«ការណ៍ដែលទស្សនិកជនមកមើលល្ខោនបុរាណគឺកត្តាមួយដែលជួយលើកទឹកចិត្តដល់សិល្បករផង ជួយផ្សព្វផ្សាយដល់ទម្រង់ល្ខោនផង ហើយនឹងជួយបញ្ជ្រាបនូវវិស័យវប្បធម៌ដល់កូនរបស់ពួកគេបន្តបន្ទាប់ទៀតផង។ ខ្ញុំមានអារម្មណ៍ល្អមែនទែន ដែលសិល្បៈខ្មែរអមតៈជួយផ្សព្វផ្សាយឲ្យគេស្គាល់យ៉ាងទូលំទូលាយ ហើយទី២គាត់ជួយក្នុងវិស័យនេះឲ្យមានការយល់ដឹង និងមានការគាំទ្រច្រើន។ អញ្ចឹងបើគ្មានទស្សនិក និងបើគ្មានសិល្បៈខ្មែរអមតៈទេ ការងារទាំងនេះនឹងមិនទៅមុខ។ ហើយសំខាន់បំផុតនោះគឺទម្រង់សិល្បៈមួយនេះកំពុងតែរស់ឡើងវិញ។ សិល្បករទាំងអស់ សប្បាយចិត្ត និងរំភើបមែនទែន»
ណម ណារីម អ្នកសម្របសម្រួលបច្ចេកទេសសិល្បៈ និងជាអ្នកនិពន្ធក្បាច់របាំ
ទស្សនិកជនជាង ៤០០ នាក់ បានបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈសម្តែង «ល្ខោនបុរាណវត្តកៀនស្វាយក្រៅ»។ សំបុត្ររបស់យើងបានលក់អស់ទៅហើយ ក៏ប៉ុន្តែនៅមានមនុស្សម្នាកាន់តែច្រើនបានចូលមកទស្សនាបន្តបន្ទាប់មុនកម្មវិធីចាប់ផ្តើម។ អ្នកខ្លះបានកៅអីអង្គុយ ឯអ្នកខ្លះទៀតសុខចិត្តឈរខាងក្រោយដើម្បីបានទស្សនាល្ខោនបុរាណ។
ពុំ សុខឃីម ប្រធានដឹកនាំសិល្បករសម្តែងល្ខោនបុរាណវត្តកៀនស្វាយក្រៅ និង ណម ណារីម អ្នកសម្របសម្រួលបច្ចេកទេសសិល្បៈ និងជាអ្នកនិពន្ធក្បាច់របាំ បានបង្ហាញការយល់ឃើញដូចគ្នាថា ទស្សនិកជនដែលមានវត្តមានទាំងអស់នោះហើយ ដែលជាហេតុផលធំធេងធ្វើឲ្យល្ខោនបុរាណរស់ឡើងវិញបាន។
ការគាំទ្រឲ្យមានការតម្លើងសិល្បៈសម្តែង «ល្ខោនបុរាណវត្តកៀនស្វាយក្រៅ» នៅក្នុងកម្មវិធីរដូវវប្បធម៌ គឺជាគោលបំណងដ៏សំខាន់មួយរបស់អង្គការសិល្បៈខ្មែរអមតៈ ដោយយើងមានបេសកកម្មដើរតួជាកាតាលីករជម្រុញឲ្យវិស័យសិល្បៈមានភាពរស់រវើក និងមានការការអភិវឌ្ឍល្អប្រពៃ។
