អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២៣

សុខ ណាលីស

បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអតីតសិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព។ ខ្ញុំបានសម្តែងនៅក្នុងព្រឹត្តិការណ៍ផ្សេងៗលើឆាកជាតិ និងអន្តរជាតិចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្ន។ ខ្ញុំក៏ធ្លាប់បានដឹកនាំការសម្តែង និងតម្លើងស្នាដៃសិល្បៈមួយចំនួន ដើម្បីយកទៅសម្តែងនៅក្នុងព្រឹត្តិការណ៍ផ្សេងៗទាំងក្នុងប្រទេសនិងក្រៅប្រទេស។ លើសពីនោះខ្ញុំក៏ធ្លាប់បានចូលរួមក្នុងកិច្ចការចងក្រង និងថតរូបឯកសាររបាំក្បាច់បូរាណជាមួយសាស្ត្រាចារ្យ និងរៀមច្បងមួយរយៈពេលខ្លី។

គម្រោង វេទិកា “នាដ ឬ My body is made for dancing”

វេទិកា “នាដ ឬ My body is made for dancing” នឹងជាវេទិកាសិល្បៈនៅលើបណ្តាញសង្គមខុសប្លែកពីគេ ដែលផ្តោតទៅលើការបង្ហាញឱ្យស្គាល់ច្បាស់ អំពីសិល្បៈ អ្នកសិល្បៈ ដំណើរនៅក្នុងវិថីសិល្បៈរបស់ពួកគេ និងផ្នត់គំនិតរបស់ពួកគេចំពោះអាជីពជាសិល្បករ និងចំណុចដែលជាកម្លាំងជម្រុញ  ដល់សិល្បករវ័យក្មេង ក៏ដូចជាមហាជនទូទៅ។ វេទិកានេះ សង្កត់ធ្ងន់ទៅលើការធ្វើឱ្យសិល្បៈបូរាណនិងបរិបទសម័យបច្ចុប្បន្នផ្សាភ្ជាប់គ្នា តាមរយៈការផលិតវីដេអូដែលមានគុណភាព រសនិយមបែបសម័យបច្ចុប្បន្ន មានភាពទាក់ទាញ និងមានលក្ខណៈធូរស្រាលនិងមានផាសុខភាព ជាមួយនឹងមាតិកាមានអត្ថប្រយោជន៍ ដកស្រង់ពីប្រភពច្បាស់លាស់ និងមានសុក្រិតភាព។​ គម្រោងមួយនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងចូលរួមចំណែកដល់សង្គម ក្នុងពេលតែមួយគឺដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនមួយជំហានទៀតក្នុងការសាកល្បងការបង្កើតថ្មី ក៏ដើម្បីជាអត្ថប្រយោជន៍ដល់អ្នកជំនាន់ក្រោយដែលស្រលាញ់ កំពុងសិក្សាសិល្បៈក៏ដូចជាកំពុងស្វែងរកគោលដៅក្នុងវិថីសិល្បៈ ព្រមទាំងមហាជនទូទៅដែលពុំទាន់បានយល់និងស្គាល់ពីសិល្បៈបូរាណច្បាស់។

