អំពីពិព័រណ៍រូបថត «ស្គុះស្គាយ រាយជំនាន់សិល្បករ»
សិល្បៈខ្មែរអមតៈ រៀបចំការតាំងពិព័រណ៍រូបថត «ស្គុះស្គាយ រាយជំនាន់សិល្បករ» ចាប់ពីថ្ងៃទី ១០ ដល់ ២៥ ខែកញ្ញា ឆ្នាំ ២០២១ នៅ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។
ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយអ្នករៀបចំពិព័រណ៍រូបថតកម្ពុជាដ៏ល្បីឈ្មោះ លោក សុវណ្ណ ភីឡុង។ បណ្តុំរូបថតទាំងនេះនៃសិស្សអាហារូបករណ៍ចំនួន១០រូប បង្ហាញពីសិល្បករកម្ពុជាដែលរីកស្គុះស្គាយជាមួយភាពច្នៃប្រតិដ្ឋរបស់ពួកគេ។
ក្នុងនាមជាអ្នកគាំទ្រសិល្បៈ និងបេតិកភណ្ឌកម្ពុជាជាយូរយារណាស់មកហើយ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការមកដល់នៃការតាំងពិព័រណ៍សិល្បៈថ្មីមួយ ដែលមានចំណងជើងថា «ស្គុះស្គាយ រាយជំនាន់សិល្បករ» ១០ រូប នៃសិស្សអាហារូបករណ៍របស់អង្គការសិល្បៈខ្មែរអមតៈ។ ចាប់ពីថ្ងៃទី ១០ ដល់ ២៥ ខែកញ្ញា ឆ្នាំ ២០២១ ដំណើរថតរូបដ៏គួរឲ្យទាក់ទាញនេះ មានបង្ហាញពីរូបថតរបស់សិស្សអាហារូបករណ៍ចំនួន ១០ រូប មកពីអង្គការសិល្បៈខ្មែរអមតៈ ដើម្បីអបអរសាទរខួប១០ឆ្នាំនៃកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន។
បន្ទាប់ពីកម្ពុជាបានបាត់បង់សិល្បករ ៩០% ក្នុងសម័យខ្មែរក្រហម អ្នកនៅរស់រានម្នាក់ បានបង្កើតអង្គការសិល្បៈខ្មែរអមតៈ នៅឆ្នាំ១៩៩៨ ក្នុងគោលបំណងការពារថែរក្សាសិល្បៈវប្បធម៌ដែលប្រឈមនឹងការបាត់បង់។ បច្ចុប្បន្ន អង្គការក្រៅរដ្ឋាភិបាលមួយនេះកំពុងគាំទ្រវិស័យសិល្បៈជាតិប្រកបដោយភាពរីកចម្រើនតាមរយៈការផ្តល់អាហារូបករណ៍ និងការងារជូនដល់ពួកគាត់។ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បានគាំទ្រ និងជួយដល់សិស្ស ១២០ នាក់ចាប់តាំងពីការកកើតមក។
ក្រោមការដឹកនាំដោយនាយកប្រតិបត្តិលោក ព្រីម ភ្លឿន បេសកកម្មរបស់សិល្បៈខ្មែរអមតៈ បានជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈវិស័យសិល្បៈ ហើយក៏ជាកិច្ចការមួយដែលសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានមោទនភាពក្នុងការគាំទ្រពិព័រណ៍ «ស្គុះស្គាយ រាយជំនាន់សិល្បករ» នាំមកជូនដោយ អ្នករៀបចំពិព័រណ៍រូបថត សុវណ្ណ ភីឡុង និងសិល្បករថតរូប ឈិន គឹមហុង។