សិល្បៈខ្មែរអមតៈបានអញ្ជើញក្រុមសិល្បករ ល្ខោនបុរាណវត្តកៀនស្វាយក្រៅមកសម្តែងរឿង«លិនថោង» ជូនសាធារណជនបានទស្សនា រួមទាំងផ្តល់ថវិកាសម្រាប់គាំទ្រការរៀបចំ ហាត់សម និងតម្លើងផ្ទាំងទស្សនីយភាពដ៏ល្អឯកមួយនេះ។ វង់ល្ខោនបុរាណ (ឬល្ខោនពោលស្រី) មានដើមកំណើតនៅខេត្តកណ្តាល។ ក្រុមល្ខោននេះ ដឹកនាំដោយស្ត្រីៗ និងមានតួអង្គសុទ្ធតែជាស្រ្តីទាំងអស់ លើកលែងតែតួត្លុកកំប្លែងដែលមានតួនាទីបើកឆាកសាច់រឿង។ ក្រោយមកទម្រង់ល្ខោននេះត្រូវបានបង្ហាត់បង្រៀនតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ នៅឯស្រុកកៀនស្វាយខេត្តកណ្តាល។
សាច់រឿង «លិនថោង» ត្រូវបានជ្រើសរើសសម្រាប់ការសម្តែង។ សាច់រឿងនេះបានបាត់បង់ក្រាំងបុរាណ (អត្ថបទដើម) របស់វាទៅហើយ។ ប៉ុន្តែសាច់រឿងដែលត្រូវយកមកសម្តែងនេះ ចងក្រងឡើងវិញតាមលំនាំនិទានតៗគ្នា តាមរយៈសិល្បករចាស់ៗ ពីជំនាន់មួយទៅមួយជំនាន់ដែលពួកគេជាសម្តែងផង និងជាអ្នកអភិរក្សល្ខោនបុរាណមួយនេះផង។
សិល្បករដែលនៅរស់រានមានជីវិតមាន៖ លោកយាយ ជា មុត និងលោកយាយ អ៊ូ ណន មានជន្មាយុ ៩៤វស្សា លោកយាយ គិន យិន ៨៥ វស្សា លោកយាយជិញ និងលោកតាគង់ ដែលពួកគាត់ជាអ្នកនៅពីក្រោយការអភិរក្ស ល្ខោនបុរាណ ដោយបានថែរក្សាទុកដាក់នូវអត្ថបទចម្រៀង ពាក្យកាព្យសម្រាប់សាច់រឿងល្ខោន តន្ត្រី ទម្រង់ ចង្វាក់ និងក្បាច់នៃរបាំ និងការសម្តែងជាដើម ដែលនៅបន្តសេសសល់មកទល់សព្វថ្ងៃនេះ។
ណម ណារីម ជាអ្នកសម្របសម្រួលបច្ចេកទេសសិល្បៈ និងជាអ្នកនិពន្ធក្បាច់របាំ បាននិយាយថា៖ «ការណ៍ដែលទស្សនិកជនមកមើលល្ខោនបុរាណគឺកត្តាមួយដែលជួយលើកទឹកចិត្តដល់សិល្បករផង ជួយផ្សព្វផ្សាយដល់ទម្រង់ល្ខោនផង ហើយនឹងជួយបញ្ជ្រាបនូវវិស័យវប្បធម៌ដល់កូនរបស់ពួកគេបន្តបន្ទាប់ទៀតផង។ ខ្ញុំមានអារម្មណ៍ល្អមែនទែន ដែលសិល្បៈខ្មែរអមតៈជួយផ្សព្វផ្សាយឲ្យគេស្គាល់យ៉ាងទូលំទូលាយ ហើយទី២គាត់ជួយក្នុងវិស័យនេះឲ្យមានការយល់ដឹង និងមានការគាំទ្រច្រើន។ អញ្ចឹងបើគ្មានទស្សនិក និងបើគ្មានសិល្បៈខ្មែរអមតៈទេ ការងារទាំងនេះនឹងមិនទៅមុខ។ ហើយសំខាន់បំផុតនោះគឺទម្រង់សិល្បៈមួយនេះកំពុងតែរស់ឡើងវិញ។ សិល្បករទាំងអស់ សប្បាយចិត្ត និងរំភើបមែនទែន»។