ហួត ប៊ុន្នី

បានទទួលការបណ្តុះបណ្តាលផ្នែករបាំប្រពៃណីប្រជាប្រិយខ្មែរ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិល្បៈ ឯកទេសដឹកនាំរឿង របាំប្រពៃណី​​ នៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្រៅពីជំនាញរាំ និងតម្លើងស្នាដៃរបាំ ប៊ុន្នីបានចាប់យកអាជីពមួយផ្សេងទៀត គឺជាអ្នកសម្របសម្រួលដំណើរការសម្តែង។ ។ ចាប់ពីពេលនោះមក ប៊ុន្នីបានបន្តកិច្ចការក្រៅម៉ោងធ្វើការជាអ្នកសម្របសម្រួលផលិតកម្ម  និងកម្មវិធីសិល្បៈជាច្រើន រួមទាំងល្ខោន Rock opera ទីដំរីយំ Where Elephants Weep, Cambodian Youth Arts Festival, Season of Cambodia festival in New York, Mahabharata និងបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ជប៉ុន វៀតណាម និងរវ៉ាន់ដា។ល។ ប៊ុន្នីបានទទួលការស្នាក់នៅដើម្បីរៀនអំពីគ្រប់គ្រងផលិតកម្មរយៈពេលពីរខែ ជាមួយក្រុមរបាំដ៏ល្បីល្បាញដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក គឺ Mark Morris Dance Group (MMDG) និងមានលោក Johan Henckens ជាអ្នកបង្ហាត់។ មិនត្រឹមកិច្ចការគ្រប់គ្រងឆាក គាត់ក៏បានចូលរួមក្នុងកម្មវិធី MASTERCLASS លើការរចនាភ្លើងបំភ្លឺឆាក Lighting Design for Dance ដែលត្រូវបានបណ្តុះបណ្តាលដោយ Jennifer Tipton ដែលជាអ្នករចនាភ្លើងបំភ្លឺដ៏ល្បីល្បាញ។ ប៊ុន្នីបានធ្វើជាប្រធានគ្រប់គ្រងបច្ចេកទេស និងជាអ្នកសម្របសម្រួលដំណើរការសម្តែងអោយកម្មវិធី សិល្បៈដើម្បីសន្តិភាព Art for Peace និង កម្មវិធីរដូវវប្បធម៌ ឆ្នាំ២០២១ ឆ្នាំ ២០២២ និង ឆ្នាំ ២០២៣ របស់អង្គការសិល្បៈខ្មែរអមតៈ។

គម្រោង «ថ្ងៃមុនខ្ញុំសម្តែង ថ្ងៃនេះខ្ញុំមើលការសម្តែង»

គឺជាចំណងជើងរបស់កម្មវិធីសិក្ខាសាលាមួយដែលនឹងចែករំលែកបទពិសោធន៍ជំនាញគ្រប់គ្រងដំណើរការសំដែង (Stage management) ការតុបតែងឆាក និងរចនាពន្លឺឆាក (Stage and lighting design)  និងការណែនាំអោយស្គាល់អំពីសមសភាពអ្នកចូលរួមនៅក្នុងផលិតកម្មទស្សនីយភាពសិល្បៈមានដូចជា៖ អ្នកដឹកនាំរឿង (Director) អ្នកនិពន្ធរឿងល្ខោន (playwritter) អ្នកសម្តែង (Artists)   អ្នករចនាពន្លឺ និងតុបតែងឆាក (Stage and lighting designer)  អ្នករចនាសំលៀកបំពាក់ (Costume Designer)  ប្រធានគ្រប់គ្រងបច្ចេកទេស (Technical Director)    អ្នកគ្រប់គ្រងដំណើរការសម្តែង (Stage manager)   អ្នកបច្ចេកទេសឆាក (Stage Crews)។ល។  សិក្ខាកាមនឹងយល់ដឹងអំពីការគ្រប់គ្រងទស្សនីយភាពសិល្បៈនៅលើឆាកសម្តែងដែលមានលក្ខណះអន្តរជាតិ។

