បើនិយាយរៀបរាប់អំពីវង់ភ្លេងបុរាណខ្មែរ អ្នកនឹងនឹកឃើញដល់វង់ភ្លេងពិណពាទ្យមុនគេ ព្រោះគេតែងនិយមយកភ្លេងនេះ ប្រគុំកំដរក្នុងកម្មពិធីផ្សេងៗជារឿយៗ។
ភ្លេងពិណពាទ្យ គឺជាគ្រឿងតន្ត្រីសម្រាប់វាយ ដំ ផ្លុំ រួមផ្គុំគ្នាបង្កើតបានជាវង់មួយ ដែលមានអង្គ ៥ គឺមានវាទ្យភណ្ឌ (គ្រឿងភ្លេង) ប្រាំឈ្មោះគឺមានរនាតមួយ ឬមានរនាតបី គឺរនាតឯក១ រនាតធុង១ រនាតដែក១, មានគងវង់មួយវង់ ឬមានគងវង់ពីរវង់ គឺគងវង់ធំ១ វង់ គងវង់តូច១វង់, មានស្រឡៃ១ មានសម្ភោរ១ មានស្គរធំពីរ រួមគ្នាជា។
យោងតាមតំណាលតគ្នា ភ្លេងពិណពាទ្យ មានប្រភពដើមនៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថាពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ លុះចំណេរកាលតមក ខ្មែរយើងបំបាត់ ពិណ ចេញមិនបញ្ចូលក្នុងវង់ភ្លេងនេះ ប៉ុន្តែភ្លេងប្រភេទនេះនៅតែមានឈ្មោះថា ពិណពាទ្យ ដូចដើមដដែល ហើយបច្ចុប្បន្នក្រុមភ្លេងពិណពាទ្យគឺជាក្រុមវង់ភ្លេងព្រះរាជវាំង។ ទម្រង់ភ្លេងមានច្រើនបទដែលគេយកមកលេងក្នុងពិធីផ្សេងៗដូចជា៖ ព្រះរាជពិធីបួងសួង ទទួលក្បួនទ័ព ព្រះរាជពិធីច្រត់ព្រះនង័្គល របាំទេពមនោរម្យ របាំអប្សរា ល្ខោនខោល ល្ខោនស្បែកតូច ល្ខោនស្បែកធំ ល្ខោនរឿងរៀមកេរ្តិ៍ បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនទាន បុណ្យផ្កា បុណ្យបញ្ចុះខន្ធសីមា។ល។
ទន្ទឹមនឹងនេះ យើងក៏មិនអាចរំលងនូវវត្តមានបុគ្គលសំខាន់មួយរូប ដែលបានរួមចំណែកយ៉ាងសកម្មធ្វើឱ្យវង់ភ្លេងពិណពាទ្យមានភាពរស់រានដល់សព្វថ្ងៃ នោះគឺព្រឹទ្ធាចារ្យវីរៈសិល្បការិនី ទេព ម៉ារី។
តន្ត្រីការិនីទេព ម៉ារី ហៅទូច ប្រសូតនៅឆ្នាំ ១៩៣៣ មានស្រុកកំណើតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជាឧបនិស្ស័យទាំងវ័យក្មេង កុមារី ម៉ារី បានចាប់ផ្ដើមរៀនភ្លេងបុរាណតាំងពីអាយុ១១ឆ្នាំ ជាមួយឪពុកមាគឺលោកគ្រូ យ៉ា ឡុង។ ក្រោយមកលោកគ្រូបានផ្លាស់ទៅបង្ហាត់ភ្លេងនៅក្នុងព្រះបរមរាជវាំង កុមាររូបនេះផ្តាច់ប្តូរបន្តដេញតាមក្តីស្រមៃ បានសុំទៅជាមួយឪពុកមាដើម្បីបានសិក្សារៀនសូត្រភ្លេងបន្ថែម។ ការអត់ធ្មត់តាំងចិត្តខិតខំស្រូបវិជ្ជាអស់ជាច្រើនឆ្នាំ ទើបគាត់មានឯកទេសយ៉ាងចំណាន ចេះលេងគ្រប់ឧបករណ៍ភ្លេងទាំងអស់ក្នុងវង់ភ្លេងពិណពាទ្យ។ មិនតែប៉ុណ្ណោះគាត់បានក្លាយជាតន្ត្រីការិនីប្រចាំព្រះបរមរាជវាំង និងជាមិត្តរួមអាជីពជាមួយ ព្រឹទ្ធាចារ្យវីរៈសិល្បករ ឯក សុន។
