកាន់ខេត្តចំនួន៤ រួមមាន ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​កំពង់​ធំ ​ខេត្តប៉ៃលិន និងខេត្តព្រះវិហារ ដែលយើងនឹងទៅដល់​​សហគមន៍​​ចំនួន​១២​​។

រដូវ​វប្បធម៌ឆ្នាំ២០២៣ ក្រោមមូលបទ​ «តែឯង តែយើង» ត្រូវបានរចនា​ឡើងដោយ​​សិក្ខាម​ចំនួន​៣​នាក់​ ដែលបានទទួលបាន​ការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ​អំពីជំនាញរៀបចំ​កម្មវិធី​ ក្រោមកម្មវិធីអាហារូបករណ៍​ទស្សនកម្មវិធីសិល្បៈ គាំទ្រដោយ​ សិល្បៈខ្មែរអមតៈ ។


រៀបចំដោយ៖

គាំទ្រថវិកាដោយ៖

គាំទ្រដោយ៖

ដៃគូផ្សព្វផ្សាយ៖


ឧបត្ថម្ភទីតាំងដោយ៖


តាមដានព័ត៌មាន៖