រាល់សាច់រឿងពីសង្គមណាមួយបង្ហាញតថភាពនៅក្នុងសង្គមនោះ។ ណារីម បាននិយាយទៀតថា ការលើកយកសាច់រឿង «លិនថោង» មកសម្តែង ដំបូងឡើយពោរពេញដោយការពិភាក្សា ជជែកវែកញែកថា តើគួរឬទេដែលត្រូវកែសម្រួលសាច់រឿងនេះ ដើម្បីឲ្យសមស្របទៅនឹងតថភាពសង្គមបច្ចុប្បន្ន និងការអបរំសីលធម៌សម្រាប់មនុស្សជំនាន់ក្រោយនេះ? ក្រោយមក ក្រុមសិល្បករក៏សម្រេចចិត្តរក្សាសាច់រឿងដដែល យកលំនាំតាមប្រភពដើមនៃរឿងនេះ គឺត្រលប់ទៅរាប់រយឆ្នាំមុន ដែលវាឆ្លុះបញ្ចាំងសង្គមកាលពីសម័យនោះ ទោះជាក្រាំងបុរាណត្រូវបានបាត់បង់ទៅហើយក្តី។ សាច់រឿងដើមនេះនិទានតៗគ្នាពីសិល្បករដែលនៅរស់ និងបានពីការស្រាវជ្រាវឯកសារបន្ថែម។
រឿង «លិនថោង» គឺជារឿងដែលនិយាយអំពីការទាមទារសេរីភាពរបស់ព្រះនាង ខ្លាំ ភូ ដែលមានព្រះទ័យស្នេហាចំពោះព្រះអង្គម្ចាស់លិនថោង។ សេរីភាពដែលព្រះនាងចង់បាននេះ ចម្រូងចម្រាសទៅនឹងគំនុំព្រះបិតារបស់នាង ព្រះនាម អកលយក្សជាស្តេចនៃនគរយក្ស ដែលគុំគួនលើព្រះអង្គម្ចាស់ លិន ថោង។ អកលយក្សផ្តន្ទាស្នេហានេះថាជាអ៉ាមាស់ដល់ព្រះនគរ ហើយទ្រង់ប្រកាសសង្គ្រាម នឹងព្រះអង្គម្ចាស់ លិន ថោង។
ណារីម និយាយថា៖
«រឿងមួយដែលខ្ញុំចាប់អារម្មណ៍ចង់លើកឡើងគឺ លោកយាយ [សិល្បករចាស់ៗ] គាត់ថាចង់ឲ្យសាច់រឿងទៅតាមបរិបទសង្គម។ អញ្ចឹងគាត់ចង់ច្នៃសាច់រឿងដើម្បីឲ្យ លិនថោង អនុគ្រោះដល់អកលយក្ស ដោយសំអាងលើការចង់អប់រំ ដោយយកធម៌បង្ក្រាបអធម៌។ ប៉ុន្តែធាតុពិតនៃរឿងបុរាណគឺវាសំខាន់ខុសពីរបាំ។ ដោយសាអី? គឺរឿង ជាការបង្ហាញតថភាពសង្គមជាចាំបាច់។ ឧទាហរណ៍នៅក្នុងសង្គមនោះកាលនោះ បើសិនជាខ្ញុំចង់ធ្វើរឿងហ្នឹង គឺវាបង្ហាញថាខ្ញុំគឺជាខ្ញុំ នៅពេលហ្នឹង… តែសង្គមនេះមានផ្លាស់ប្តូរ។ ទោះជាយ៉ាងណា ការរក្សាសាច់រឿងគឺសំខាន់។ … ដូច្នេះសាច់រឿងពិតគឺលិនថោងគាត់មកសងសឹក ហើយបើគាត់មកសងសឹកគាត់ត្រូវតែសម្លាប់ស្តេចអកលយក្ស អញ្ចឹងបើគាត់មកដល់គាត់មិនលើកលែងទេ»។
ការដែលអាចនាំយកល្ខោនបុរាណ រឿងលិនថោង ឲ្យសាធារណជនបានទស្សនាជារឿងជោគជ័យមួយព្រោះវាបានបង្ហាញថាមានការសិក្សាស្រាវជ្រាវបានកើតឡើងបន្ថែមអំពីល្ខោនបុរាណ។ ណារីម បាននិយាយថា៖ «ពួកយើងបានបន្តការស្រាវជ្រាវយ៉ាងទូលំទូលាយនិងយកចិត្តទុកដាក់ ហើយយើងបានជួយបង្ហាញផ្លូវដល់សិល្បករ និងជួយឲ្យចាស់បានរំលឹកឡើងវិញនូវអ្វីៗដែលធ្លាប់តែស្ថិតនៅក្នុងការចងចាំរបស់គាត់ ឲ្យបានបង្កើតចេញជាឯកសារ ជាសំនេរ និងជារូបភាពជាក់ស្តែង»។