ឆ្លងផុតស្បៃអន្ធិកានៃរបបខ្មែរក្រហម ព្រឹទ្ធាចារ្យម៉ារី មិនដែលបោះបង់ក្តីស្រលាញ់នោះចំពោះសិល្បៈភ្លេងបុរាណនោះឡើយ។ គាត់បានវិលត្រលប់មកកាន់ភ្នំពេញ ដើម្បីសិក្សាភ្លេងបន្ត និងបានចូលរួមហាត់ល្ខោនស្រមោលស្បែកធំ ជាមួយព្រឹទ្ធាចារ្យវីរៈសិល្បករ ទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន។
នៅឆ្នាំ ២០០៣ អង្គការសិល្បៈខ្មែរអមតៈ បានអញ្ជើញព្រឹទ្ធាចារ្យ ម៉ារី ចូលរួមក្នុងកម្មវិធីព្រឹទ្ធាចារ្យសិល្ប:សម្តែង។ គំនិតផ្តួចផ្តើមដ៏សំខាន់បំផុតដែលបានបង្កើតកម្មវិធីនេះឡើង គឺក្នុងគោលបំណងដើម្បីធានាឲ្យបាននូវចំណេះដឹងនៃសិល្ប:គ្រប់ទម្រង់របស់ព្រឹទ្ធាចារ្យសិល្ប:នានា ដែលនៅរស់រានមានជីវិតក្រោយរបបខ្មែរក្រហម និងផ្ទេរចំណេះជំនាញ់ទាំងនោះទៅកាន់កូនចៅជំនាន់ក្រោយៗទៀតដើម្បីជួយបន្តផ្សព្វផ្សាយសម្បត្តិវប្បធម៌ជាតិ ។
ក្នុងជម្មាយុ៨៧ឆ្នាំ ព្រឹទ្ធាចារ្យ ទេព ម៉ារី បានមានប្រសាសន៍ថា «បើអាចត្រលប់ពេលវេលាថយក្រោយបានលោកនៅតែបន្តរើសយកវិថីនេះ ព្រោះគាត់ស្រលាញ់សិល្បៈខ្លាំងណាស់ ជាពិសេសគឺភ្លេងពិណពាទ្យនេះ»។ ហើយលោកថែមទាំងពោលដោយទឹកមុខស្រពាប់ស្រពោន ព្រោះលោកមានការសោកស្តាយដែលមិនអាចបន្តបង្រៀនសិស្សបានទៀត ត្បិតស្ថិតក្នុងជរាភាពហើយក្តី។
នៅថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ ព្រឹទ្ធាចារ្យ ទេព ម៉ារី បានទទួលមរណភាព ដោយជរាពាធ។
ការចាក់ចេញរបស់ព្រឹទ្ធាចារ្យ ទេព ម៉ារី គឺជាការបាត់បង់នូវធនធានដ៏សំខាន់មួយនៃទម្រង់សិល្បៈតន្រ្តីបុរាណ។ ព្រោះកាលលោកនៅមានជីវិត លោកតែងចិញ្ចឹម និងបណ្ដុះបណ្ដាលភ្លេងពិណពាទ្យ ដល់ក្មេងកំព្រា និងក្មេងក្រីក្រ។ គាត់បានបន្សល់ទុកសមិទ្ធិផលជាច្រើន រួមទាំងកិត្តិសព្ទ និងចំណេះជំនាញដល់កូនសិស្សលោកជាច្រើនរាប់មិនអស់ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ មិនអាចកាត់តម្លៃបាន។