ស៊ុំ ស៊ីថែន

ចាប់តាំងពីឆ្នាំ២០០៩មក លោក ស៊ុំ ស៊ីថែនបានគៀងគរអ្នកស្រឡាញ់ ភាពយន្តជាងរាប់ពាន់នាក់ ដើម្បីកសាគ្រឹះរបស់ពួកគេ ផលិត និងបង្ហាញស្នាដៃរបស់ពួកគេ តាមរយៈសិក្ខាសាលា និងដំណើរថតភាពយន្តខ្លីៗ ជាពិសេសតាមរយៈ «មហោស្រពភាពយន្តខ្លីចតុមុខ»។ នៅចុងឆ្នាំ២០១៨ លោកបានបញ្ចប់វគ្គសិក្សាផ្នែកគ្រប់គ្រងការផលិតភាពយន្តរយៈពេល៦ខែ ពីសាលា Busan Asian Film School(ប្រទេសកូរ៉េ)។ បន្ទាប់ពីបានស្ថាបនា «ក្រុមភាពយន្តឈូករ័ត្ន» នៅចុងឆ្នាំ២០១៧ និងចុះបញ្ជី«អង្គការភាពយន្តឈូករ័ត្ន» នៅឆ្នាំ២០១៩ លោកក៏បានបន្តបេសកកម្មរបស់លោក ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា និងជនជាតិដើមភាគតិច ក៏ដូចជាលើកបង្ហាញ ស្នាដៃរបស់ពួកគេជាបន្តបន្ទាប់។ ចាប់តាំងពីឆ្នាំ២០១៩មក លោកបានពង្រីកទំនាក់ទំនងរបស់«មហោស្រពភាពយន្តខ្លីចតុមុខ» ជាមួយមហោស្រពដទៃទៀត ដូចជានៅជប៉ុន ចិន និងប្រទេសដទៃទៀតនៅអាស៊ីអាគ្នយ៍។

គម្រោង «មហោស្រពភាពយន្តខ្លីចតុមុខ»

«មហោស្រពភាពយន្តខ្លីចតុមុខ» (ឬហៅខ្លីថា «ចតុមុខ») ជាមហោស្រពភាពយន្តខ្លី លំដាប់អន្តរជាតិធំជាងគេនៅកម្ពុជា ដែលមានការទទួលស្គាល់កម្រិតអន្តរជាតិ។ មហោស្រពនេះ កកើតតាំងពីឆ្នាំ២០១២មកម៉្លេះ  ដោយដើរតួនាទីជាស្ពានចម្លងដល់សមិទ្ធករឯករាជ្យណាដែលចង់ទទួលបានឱកាស និងអាជីពកាន់តែប្រសើរ ក្នុងវិថីការងារភាពយន្តរបស់ខ្លួន។ ដូច្នេះ «ចតុមុខ» ជាវេទិកា ដ៏ងាយបំផុតមួយនៅកម្ពុជា ដើម្បីអនុញ្ញាតិឱ្យសមិទ្ធករថ្មោងថ្មី បង្ហាញស្នាដៃច្នៃប្រតិដ្ឋរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពចំណាយ ទៅកាន់មហាជន និងវេទិកាអន្តរជាតិ និងពាក់ព័ន្ធផ្សេងៗទៀត។

ហួត ហឿន

បច្ចុប្បន្នគឺជា គ្រូបង្រៀនផ្នែកសាលាសម្តែង ( ល្ខោន ) ប្រវត្តិការងារ។​ ចូលហ្វិកហាត់ការសម្តែងនៅសមាគមន៍ហ្វារពន្លឺសិល្បៈ តាំងពីឆ្នាំ ២០០៦​ រហូត​ដល់ឆ្នាំ២០១២ និង ក្លាយទៅជាបុគ្គលិករបស់សមាគមន៍ហ្វារពន្លឺសិល្បៈនៃសាលាទស្សនីយភាពផ្នែកសម្តែងចាប់ពីឆ្នាំ២០១២ មកដល់ឆ្នាំ ២០២៣ ។ ធ្លាប់បានឆ្លងកាត់ការបណ្តុះបណ្តាល គរុកោសល្យក្នុងការបង្រៀន​ ការតម្លើងសាច់រឿង និង ការដឹកនាំ ការតែងនិពន្ធ ជាសិល្បករសម្តែង នឹងបានចូលរួមក្នុងវគ្គសិក្ខាសាលាផ្សេង……….។

គម្រោង ល្ខោន «ថ្ងៃនេះមិនចាំថ្ងៃស្អែក»