ភីឡុង និង គឹមហុង បានធ្វើដំណើរទូទាំងប្រទេសដើម្បីចាប់យករូបភាពសិល្បករនៅក្នុងបរិយាកាសច្នៃប្រតិដ្ឋរបស់ ពួកគេ រួមជាមួយទេសភាព និងទិដ្ឋភាពប្លែកៗរបស់កម្ពុជា។
លោក ភ្លឿន និយាយថា «ភីឡុង គឺជាសិល្បករថតរូបដ៏ជោគជ័យម្នាក់ក្នុងចំណោមសិល្បករថតរូបដ៏ជោគជ័យជាច្រើននៅក្នុងជំនាន់ដំបូងក្រោយសម័យសង្រ្គាម។ ដោយសារតែការយកចិត្តទុកដាក់ និងទស្សនៈពិសេសរបស់គាត់ គាត់អាចរៀបរាប់រឿងរ៉ាវអំពីសិស្សអាហារូបករណ៍របស់យើង ដោយតភ្ជាប់ជាមួយ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។»
ជាលទ្ធផល រូបភាពទាំងនេះមិនត្រឹមតែណែនាំពីសិស្សអាហារូបករណ៍ប៉ុណ្ណោះទេ តែថែមទាំងប្រាប់រឿងមួយទៀតអំពីជំនាញពិសេសរបស់ពួកគេផងដែរ គឺរាប់តាំងពីសិល្បៈរបាំសហសម័យ គំនូរ ស្ថាបត្យកម្ម ល្ខោនស្រមោល ល្ខោនខោល និងតន្ត្រីតាខេ។
«យើងមានមោទនភាពដែលបានសហការជាមួយអង្គការសិល្បៈខ្មែរអមតៈ ដើម្បីនាំមកនូវការតាំងពិព័រណ៍ដ៏ពិសេសនេះ។ ពិព័រណ៍នេះបង្ហាញពីភាពស្និទ្ធស្នាល ភាពស្រស់ស្អាត គំនិត ភាពច្នៃប្រតិដ្ឋ និងជំនាញរបស់ ភីឡុង និង គឹមហុង។» Daniel Simon នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ
ការតាំងពិព័រណ៍នេះ គឺជាការអបអរសាទរនូវភាពជោគជ័យរបស់សិល្បករក្នុងស្រុក ដែលបានក្លាយជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅប្រទេសកម្ពុជា ក្នុងទិសដៅថ្មីដ៏គួរឲ្យចាប់អារម្មណ៍។
អំពីមូលនិធិដំឡើងស្នាដៃថ្នី
អត្ថបទពីលោក ព្រីម ភ្លឿន នាយកប្រតិបត្តិ អង្គការសិល្បៈខ្មែរអមតៈ
ក្នុងឆ្នាំ ២០១១ អង្គការសិល្បៈខ្មែរអមតៈបានបង្កើតកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន ក្នុងគោលបំណងចូលរួមចំណែកទប់ស្កាត់ការបោះបង់ការសិក្សារបស់និស្សិតនៅថ្នាក់សាកលវិទ្យាល័យ។ មកដល់ឥឡូវនេះ មានរយៈពេលមួយទស្សវត្សរ៍ហើយដែលកម្មវិធីនេះ នៅតែបន្តផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្ដល់បន្ថែមនូវកម្មវិធីបណ្ដុះគុណតម្លៃទៅតាមឆ្នាំនីមួយៗ ដើម្បីជួយដុះខាត់ទេពកោសល្យ ភាពជាអ្នកដឹកនាំ និងជំនាញអភិវឌ្ឍខ្លួននានាដល់សិស្សអាហារូបករណ៍ ដើម្បីពួកគេអាចដឹកនាំ ក្នុងវិស័យសិល្បៈច្នៃប្រតិដ្ឋ ព្រមទាំងអាចបង្កើតឲ្យមានផលវិជ្ជមានក្នុងសង្គមកម្ពុជា។