ពុំ សុខឃីម ជាប្រធានដឹកនាំសិល្បករសម្តែងល្ខោនបុរាណវត្តកៀនស្វាយក្រៅ បាននិយាយថា៖ «ក្រោយសម្តែងរួចយើងទទួលបានសំឡេងទះដៃគាំទ្រពួកយើងយ៉ាងខ្លាំង។ ហើយខ្ញុំបានលឺទស្សនិកជនយើងមកប្រាប់ជាមតិយោបល់ថា យើងសម្តែងបានល្អមែនទែន។ មានទាំងអ្នកលើកមេដៃឲ្យជាសញ្ញាថែមទៀត។ ពួកគាត់គាំទ្រយើងខ្លាំង ហើយថាពួកគាត់ស្រលាញ់សាច់រឿង លិនថោងនេះ។ ខ្ញុំគិតថាសាច់រឿងនេះបានទាក់ចិត្តមនុស្សជាច្រើននាក់។ ហើយខ្ញុំសប្បាយចិត្តខ្លាំងមែនទែន»។
សុខឃីម គឺជាសិស្សរបាំបុរាណ តាំងពីឆ្នាំ១៩៩៨។ បច្ចុប្បន្នអ្នកស្រីបង្រៀនសិស្ស ប្រមាណ ១០នាក់សុទ្ធតែជាសិស្សស្រីៗក្នុងរោងល្ខោនបុរាណ។ ធំដឹងក្តីឡើងនៅឃុំគគីរ ស្រុកកៀនស្វាយ អ្នកស្រីបានបានចាប់ផ្តើមរៀនសម្តែងរបាំ និងល្ខោននៅក្នុងភូមិ ហើយមួយឆ្នាំក្រោយមកក្នុងឆ្នាំ១៩៩៩ បានជួបគ្នានឹង ណម ណារីម។ អ្នកទាំងពីរគឺជាសិស្សល្ខោនបុរាណ ដំបូងបំផុត ហើយក្លាយជាដៃគូរ ដែលសហការគ្នា។ អ្នកទាំងពីរបានឃើញភាពល្អឯក នៃល្ខោននេះ តាំងពីពេលពួកគេចាប់ផ្តើមហាត់តាំងពីដំបូងមក ហើយបានធ្វើការរួមគ្នាក្នុងការគ្រប់គ្រង អភិរក្ស និងថែរក្សាទម្រង់សិល្បៈនេះ។
សុខឃីមនិយាយទៀតថា៖ «និយាយទៅខ្ញុំចូលចិត្តអ្វីដែលជារបស់បុរាណៗ ពិសេសគឺអ្វីដែលជាកេរ្ត៍តំណែលដូនតាជំនាន់មុនបង្កើត និងរក្សាទុកឲ្យ។ ខ្ញុំលើកទឹកចិត្ត ហើយចង់ឲ្យក្មេងៗជំនាន់ក្រោយៗទៀតបានមករៀនល្ខោនបុរាណ និងរបាំបុរាណ។ ខ្ញុំនៅគិតថាមានមនុស្សតិចនៅឡើយដែលស្រលាញ់របស់បុរាណៗ ឬអ្វីដែលចាស់ៗ។ ដូច្នេះហើយខ្ញុំចង់តែរក្សាវា ហើយនឹងបន្តបង្រៀនសិស្សជំនាន់ក្រោយបន្ថែម អ្នកដែលស្រលាញ់វប្បធម៌បុរាណ ហើយចង់រក្សារបស់អស់ទាំងដែលជាព្រលឹងជាតិ។ ខ្ញុំបារម្ភថាបើយើងអត់ឲ្យតម្លៃរបស់ទាំងនោះទេ អ្នកក្រោយៗទៀតនឹងស្វែងរកហើយតាមអ្វីដែលជាវប្បធម៌របស់បរទេស និងភ្លេចអ្វីដែលជារបស់ខ្លួនឯង»។