ការសម្តែងល្ខោន «ថ្ងៃនេះមិនចាំថ្ងៃស្អែក» (ទម្រង់ល្ខោននិយាយ  ប្រធានបទអំពីសូជី)​ រូមទាំងមានសិក្ខាសាលាអំពីល្ខោន ដែលបណ្តុះបណ្តាលអំពីការតម្លើងសាច់រឿង និងការសម្តែង។

អ៊ូ គង្គា

កើតឆ្នាំ១៩៨៩ នៅខេត្តព្រះសីហនុ។ ពីឆ្នាំ២០០៧-២០១១ បានសិក្សាបរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកបុរាណវិទ្យា។ នៅឆ្នាំ២០១២បានធ្វើការឲ្យស្ថាប័នស្រាវជ្រាវនៅខេត្តសៀមរាប​ និងភ្នំពេញ។ ចាប់ពីឆ្នាំ២០១៣មកទល់បច្ចុប្បន្ន មានតួនាទីជាបុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។ ក្រៅពីបំពេញការងារផ្នែកសិក្សាទីតាំងសំណង់ក្នុងឧទ្យានអង្គរ ខ្ញុំតែងចូលរួមស្រាវជ្រាវជាមួយក្រុមស្រាវជ្រាវបេតិកភណ្ឌអរូបីរបស់អាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាអំពី ជំនឿ ប្រពៃណី ទំនៀមទម្លាប់ និងស្នាដៃហត្ថកម្មផ្សេងៗរបស់សហគមន៍តំបន់អង្គរ។

គម្រោង ភ្លេងគ្រឹម

ភ្លេងគ្រឹម គឺជាភ្លេងកំដរពិធីមង្គលការមួយបែបរបស់អ្នកស្រុកក្នុងខេត្តសៀមរាប។ ទម្រង់ភ្លេងការមួយបែបនេះត្រូវអ្នកសៀមរាបស្គាល់ជាទូទៅ បើទោះជាសាច់ភ្លេងស្រដៀងនឹងភ្លេងអារក្ស ឬក៏ប្រើឧបករណ៍ដូចគ្នាក៏ដោយ។ គម្រោងនេះផ្តោតការសិក្សាលើវង់ភ្លេងគ្រឹម ក្នុងភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្ននេះ ទម្រង់ភ្លេងគ្រឹមកំពុងប្រឈមនឹងការបាត់បង់ ត្បិតគេនិយមជួលវង់ភ្លេងការដែលលេងតាមទម្រង់បែបសម័យដូចដែលយើងចំណាំឃើញលេងនៅទីក្រុង ឬតំបន់ផ្សារ។ ចំពោះសាច់ភ្លេង និងចម្រៀងបែបសម័យនេះ គេអាចស្រាវជ្រាវ ឬរៀនតាមយូធូបបានយ៉ាងទូលំទូលាយ។ តែបើជាប្រភេទវង់ភ្លេងគ្រឹមវិញ គឺខ្សត់កម្រណាស់ ត្បិតចំណេះនៅតែក្នុងចំនោមអ្នកប្រតិបត្តសព្វថ្ងៃ ហើយអ្នកចេះមិនមានច្រើន។ ការលែងនិយម លេង ជួល គាំទ្រ និងការលែងចាប់អារម្មណ៍ពីយុវជនជំនាន់ក្រោយនឹងធ្វើឲ្យភ្លេងនេះបាត់បង់ក្នុងពេលដ៏ខ្លី ឬអាចនិយាយថាផុតពីជំនាន់យើងបច្ចុប្បន្ននេះទៅ ភ្លេងនេះក៏នឹងរលត់បាត់ទៅតាមអ្នកចេះទាំងប៉ុន្មាននោះដែរ ដោយសារគ្មានឱកាសបានលេងញឹកញាប់ ឬផ្ទេរចំណេះបន្ត។ ម្ល៉ោះហើយ ការសិក្សាចងក្រង ផ្សព្វផ្សាយ និងផ្ទេរចំណេះទៅមនុស្សជំនាន់ក្រោយ គឺជាការងារចាំបាច់មិនអាចមើលរំលង ដើម្បីឲ្យមត៌កនេះបន្តគង់វង្ស។