បន្ទាប់ពីបានវិនិយោគអស់រយៈពេលមួយទស្សវត្សរ៍ទៅលើយុវជនកម្ពុជាមួយជំនាន់ ដែលពោរពេញដោយទេពកោសល្យយើងបានឃើញថា មានអតីតសិស្សអាហារូបករណ៍ជាច្រើននាក់បានក្លាយខ្លួនជាសិល្បករដ៏អស្ចារ្យ បន្ទាប់ពីបានឆ្លងកាត់កម្មវិធីអាហារូបករណ៍នេះ។ យើងបានសហការជាមួយសិល្បករថតរូប សុវណ្ណ ភីឡុង ក្នុងគោលបំណងចែករំលែករឿងរ៉ាវជោគជ័យ និងគំនិតច្នៃប្រតិដ្ឋរបស់ពួកគេ ព្រមទាំងភាពរុងរឿងសម្រាប់ថ្ងៃអនាគតផងដែរ។ សុវណ្ណ ភីឡុង គឺជាសិល្បករថតរូបដ៏ជោគជ័យម្នាក់ក្នុងចំណោមសិល្បករថតរូបដ៏ជោគជ័យជាច្រើននៅក្នុងជំនាន់ដំបូងក្រោយសម័យសង្គ្រាម ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គាត់បានវិវត្តខ្លួនក្លាយជាអ្នករៀបចំពិព័រណ៍រូបថត។ យើងសហការជាមួយគាត់ដោយសារឃើញសមត្ថភាពពិសេសរបស់គាត់ក្នុងការយកចិត្តទុកដាក់ស៊ីជម្រៅ និងមានទស្សនៈវិស័យវែងឆ្ងាយលើប្រទេសកម្ពុជា ដែលនេះគឺជាចំណុចស្របគ្នា ក្នុងការបង្ហាញពីរឿងរ៉ាវ របស់សិស្សអាហារូបករណ៍យើង និងភ្ជាប់ទំនាក់ទំនងរវាងអតីតកាល បច្ចុប្បន្ន និងអនាគត។
អត្ថបទពីអ្នករៀបចំពិព័រណ៍
ពីលោក សុវណ្ណ ភីឡុង អ្នករៀបចំពិព័រណ៍
ក្នុងនាមខ្ញុំជាអ្នករៀបចំពិព័រណ៍រូបថតអាជីពម្នាក់ ខ្ញុំមានតួនាទីត្រូវជ្រើសនិងកំណត់យករូបថត ដែលទទួលបានពីអ្នកថតរូប ដើម្បីដាក់តាំងពិព័រណ៍។ ខ្ញុំមានតួនាទីពិនិត្យមើលរូបថត និងរៀបចំរូបភាពទាំងនោះឲ្យត្រូវតាមបរិបទពិព័រណ៍ដើម្បីឲ្យអ្នកទស្សនាចាប់អារម្មណ៍ និងដិតដាមជាមួយពិភពច្នៃប្រតិដ្ឋរបស់សិល្បករ។
នៅពេលអង្គការសិល្បៈខ្មែរអមតៈ ទាក់ទងមកខ្ញុំឲ្យរៀបចំពិព័រណ៍រូបថតមួយ ដើម្បីអបអរសាទរខួបគម្រប់ ១០ ឆ្នាំ នៃកម្មវិធីអាហារូបករណ៍ អាន ចន ផន ខ្ញុំគិតថា វាគឺជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំ។ ការងារនេះ មិនមែនត្រឹមតែជាការជ្រើសរើសរូបថតប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំត្រូវធ្វើដំណើរឆ្លងកាត់ខេត្តនានា ក្នុងប្រទេសកម្ពុជា ដើម្បីផ្ដិតយករូបថតជាច្រើនពីសិស្សអាហារូបករណ៍ទាំង ១០ រូប មកដាក់បង្ហាញនៅក្នុងពិព័រណ៍រូបថតនេះ។ ដើម្បីសម្រេចកិច្ចការនេះបាន ខ្ញុំបានសហការជាមួយ លោក ឈិន គឹមហុង អ្នកថតរូបវ័យក្មេងកំពុងរះ ដែលជាស្នាដៃរបស់គាត់បង្ហាញពីភាពស៊ីជម្រៅតាមបែបសិល្បៈ។
