របាំប្រពៃណី

«របាំប្រពៃណី» ជាប្រភេទរបាំដែលស្ថិតនៅជាប់នឹងពិធីប្រពៃណីដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬ ជនជាតិដទៃទៀតដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះនៅតំបន់ផ្សេងៗគ្នា ដូចជា តំបន់ភ្នំ ខ្ពង់រាប វាលទំនាប ទន្លេមេគង្គ និងតំបន់មាត់សមុទ្រ ។ ឧទាហរណ៍ដូចជា របាំភោគផល របាំគែន របាំបេះក្រវ៉ាញ ជាដើម ។

ថ្ងៃសម្ដែង៖
៩ ខែធ្នូ

ទីតាំង៖
ឧទ្យាន Coconut Park

«របាំភោគផល» ឬ «របាំតូណៃទីន»

ជារបាំដែលគេច្នៃបង្កើតឡើងដោយផ្អែកលើប្រពៃណីជនជាតិដើមភាគតិច រស់នៅក្នុងខេត្តមណ្ឌលគិរីនិងរតនគិរី ពោលគឺទំនៀមធ្វើកសិកម្មតាមបែបកាប់ឆ្ការព្រៃរួចដុត (កសិកម្មពនេចរ) ។ របាំនេះ បង្ហាញពីការដាំស្រូវចម្ការ គឺបុកដាំដោយប្រើឈើ «ច្រឹង» និងការប្រមូលផលស្រូវដោយបូតនឹងដៃ ។ ភ្លេងកំដររបាំនេះគឺ «គង» ។ របាំភោគផល បានបង្កើតឡើងនៅឆ្នាំ ១៩៦៥ ដោយ លោក ឆេង ផុន, លោក ហង្ស សុត, លោក ភឹម ឈៀង, លោក គង់ វុធ និងលោក ច្រង់ ព្រឿង ។

«របាំគែន»

ជារបាំដែលគេច្នៃបង្កើតឡើងដោយផ្អែកលើការលេងឧបករណ៍តន្ត្រីមួយឈ្មោះថា «គែន» ។ របាំនេះ បង្ហាញអំពីពួកកម្លោះផ្លុំគែនដើម្បីចែចង់ស្ត្រីៗ ។ នៅខាងចុងឧបករណ៍គែន មានចងលម្អដោយរំយោលផ្កាយ៉ាងស្រស់ស្អាត ។ របាំគែន បានបង្កើតឡើងនៅឆ្នាំ ១៩៦៦ ដោយ លោកគ្រូ ប៉ុល សំអឿន និងចេញសម្តែងនៅឆ្នាំ ១៩៦៨ ។

«របាំបេះក្រវាញ»

ដកស្រង់ចេញពីប្រពៃណីរបស់ជនជាតិភាគតិចព័រ រស់នៅស្រុកក្រវាញ ខេត្តពោធិ៍សាត់ ។ ក្រវាញ ជារុក្ខជាតិកម្រ ច្រើនដុះនៅតែតំបន់ភ្នំ ហើយផ្លែរបស់វាអាចយកទៅប្រើធ្វើជាថ្នាំកែរោគ ។ របាំបេះក្រវាញ បង្ហាញពីការរៀបពិធីបូជាដល់អារុក្ខអារក្សអ្នកតា មុននឹងចេញទៅបេះក្រវាញ ដើម្បីសុំសេចក្តីសុខនិងប្រមូលផលក្រវាញឱ្យបានច្រើន ។ របាំនេះ បានដំឡើងដោយ លោក ម៉ៅ សោភ័ណ, លោក ម៉ៅ កេង, លោក រស់ សំណាង, លោក ម៉ៅ ប៊ុណ្ណា, អ្នកស្រី យឹម សាណាក់, អ្នកស្រី អ៊ុយ លត្តាវណ្ណ ។

កម្រងរូបភាព