កុសល ពីសី

កើតនៅឆ្នាំ១៩៨២ លោក កុសល ពីសី ទទួលបានសញ្ញាបត្រពីសាលាជាតិជាន់ខ្ពស់រូបថត ពីប្រទេស បារាំងក្នុងឆ្នាំ២០០៦។ ចន្លោះឆ្នាំ១៩៩៩ និង២០០៣ គាត់បានសិក្សាអក្សរសាស្ត្របារាំង ឯកទេស គ្រូបង្រៀន និងសារព័ត៌មាន។ គាត់ក៏បានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតនីតិអន្តរជាតិ នៅ ឆ្នាំ២០០៩ ផងដែរ។

កំឡុងពេលជាអ្នកព័ត៌មានគាត់បានអភិវឌ្ឍខ្លួនក្នុងវិស័យរូបថត និងវីដេអូ។ គាត់គិតថារូបថត ជាទម្រង់សិល្បៈផង និងជាមធ្យោបាយចោទពីបញ្ហាសង្គមផង។ រូបថតដំបូងជាបទយកការណ៍ស្តីពី អ្នកជីករ៉ែត្បូងខេត្តប៉ៃលិន។ ឆ្នាំ២០០២ គាត់បានចូលរួមថតរូបស្តីពីជាយក្រុងភ្នំពេញ។ ស្នាដៃចុងក្រោយ «ជំហានយឺត» ជាកម្រងសៀវភៅបង្ហាញអំពីការអង្កេតផ្ទាល់ខ្លួនជុំវិញតថភាពប្រចាំថ្ងៃ។

បច្ចុប្បន្ន លោក កុសល ពីសី បន្តថតរូបជុំវិញជាយក្រុងភ្នំពេញដែលកំពុងរីកធំឡើង ដូចជាគម្រោង «ភ្នំពេញភាគខាងត្បូង» និងនៅប្រទេសក្រៅ ដូចជាប្រទេសកូរ៉េខាងត្បូងជាដើម។ គាត់ក៏ជាគ្រូបង្រៀន មុខវិជ្ជាប្រវត្តិ និងទ្រឹស្តីរូបថតដល់និស្សិត។ លំហរ ទេសភាព មនុស្ស ពេលវេលា សុទ្ធសឹងតែជា ប្រធានបទត្រិះរិះ៕  

គម្រោង សិក្ខាសាលាទ្រឹស្តី និងអនុវត្តន៍ប្រវត្តិ និងទ្រឹស្តីរូបថត

ការបង្កើតស្នាដៃរូបថតមិនស្ថិតត្រឹមតែជាការថតរូបប៉ុណ្ណោះទេ! ​ដូចច្នេះហើយ ក្នុងក្របខណ្ឌនៃ សិក្ខាសាលាទ្រឹស្តី និងអនុវត្តនេះ មេរៀនត្រូវបានតាក់តែងឡើងជាគន្លឹះបង្កើនសមត្ថភាពនិស្សិតឈានទៅ រកអាជីពជាសិល្បកររូបថត អ្នកថតរូបឯកសារ អ្នកថតរូបសារព័ត៌មាន អ្នកថតរូបពាណិជ្ជកម្ម។ល។