ជាមួយសេរីភាពនៃភាពច្នៃប្រតិដ្ឋ យើងទទួលបានបណ្ដុំរូបថតជាច្រើន ដែលពិតជាមានតម្លៃ និងមានអត្ថន័យជ្រាលជ្រៅជាងរូបថតអត្តសញ្ញាណប័ណ្ណ ឬរូបទេសភាពប៉ូសកាត។ យើងបានចុះទៅជួបជាមួយសិស្សអាហារូបករណ៍ ដែលជាសិល្បករ នៅតាមផ្ទះរបស់ពួកគេ ក្នុងបណ្ដាខេត្តមួយចំនួនដើម្បីចងក្រងព័ត៌មានបង្ហាញអំពី ធម្មជាតិសិល្បៈ និងភាពច្នៃប្រតិដ្ឋអំពីប្រទេសកម្ពុជា។ ចំណុចពិសេសគឺ យើងបានធ្វើការយ៉ាងជិតស្និទ្ធ ចុះជួបផ្ទាល់ ពិភាក្សា និងឈ្វេងយល់ពីអ្វីៗ ដែលនៅជុំវិញខ្លួនរបស់ពួកគេ ដូចជា ស្ទូឌីយោ ទីកន្លែង ទេសភាព រោងល្ខោនជាដើម។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពី បរិស្ថានដែលពួកគេរស់នៅ ធំធាត់ និងធ្វើឲ្យក្ដីស្រម៉ៃសិល្បៈរបស់ពួកគាត់រីកស្គុះស្គាយឡើង។
នៅក្នុងពិព័រណ៍រូបថតនេះ ខ្ញុំសូមគោរពអញ្ជើញអ្នកទាំងអស់គ្នា ធ្វើដំណើរជាមួយខ្ញុំពីខេត្តមួយទៅខេត្តមួយទៀត ដើម្បីទទួលបាននូវបទពិសោធន៍ដ៏ស៊ីជម្រៅ និងឃើញអំពីភាពខ្ពស់ត្រដែតនៃសិល្បៈវប្បធម៌កម្ពុជាសព្វថ្ងៃនេះ ហើយធ្វើការស្រមើស្រមៃមើល តើយើងគួរធ្វើយ៉ាងណា ដើម្បីជំរុញ និងវិនិយោគឲ្យវិស័យសិល្បៈនេះបន្តទៅមុខទៀតជារៀងរហូត។
កម្រងរូបថតពីពិព័រណ៍ «ស្គុះស្គាយ រាយជំនាន់សិល្បករ»
ខ្សែភាពយន្ដខ្លីថ្មី «ហ៊ានស្រម៉ៃ»
អង្គការសិល្បៈខ្មែរអមតៈ បានឧបត្ថម្ភលើការថតភាពយន្ដខ្លីថ្មី «ហ៊ានស្រម៉ៃ» ដែលផលិតដោយលោក នាង កាវិច ផលិតករជាប់ពានរង្វាន់ សម្រាប់ខួប ១០ ឆ្នាំ នៃកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន។ ភាពយន្ដ «ហ៊ានស្រម៉ៃ» បង្ហាញពីចំណង់ចំណូលចិត្តក្នុងការច្នៃប្រតិដ្ឋ និងការពុះពារព្យាយាមរបស់សិស្សអាហារូបករណ៍ ៤ រូប រួមមាន ជីវ ឆេងហ៊ាង, ណា ស៊ីដាវីត, នូ សំណាង, និង មៀន សុវណ្ណា ដែលពួកគាត់កំពុងរៀបចំផ្លូវថ្មីរបស់ខ្លួនក្នុងជំនាញស្ថាបត្យកម្ម តន្រ្តី និងរបាំ។