មហោស្រព ៧ ពណ៌ គឺជាវេទិកាសិល្បៈមួយ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើការ
សិក្សាស្រាវជ្រាវលើភាពច្នៃប្រតិដ្ឋរបស់យុវជន ដែលមានបទពិសោធន៍តិចក្នុងវិស័យសិល្បៈ
ឬគ្មាន ក្នុងការរៀបចំមហោស្រពសិល្បៈមួយ ដែលអាចជួយទាញចំណាប់អារម្មណ៍យុវជនទូទៅមកចូលរួម និងក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងការងារអភិវឌ្ឍន៍សង្គមតាមរយៈសិល្បៈប្រកបដោយភាពចម្រុះ និងបរិយាបន្នសង្គម។ កម្មវិធីមហោស្រពទាំងមូល ត្រូវបានរចនាឡើងដោយយុវជនហាត់ការចំនួន ៤ រូប ដែលមានសាវតារខុសៗគ្នា និងមានបទពិសោធន៍សិល្បៈតិចតួចឬគ្មានសោះតែម្តង ហើយមហោស្រពនេះក៏ជាវេទិកាស្រាវជ្រាវទៅលើ ភាពច្នៃប្រតិដ្ឋរបស់យុវជនក្នុងការរចនាកម្មវិធីមហោស្រពសិល្បៈមួយដើម្បីទាញចំណាប់អារម្មណ៍យុវជនទូទៅ។
«ប្រាំពីរពណ៌» នៅក្នុងបរិបទនេះ គឺសំដៅដល់ការបង្ហាញពីពណ៌ចម្រុះដែលប្រៀបដូចទៅនឹង មនុស្សនៅក្នុងសង្គមដែលមានភាពចម្រុះច្រើនបែបយ៉ាង ដូចជា ភាពចម្រុះនៃជាតិសាសន៍ ពណ៌សម្បុរ ជំនឿ អាយុ យេនឌ័រ ។ល។ ហេតុអ្វីយើងប្រើលេខ «៧» មិនមែន លេខ «៨»? «លេខប្រាំពីរ» ដកស្រង់ចេញពី ៧ ថ្ងៃក្នុងមួយសប្តាហ៍ ហើយលេខនេះតំណាងឱ្យពេលវេលារួមដែលមនុស្សគ្រប់ជាតិសាសន៍ទាំងអស់នៅលើពិភពលោកមិនអាចចៀសផុតបាន។ ហេតុនេះហើយបានជាយើងជ្រើសរើសលេខ«ប្រាំពីរ» នេះ ដើម្បីតំណាងឱ្យមនុស្សជាតិ និងភាពចម្រុះនានា។
ដែកទាម គឺជាឧបករណ៍ប្រើប្រាស់ក្នុងស្ថាបត្យកម្មសម័យបុរាណ សម្រាប់ភ្ជាប់ពីថ្មមួយទៅថ្មមួយក្នុងការកសាងប្រាសាទ។ «ដែកទាម» ត្រូវបានលើកយកមកធ្វើជាមូលបទសម្រាប់មហោស្រពនេះ ដើម្បីជាតំណាងដល់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងសិល្បៈ យុវជន និងសង្គម។ ដើម្បីបង្កភាពងាយស្រួលក្នុងការរំលេចអំពីទំនាក់ទំនងរវាងយុវជន សិល្បៈ និងសង្គម មូលបទរងចំនួនបីត្រូវបានបង្កើតឡើងទៅតាមថ្ងៃនីមួយៗរបស់មហោស្រព៖ «យុវជន និងអតីតកាល», «យុវជន និងបច្ចុប្បន្នកាល» និង «យុវជន និងអនាគតកាល» ។ មូលបទរងទាំងនេះ មានគោលបំណងញ៉ាំងឱ្យយុវជនរំឭកពីអនុស្សាវរីយ៍និងរឿងរ៉ាវអតីតកាលដែលពួកគាត់ធ្លាប់មានជាមួយវប្បធម៌និងសិល្បៈ, មើលឃើញពីចំណុចដែលខ្លួនឈរក្នុងសង្គមនាពេលបច្ចុប្បន្ន និងកំណត់គោលដៅរបស់ខ្លួនទៅថ្ងៃអនាគត។
មហោស្រព ៧ ពណ៌ ក្រោមមូលបទ «ដែកទាម»
-
សុក្រ ទី ៨ «យុវជននិងអតីតកាល»
Read more: សុក្រ ទី ៨ «យុវជននិងអតីតកាល» -
សៅរ៍ ទី ៩ «យុវជននិងបច្ចុប្បន្ន»
Read more: សៅរ៍ ទី ៩ «យុវជននិងបច្ចុប្បន្ន» -
អាទិត្យ ទី ១០ «យុវជននិងអនាគត»
Read more: អាទិត្យ ទី ១០ «យុវជននិងអនាគត»