សិក្ខាសាលាមានគោលដៅពីរសំខាន់ចំនួនបី។ ទីមួយជាឱកាសសម្រាប់និស្សិតទទួលបានមេរៀន ជុំវិញប្រវត្តិរូបថតទាំ​ងទិដ្ឋភាពថ្នាក់ជាតិ និងសាកល ចាប់តាំងពីការបង្កើតរហូតមកដល់សម័យឌីជីថល នេះ។ ទ្រឹស្តីនានានឹងត្រូវពន្យល់តាមរយៈស្នាដៃរបស់សិល្បករចំបងៗ។ ទីពីរ ក្រោយពីទទួលបានចំណេះ ដឹង និស្សិតមានលទ្ធភាពស្រាវជ្រាវ និងឈានទៅដល់ការបង្កើតស្នាដៃផ្ទាល់ខ្លួន។ ដើម្បីជួយ គាំទ្រគោល ដៅនេះ និស្សិតអាចលើកជាគំនិតទស្សនៈ ឬប្រធានបទ ដើម្បិបង្កើតជាគម្រោងរូបថត។ រៀងរាល់សប្តាហ៍ និស្សិតអាចលើកយកកិច្ចការមកបង្ហាញជូនក្នុងថ្នាក់ និងផ្តល់មតិទៅវិញទៅមក។ ទីបី ស្នាដៃនិស្សិតនឹង អាចដាក់បង្ហាញជាពិព័រណ៍រូបថត ឬជាការបោះពុម្ពផ្សាយរួមគ្នា។    
      
សិក្ខាសាលានេះនឹងមានផលជះត្រឡប់ដល់សង្គម រួមមានការបង្កើតស្នាដៃរូបថតសហសម័យ ចេញពីស្រទាប់និស្សិត ដែលឆ្លុះបញ្ចាំងពីពហុទិដ្ឋភាពមានជាអាទិ៍សង្គម សេដ្ឋកិច្ច បរិស្ថាន ជំនឿ សាសនា និងការអភិវឌ្ឍជាដើម។ ស្នាដៃរូបថតសហសម័យនឹងជាបេតិកភណ្ឌសម្រាប់សង្គមទាំងមូល និងជាការ ចងចាំសម្រាប់អ្នកជំនាន់ក្រោយ៕

សុិន ធួកណា

សព្វថ្ងៃកំពុងតែបំពេញការងារនៅ: Phare Creative Studio ខេត្ត បាត់ដំបង ខាងផ្នែក គំនូរជីចល ពេលទំនេរចូលចិត្ត: លេងកីឡា គូររូប ការបង្កើតថ្មី ចំរៀង មើលកុន
និងដើរកំសាន្ត ។ គោលបំណងអនាគត : ចង់ក្លាយជាអ្នក ច្នៃប្រណិតមួយនៅក្នុងប្រទេសកម្ពុជា ។

គម្រោង 1960s Fashion

1960s fashion គឺជាកម្មវិធីដើរបង្ហាញម៉ូត សំលៀកបំពាក់ នៃការកែឆ្នៃម៉ូតថ្មីៗ នាទស្សវត្ត៦០ នៅក្នុងទម្រង់ធំជាងមុនវែងជាងមុន ជាមួយគ្រាប់ត្បូង និងអង្កាមចំរុះពណ៍ដើម្បីរំលឹកនឹកដល់នៅភាពរីកចម្រើនយ៉ាងខ្លាំងខ្លា នៅវិស័យសិល្បៈ​រួមមាន ចំម្រៀង ភាពយន្ត ម៉ូតសម្លៀកបំពាក់ សំណង់អាគារ -ល- ។ ម្យ៉ាងវិញទៀត នៅក្នុងម៉ូតនីមួយៗ​ បានសំរិតសំរាំង និងដំណាងអោយសិល្បករ សិល្បការនី ទាំងអស់នៅក្នុងសម័យនោះផងដែរ ។

ខ្ញុំនឹងយកទម្រង់ម៉ូតសំលៀកបំពាក់នាសម័យនោះមកបង្កើតនៃប្រឌិតថ្មីមួយទៀតអោយកាន់តែអស្ចារ្យជាងមុខយើងអាចបង្ហាញនៅអត្តសញ្ញាណជាតិវប្បធម៌ទៅកាន់ពិភពលោកថាកម្ពុជាក៏កំពុងតែរីកសម្រើនលើវិស័យមួយនេះផងដែរ ។